ជួយ​កូន ឱ្យ​រៀន​យល់ដឹង តាមរយៈ​ការធ្វើ​កិច្ចការ​ផ្ទះ

ឪពុកម្តាយ​ខ្លះ អាច​កើត​អាការ​មិនត្រូវ​ចិត្ត (ខឹង) ភ្លាម​តែម្ដង ពេលដែល​កូន​ទាក់ អាក់ ឬ​គាំង ក្នុង​ចំណុច​ដែល​ខ្លួន​គិតថា “ងាយ” ឬ​ជួនកាល​កូន​ធ្វើ​ខុស ដោយសារតែ​មិនទាន់បាន​សង្កេតឃើញ​ចំណុច​អ្វី​ម្យ៉ាង​នោះ ឪពុកម្ដាយ ក៏​ស្រាប់តែ​បញ្ចេញ​អាការ​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ ធ្វើ​ដូច​រឿង​ទាំងនោះ លែង​អាច​កែកុន​អី​បាន​សោះ​អ៊ីចឹង…ធ្វើឱ្យ​បរិយាកាស​ក្នុង​ការធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន ក្លាយទៅជា​ស្រងូតស្រងាត់ ដូចគ្នា​នឹង​បេះដូង​របស់​កូន ដែល​ត្រូវ​ស្វិត​ទ្រោម​ក្នុង​គ្រា​នោះដែរ…។

បើ​មិន​ចង់ឱ្យ​អំឡុងពេល​នៃ​ការជួយ​កូន​ធ្វើ​កិច្ចការ​ផ្ទះ ក្លាយជា​អំឡុងពេល​ដ៏​អាក្រក់ សម្រាប់​ទាំង​ខ្លួន​លោកអ្នក និង​កូន​នោះ ឡា​រ៉ែ​ន​មាន​អត្ត​បទ​ស្រាវជ្រាវ​ដ៏​ល្អ​មួយ ដែល​នឹង​ណែនាំ​ពី​វិធី ធ្វើឱ្យ​ម៉ោង​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន ក្លាយជា​ម៉ោង​នៃ​ការរៀន​យល់ដឹង​ដ៏​ល្អ មក​ជម្រាបជូន ព្រោះ​អ្នកវិភាគ​ស្រាវជ្រាវ​បាន​រកឃើញថា ការដែល​ឪពុកម្តាយ “សម្លឹងមើលអ្វីៗជុំវិញខ្លួន​ក្នុងន័យ​វិជ្ជមាន ផ្តល់នូវ​ការគាំទ្រ និង​ផ្តល់នូវ​តម្លៃ​ចំពោះ​ការរៀន​យល់ដឹង “វា​នឹង​ក្លាយជា​ជំនួយ​ដ៏​សំខាន់​មួយ” ដែល​ធ្វើឱ្យ​កុមារ បាន​រៀន​ចេះដឹងយ៉ាងពិតៗ ពី​ទម្រង់​ហ្វឹកហាត់​ទាំងអស់នោះ។

Advertisement

ផ្ទុយទៅវិញ ការដែល​ឪពុកម្តាយ​សម្លឹង​ឃើញ​កិច្ចការ​ផ្ទះ​របស់​កូន គ្រាន់តែ​ជា​អ្វីមួយ​ដែល​ត្រូវធ្វើ​ឱ្យតែរួចៗពី​ដៃ ឬក៏​ត្រូវតែ​ធ្វើ​ចេញមក​យ៉ាង​ល្អ​ស្អាត​ជ្រុល​ហួសហេតុ​ពេក ល្អ​លើស​សមត្ថភាព​របស់​ក្មេង (ដោយ​ការបញ្ជា​ឱ្យ​សរសេរ​តាម ឬ​ឪពុកម្តាយ​ធ្វើ​ជំនួស) ដើម្បី​ចង់បាន​ពិន្ទុល្អៗ ពី​លោកគ្រូ​នោះ គឺជា​ការ​ទាញ​កូន ឱ្យ​ធ្លាក់​ក្នុង​រង្វង់​នៃ​ការរៀនសូត្រ ដែល​មិន​ត្រឹមត្រូវ​ទៅវិញ​ទេ។

ការវិភាគ​ស្រាវជ្រាវ​មួយ​នេះ បាន​សិក្សា​ពី​ទង្វើ​របស់​កុមារ ថ្នាក់បឋមសិក្សា​ទី4 ហើយ​និង​អាណាព្យាបាល​ចំនួន 134នាក់ ដោយ​អ្នកស្រាវជ្រាវ​មកពី​មហាវិទ្យាល័យ Bengurion ប្រទេស​អ៊ីស្រាអែល ដែល​លោក​វេជ្ជបណ្ឌិត Idit Kartz ម្ចាស់​ការងារ​វិភាគ​ស្រាវជ្រាវ​នេះ បាន​រៀបរាប់​ប្រាប់ថា៖

“ឪពុកម្តាយ អាចបង្កើត​ទំនោរ​ចិត្ត​ដល់​កូន ក្នុង​ការធ្វើ​កិច្ចការ​ផ្ទះ​បាន​ដោយ​ការយល់​ព្រមឱ្យកូនៗ ធ្វើ​កិច្ចការ​ផ្ទះ​ដោយ​ខ្លួនឯង មិន​ចូលទៅ​លូកលាន់​ជ្រុល​ហួសហេតុ​ពេក រួមទាំង​គួរ​មើលរំលង ការខុសឆ្គង​បន្តិចបន្តួច​ខ្លះ​ផង បើ​វា​ជាការ​ធ្វើឱ្យ​កុមារ​សប្បាយរីករាយ ក្នុង​ការធ្វើ​កិច្ចការ​ផ្ទះ​របស់​ពួកគេ​នោះ”

ក្រៅពីនោះ ការរៀបចំ​បរិយាកាស​ខាងក្នុង​ផ្ទះ ឱ្យមាន​ការទាក់ទាញ​ដល់​ការចង់​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កុមារ​ផង​នោះ គឺជា​រឿង​មួយ ល្អប្រសើរ​មែនទែន ព្រោះ​បើ​បរិយាកាស​ល្អ មាន​ឧបករណ៍​សម្រាប់​រៀន​គ្រប់គ្រាន់ កុមារ​នឹងមាន​អារ​ម្ម​ណ៏​ថា មានចិត្ត​ចង់​រៀន ចង់​ធ្វើ ជាមិនខាន៕

Advertisement