វិធីធ្វើឱ្យ រោមភ្នែកវែង ងឡើង បានដោយរូបមន្តធម្មជាតិ

រោមភ្នែកដែលវែង ង អាចនិយាយបានថា ជារឿងមួយដែលនារីៗយើង ប្រាថ្នាចង់បានគ្រប់គ្នា ព្រោះបើមានរោមភ្នែកវែង ងស្អាតហើយ​នោះ ទោះជាមិនចាំបាច់ថែមថយអ្វីច្រើន ក៏នៅតែស្អាតបានយ៉ាងធម្មជាតិដែរ បើមិនអ៊ីចឹងទេ មិនមែនគេខំផលិតរោមភ្នែកសិប្បនិម្មិត មកដាក់លក់សម្រាប់នារីៗយើងនោះទេ។ តែបើកញ្ញាៗដែលមានរោមភ្នែកខ្លីៗ និងចាប់ផ្ដើមធុញទ្រាន់នឹងការពាក់រោមភ្នែកសិប្បនិម្មិតនោះហើយ សូមសាកល្បងយករូបមន្តពីធម្មជាតិខាងក្រោមនេះ ទៅប្រើសាកលមើល៍ ធានាថា វានឹងជួយឱ្យរោមភ្នែករបស់អ្នកនាងនឹងឡើងវែង-ង-ស្អាត ដូចធម្មជាតិមិនខាន។

-ក្រូចឆ្មារ និងប្រេងម្កាក់

នៅក្នុងប្រេងម្កាក់ សម្បូរទៅដោយវីតាមីនE និងសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដែលនឹងជួយឱ្យរោមភ្នែករបស់នារីៗយើងឡើងវែង-ងស្អាតបានកាន់តែខ្លាំងជាងមុន។ ចំណែកទឹកក្រូចឆ្មារវិញ គឺជាប្រភពរួមរបស់វីតាមីនA និងC ដែលនឹងជួយឱ្យសរសៃសក់ និងរោមវែងឡើងបាន។ នៅ​ពេលយកទឹកប្រេងម្កាក់ ១ពែងមកលាយជាមួយសម្បកផ្លែក្រូចឆ្មារ ទុកចោល ១យប់ បន្ទាប់ពីនោះ ព្រឹកស្អែកឡើង ចូរយកជក់សម្រាប់សិតរោមភ្នែក មកជ្រលក់ទឹកល្បាយនោះ ហើយយកមកសិតរោមភ្នែករៀងរាល់ព្រឹក វានឹងជួយឱ្យរោមភ្នែកវែងឡើង និងងស្អាតជាងមុន។

-ប្រេងល្ហុងខ្វង និងផ្លែរ៉ូសមែរីស្រស់

នារីៗទាំងអស់ប្រហែលជាធ្លាប់បានដឹងច្បាស់ហើយថា ប្រេងល្ហុងខ្វង ជួយបង្ខំឱ្យសរសៃសក់ឆាប់វែងឡើងបាន តែមានចំណុចមិនល្អ១ គឺវាខាប់ ធ្ងន់ និងមានក្លិនមិនសូវល្អ តែបើចង់ឱ្យរោមភ្នែកវែងនោះ ក៏ប្រហែលជាត្រូវទ្រាំអត់ធ្មត់បន្តិចហើយ។ ចូរយកប្រេងល្ហុងខ្វង មកលាយ​ជាមួយផ្លែរ៉ូសមែរីស្រស់ បន្ទាប់មក យកទៅដាក់ចំហុយក្នុងចង្ក្រានម៉ៃក្រូវេហ្វ ក្នុងសីតុណ្ហភាពទាប ទុកចោលប្រមាណជា ១០នាទី រួចហើយសឹមយកជក់សិតរោមភ្នែកដែលស្អាត មកជ្រលក់នៅក្នុងល្បាយនោះ ហើយសិតវាសយឺតៗនៅលើរោមភ្នែក។ ចូរធ្វើ ពេលមុនចូលគេង ទើបជាការល្អ ព្រោះអ្នកនាងប្រហែលជា មិនចង់ចេញទៅក្រៅផ្ទះទាំងរោមភ្នែកស្អិតៗ និងធំក្លិនមិនល្អបែបនោះទេ មែនអត់?។

-តែបៃតង

នៅក្នុងទឹកតែបៃតង សម្បូរទៅដោយសារធាតុប្រឆាំងរ៉ាឌីកាល់សេរី និងមានគុណសម្បត្តិ សម្លាប់មេរោគបាក់តេរី ដែលមានប្រយោជន៍លើសលប់ចំពោះសរសៃសក់ និងដែលសំខាន់នោះគឺ វាថែមទាំងធ្វើឱ្យស្រទន់ខ្លាំង ប្រភេទដែលអាចហៅបានថា យកមកប្រើនៅជិតៗកែវភ្នែក ក៏មិនបណ្តាលឱ្យប៉ះពាល់អ្វីដែរ។ នៅពេលយកទឹកតែបៃតង មកលាបលើរោមភ្នែកហើយ វានឹងជួយឱ្យរោមភ្នែកមានសុខភាពល្អ និងវែងឡើងយ៉ាងធម្មជាតិ។

វ៉ាវ…ស្រស់ស្អាតបែបងាយៗយ៉ាងនេះ ក្រៅពីធ្វើឱ្យសន្សំសំចៃលុយកាក់បានហើយនោះ រូបមន្តទាំងនេះថែមទាំងប្រាសចាកសារធាតុ​គីមីទៀតផង។ បែបនេះប្រហែលជាត្រូវចិត្តនារីៗយើងច្រើននាក់ហើយមើលទៅ!៕

Advertisement