វិធីលាបឡេ យ៉ាងត្រឹមត្រូវតាមវិធី ដើម្បីស្បែកស្អាតម៉ដ្ឋខៃ

វិធីលាបឡេ ជារឿងងាយៗ ដែលកញ្ញាៗគ្រប់រូបត្រូវតែដឹង ព្រោះការលាបឡេ ដែលត្រឹមត្រូវតាមវិធី នឹងជួយធ្វើឱ្យសាច់ឡេ អាចធ្វើ​ការ​បានយ៉ាងមានប្រសិទ្ធភាព និងធ្វើឱ្យស្បែករបស់យើងស្អាត និងមានសុខភាពល្អទ្វេឡើងទៀតផង។

វិធីលាបឡេដែលត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ

 

-ការលាបឡេលើផ្ទៃមុខ

បរិមាណឡេ ដែលត្រូវលាបនៅលើផ្ទៃមុខម្តងៗនោះ ត្រូវឱ្យសមល្មម ប្រមាណជា ១ចុងម្រាមដៃ ចំពោះការលាបឡេ ១ដង ព្រោះបើតិចជាងហ្នឹងពេក ក៏ក្រទទួលបានលទ្ធផលដែរ ឬបើច្រើនជ្រុលពេកនោះ ក៏នឹងធ្វើឱ្យផ្ទៃមុខឡើងខ្លាញ់បានដែរ។ ពេលច្របាច់សាច់ឡេ​ ដាក់លើបា​ត​​​ដៃហើយ ចូរប្រើចុងម្រាមដៃ បៀកសាច់ឡេ មកដាក់លើផ្ទៃមុខទាំងអស់ ៥កន្លែង គឺថ្ងាស ច្រមុះ ថ្ពាល់ទាំងសងខាង និងចង្កា បន្ទាប់មក ចូរប្រើម្រាមនាងដៃ និងម្រាមកណ្តាលរបស់ដៃទាំង២ខាង កៀរប៉ាតសាច់ឡេយឺតៗ ចេញជារង្វង់ធំ ដោយដៃឆ្វេងកៀរប៉ាតទៅខាងឆ្វេង ដៃស្តាំកៀរប៉ាតទៅខាងស្តាំ ដោយចាប់ផ្តើមពីថ្ពាល់ តាមដោយបណ្តោយក្តោងច្រមុះ ក្រោមច្រមុះ ចង្កា និងថ្ងាស លើកលែងបរិវេណជុំវិញភ្នែក​។ ក្នុងអំឡុងពេលលាបឡេ ចូរប្រើទម្ងន់ម្រាមដៃឱ្យស្រាលបំផុត ព្រោះស្បែកមុខនារីៗយើង ស្តើងណាស់ បើប្រើទម្ងន់ដៃធ្ងន់ពេក អាចធ្វើឱ្យផ្ទៃមុខ​របស់​​យើង កើតមានស្នាមជ្រីវជ្រួញមុនអាយុបាន។

-ការលាបឡេ បរិវេណបំពង់ក

ការលាបឡេ នៅលើបំពង់កនេះ ចូរប្រើបរិមាណសាច់ឡេ ឱ្យស្មើគ្នានឹងការលាបលើផ្ទៃមុខដែរ ដោយចាប់ផ្តើមពីម្តុំគល់ក ដោយ​ប្រើចុងម្រាមដៃទាំងអស់លាបប៉ាតសាច់ឡេ ពីក្រោមឡើងទៅលើ។

-ការលាបឡេ បរិវេណដើមទ្រូង និងដងខ្លួន

ច្របាច់សាច់ឡេ ដាក់បាតដៃ និងប្រើចុងម្រាមដៃលាបអង្អែលជារង្វង់ៗ ឱ្យសព្វលើដើមទ្រូង បន្ទាប់ពីនោះសឹមលាបដេញចុះទៅរកក្បាលពោះ និងខ្នង។

-ការលាបឡេ លើបរិវេណដៃ

គួរលាបឡេ នៅលើបរិវេណដើមដៃផ្នែកខាងក្នុងមុនគេ រួចហើយសឹមលាបឡើងទៅបរិវេណដើមដៃផ្នែកខាងក្រោយ ដោយការប្រើចុងម្រាមដៃលាបអង្អែលយឺតៗ ដើម្បីឱ្យសាច់ឡេ ជ្រាបចូលទៅក្នុងស្បែកបានល្អ។

-ការលាបឡេ លើជើង

គួរចាប់ផ្តើមលាបឡេ ពីបរិវេណភ្លៅជាមុន រួចសឹមលាបចុះទៅរកចុងជើង ដោយត្រូវសង្កត់ធ្ងន់ លើបរិវេណស្មងជើងជាពិសេស ព្រោះបរិវេណនេះស្បែកហាក់ដូចជាស្ងួតខ្លាំងជាងកន្លែងផ្សេងទៀត។

បានដឹងពីការណែនាំល្អៗ សម្រាប់វិធីការលាបឡេ ដែលត្រឹមត្រូវហើយ ដូច្នេះចាប់ពីពេលនេះតទៅ ទោះជាអ្នកណាចង់ទិញឡេ តម្លៃថោក ឬថ្លៃប៉ុនណាមកប្រើក៏ដោយ ក៏មិនបាច់ភ័យថា ចំណាយលុយដោយអត់ប្រយោជន៍ដែរ៕

Advertisement