ហុងស៊ុយ​ផ្ទះ គឺជា​អ្វី?

យើង​អាច​ដឹងថា ហុងស៊ុយ គឺ​ការរៀបចំ​ទុកដាក់​របស់របរ ឬ​ការតុបតែង​ផ្ទះ តាម​ក្បួន​សាស្ត្រា​របស់​ជនជាតិ​ចិន​ដែលមាន​ច្រើនបែប ច្រើនយ៉ាង ច្រើន​តម្រា រហូត​មិនដឹងថា តើ​ត្រូវ​រៀបចំ​តុបតែង​តាម​តម្រា​មួយណា​ទើបត្រូវ​នឹង​គោលការណ៍​ហុងស៊ុយ​ពិតប្រាកដ​នោះឡើយ ហើយ​មាន​មនុស្ស​ជាច្រើន ក៏​នៅ​មិនទាន់​ដឹង​ច្បាស់​ទៀតផង​ថា តើ​ហុងស៊ុយ គឺជា​អ្វី? ។

ដូច្នេះ​យើង​នាំគ្នា​មក​មើល​ចម្លើយ ដែល​ពាក់ព័ន្ធ​នឹង​គោលការណ៍​ហុងស៊ុយ​ទាំងអស់គ្នា​ដូចតទៅ ៖

-ហុងស៊ុយ​គឺជា​អ្វី?

ការពិតទៅ ហុងស៊ុយ គឺជា​ក្បួន​សាស្ត្រា​នៃ​ការតុបតែង​ផ្ទះ ដែល​ភ្ជាប់​មនុស្ស​ជាមួយនឹង​សភាព​ជុំវិញខ្លួន ឱ្យ​រស់នៅ​ជាមួយគ្នា​បាន​យ៉ាង​ស័ក្តិសម បើកឱកាស​ឱ្យ​ថាមពល និង​រឿងល្អៗ វិល​ចូលមក​ក្នុងផ្ទះ បាន​យ៉ាង​ងាយស្រួល ដើម្បី​បង្កើន​ឱ្យ​ជីវិត​រស់នៅ​ក្នុងថ្ងៃនេះ និង​ថ្ងៃ​ខាងមុខ​ដំណើរការ​ទៅមុខ​យ៉ាង​ត្រឹមត្រូវ និង​ល្អឥតខ្ចោះ។

-ស្គាល់​ហុងស៊ុយ យ៉ាង​យល់ដឹង

សម្រាប់​មនុស្ស​ជំនាន់​ថ្មី ដែល​និយម​ធ្វើ​អ្វី​តាម​ចំណង់​ចំណូលចិត្ត និង​ប្រកាន់យក​ភាពងាយស្រួល​នោះ  អាច​នឹង​នៅ​មិនទាន់​ស៊ាំ​ធ្លាប់ ជាមួយនឹង​គោលការណ៍​របស់​ហុងស៊ុយ​ប៉ុន្មាន​ឡើយ ហើយ​បើទោះជា​ដឹង ក៏​អាច​ដឹង​តែ​បែប​ស្រពេចស្រពឹល​ប៉ុណ្ណោះ ទើប​ធ្វើឱ្យ​កើតមាន​ការយល់ដឹង​ពី​ហុងស៊ុយ​បែបខុសៗបាន។  ដូច្នេះ យើង​គួរតែ​ធ្វើការ​រៀនសូត្រ អំពី​ហុងស៊ុយ​ឱ្យបាន​ច្បាស់ ដោយ​ត្រូវ​ចាប់ផ្តើម​យល់ដឹង​ជាមុនសិន​ថា ហុងស៊ុយ​មិនមែនជា​ក្បួន​សាស្ត្រា​ការតុបតែង​ផ្ទះ ដែល​នឹង​ធានាបាន 100% ថា នៅពេលដែល​ធ្វើតាម​ហើយ នឹង​ជួយ​កែ​បញ្ហា​ជីវិត​ដែល​ស្មុគស្មាញ  បញ្ហា​រឿង​សុខភាព និង​សម្ព័ន្ធភាពផ្សេងៗ ឬក៏​ធ្វើឱ្យ​លោកអ្នក ក្លាយជា​អ្នកមាន​បាន ក្នុង 1ប៉ព្រិចភ្នែក​បាន​នោះទេ  និង​ថែមទាំង​មិនមែនជា​ភាពអាថ៌កំបាំង ឬ​វេទ​មន្តអាគម ដែល​អាច​ជុប​ឱ្យ​លោកអ្នក​សមបំណង​ប្រាថ្នា បាន​រៀងរាល់​ថ្ងៃនោះ ក៏​ទេ​ដែរ តែ​វា​ជា​ក្បួន​ដាក់តាំង តុបតែង​វត្ថុ មនុស្ស និង​សភាព​ជុំវិញ​ឱ្យបាន​សម​មាត្រ​គ្នា ដើម្បី​បង្កើន​ឱ្យ​ជីវិត មាន​ភាព​ឧ​ត្ត​ម​សម្បូរ សុខដ​មរ​មនា និង​ស្ថិតស្ថេរ​គង់វង្ស​ខ្លាំង​ឡើង។

-អត្ថន័យ​របស់​ហុងស៊ុយ

ដូចដែល​បាន​ប្រាប់​រួចមកហើយ​ថា ហុងស៊ុយ គឺជា​ក្បួន​សាស្ត្រា​របស់​ជនជាតិ​ចិន ដែល​កើតមាន​ជាង 4ពាន់​ឆ្នាំ​មកហើយ ដោយ​ពាក្យ​ថា «ហុង» មានន័យថា «ខ្យល់» និង​ពាក្យ «ស៊ុយ» មានន័យថា «ទឹក» ហើយ​ពេល​រួមគ្នា​ទៅ ក៏​ក្លាយជា ហុងស៊ុយ ដែល​នឹងមាន​អត្ថន័យពេញៗថា សាស្ត្រា និង​សិល្បៈ​នៃ​ការរៀបចំ​ទីកន្លែង ដោយ​ប្រកាន់យក​ទិស​ផ្លូវ របស់​ខ្យល់ និង​ទឹកជា​គោល ដើម្បី​ជួយ​បង្កើន​ឱ្យ​ជីវិត មាន​ភាព​ឧ​ត្ត​ម​សម្បូរ ស្ថិតស្ថេរ និង​ស្ងប់​សុខ​នៅក្នុង​ជីវិត​ហ្នឹងឯង។

-ទស្សនៈ តាមបែប​របស់​ហុងស៊ុយ

ជាគោលៗនោះ ហុងស៊ុយ​មាន​ទស្សនៈ​ក្នុង​បែប​ជារួម​គឺ  អ្វីៗគ្រប់យ៉ាង​នៅលើ​ពិភពលោក​នេះ សុទ្ធ​តែមាន​ថាមពល​របស់​ខ្លួនឯង​ទាំងអស់ មិនថាតែ​របស់របរ មនុស្ស ទីកន្លែង ឬ​សូម្បីតែ​សត្វ​ចិញ្ចឹម​ក៏ដោយ និង​សុទ្ធតែ​អាច​ផ្លាស់ប្តូរ និង​ធ្វើ​ចលនា​តាម​ឥទ្ធិពល​ទឹក និង​ខ្យល់​បាន​ទាំងអស់  ដូច្នេះ​ទើប​ហុងស៊ុយ​ព្យាយាម​រៀបចំ​ទុកដាក់អ្វីៗគ្រប់យ៉ាង​នៅលើ​ពិភពលោក​នេះ ឱ្យមាន​ភាព​សម​មាត្រ​គ្នា  ដោយ​ឱ្យ​ថាមពល «យីន» និង «យ៉ាង» ដែលជា​ថាមពល​នៃ​ការ​សាងអ្វីៗលើ​ពិភពលោក​នេះ កើតឡើង​បាន តាម​គោល​ជំនឿ​របស់​ជនជាតិ​ចិន​យ៉ាង​ស័ក្តិសម​បំផុត៕

Advertisement