ទៅលេងសមុទ្រ តើគួរថែទាំ ការពារសរសៃសក់ និងធ្វើសក់ម៉ូដបែបណា?

ដំបូងគេបំផុត បើចង់ទៅលេងសមុទ្រ ឬទៅកន្លែងណា ដែលអាចប៉ះនឹងពន្លឺថ្ងៃខ្លាំងៗនោះ ត្រូវប្រយ័ត្នរឿងសក់ខូចដោយ​សារកម្ដៅថ្ងៃ ឬកាំរស្មី UVមុនគេ ហើយបើត្រូវហែលទឹកផង ទោះជាហែលក្នុងទឹកអាង ឬក្នុងទឹកសមុទ្រក៏ដោយ សុទ្ធតែធ្វើឱ្យសក់ខូចបានទាំងអស់ ដូច្នេះអ្នកជំនាញផ្នែកសក់ សូមណែនាំឱ្យទៅធ្វើ Treatment ស្រោបសរសៃសក់ ដើម្បី​ជាការបិទស្រកាសរសៃសក់ មុន​ពេល​ទៅសមុទ្រ ទើបជាការល្អ។

ពេលទៅដល់សមុទ្រហើយ មុននឹងចេញទៅត្រូវពន្លឺថ្ងៃ ចូរបាញ់ស្រ្បៃយ៍ការពារកាំរស្មី UV ជាមុនសិន ឬវិធីងាយៗជាងនេះ គឺអាចប្រើឃ្រីមការពារកម្តៅថ្ងៃ (មិនថាប្រភេទឃ្រីម ឬប្រភេទប្រេងនោះទេ)លាបលើសក់ ក៏បានដូចគ្នា។

ចំណែកវិធីធម្មជាតិ ដែលជួយអប់សក់ផងដែរនោះ គឺប្រើប្រេងដូង ឬប្រេងម្កាក់ លាបលើសក់ទុកចោល ព្រោះកម្តៅពីពន្លឺថ្ងៃ នឹងជួយបើកស្រកាសរសៃសក់ ធ្វើឱ្យជាតិប្រេង ចូលទៅបំប៉នបានយ៉ាងជ្រៅ និងជួយស្រោបសក់ មិនឱ្យសារធាតុគីមីនៅក្នុងទឹកអាង ឬទឹក​សមុទ្រនោះ ចូលទៅបំផ្លាញបណ្តូលសរសៃសក់បានទៀតផង។

ម៉ូដសក់

ការពិតទៅ ការធ្វើម៉ូដសក់ ពេលទៅលេងសមុទ្រ គ្មានបែបបទតម្រូវឱ្យត្រូវតែធ្វើម៉ូដនេះ ឬម៉ូដនោះឡើយ ចំណុចសំខាន់ដែលត្រូវចងចាំនោះគឺ កុំធ្វើម៉ូដណា ដែលមើលទៅដូចអ៊ំស្រី ឬលោកយាយ ទៅបានហើយ។

សូមណែនាំថា មុននឹងទៅលេងសមុទ្រ គួរតែទៅតម្រឹមសក់ ឱ្យចេញជាម៉ូដបន្តិច តែហាមកាត់ ព្រោះក្នុងអំឡុងពេលដើរ​លេង យើងប្រហែលជាគ្មានពេលមើលថែទាំទេ ហើយទឹកសមុទ្រ អាចធ្វើឱ្យម៉ូដសក់ខូចបានយ៉ាងងាយទៀតផង។ គួរជ្រើសរើសម៉ូដណាដែលងាយស្រួលមើលថែទាំ និងងាយរៀបចំជារូបរាង ឬចងសក់បែបរលុងៗមកក្រោយក៏បានដែរ។

តិចនិក ១បែបទៀត ដែលឡា រ៉ែនចង់ណែនាំ ពេលទៅលេងសមុទ្រដែរនោះគឺ ការយកកន្សែងជូតមុខមករុំក្បាល ឬក៏យក​កន្សែងបង់កវែងៗ ស្តើងៗ ពណ៌ស្រស់ៗ មកឃ្លុំលើក្បាលបែបរលុងៗ ហើយពាក់វ៉ែនតាខ្មៅការពារពន្លឺថ្ងៃបន្ថែមពីលើ ១ទៀតក៏មើល​ទៅ​​​ស្រស់ស្អាត ​មិន​ធម្មតា​ដែរ៕

Advertisement