មូលហេតុ​នៃ​ការប្រព្រឹត្ត​របស់​កូន ស្ថិត​លើ​ការចិញ្ចឹម​មើលថែ​របស់​ឪពុកម្ដាយ

ការចិញ្ចឹមកូនៗ ឱ្យ​ពេល​ធំ​ឡើង​ក្លាយជា​មនុស្ស ដែល​ក្រុមគ្រួសារ​នឹក​សង្ឃឹម​ចង់បាន​ក្នុងពេល​បច្ចុប្បន្ននេះ ជា​រឿង​មួយ​លំបាក​គួរសម​ដែរ  ព្រោះ​ដោយសារតែ​បច្ច័យ​ខាង​សង្គម​ចាប់ផ្តើម​ផ្លាស់ប្តូរ ហើយ​ការប្រព្រឹត្ត ឬ​ទង្វើ​របស់​ក្មេង​នាពេល​បច្ចុប្បន្ន ក៏​ចាប់ផ្តើម​មានការ​យកតម្រាប់​តាម​ស្ថានភាព និងអ្វីៗជុំវិញខ្លួន​កាន់តែខ្លាំង​ឡើង​ហ្នឹងឯង។ លេខ​នេះ ឡា​រ៉ែ​ន មាន​បច្ច័យសំខាន់ៗ ដែលមាន​ផល​ដល់​ការប្រព្រឹត្ត​របស់កូនៗ មក​ជម្រាបជូន​ដូចខាងក្រោម៖

ក្រុមគ្រួសារ

ធ្លាប់​បានឮ​ដែរឬទេ​ថា ក្រុមគ្រួសារ​យ៉ាងម៉េច? ការប្រព្រឹត្ត​របស់​កូនតូច​ភាគច្រើន ក៏មាន​លក្ខណៈ​ស្រដៀង​យ៉ាង​នោះដែរ ដូច្នេះ​បើ​យើង​ចង់ឱ្យ​កូន​របស់​យើង​មានការ​ប្រព្រឹត្ត ដែល​ល្អ​នោះ យើង​គួរ​ចាប់ផ្តើម​ចេញពី​ស្ថាប័ន​គ្រួសារ​ជាមុនសិន។ ចាប់ផ្តើម​ពី​ខ្លួន​យើង ត្រូវ​ធ្វើជា​គំរូ​ដ៏​ល្អ​ដល់​កូន និង​នៅចាំ​អប់រំ​ប្រដៅ​កូន ឱ្យ​ស្គាល់​នូវ​អ្វីដែល​ល្អ និង​មិនល្អ មាន​ពេលវេលា​ជជែក​លេង​ជាមួយ​កូន​ឱ្យបាន​ញឹកញាប់ ព្រម​ទទួលស្គាល់​នូវ​គំនិត​យោបល់​របស់​កូន តែ​ប៉ុណ្ណឹង កូន​នឹងមាន​អារ​ម្ម​ណ៏​កក់ក្តៅ និង​មានការ​ប្រព្រឹត្តល្អៗ តបស្នង​មក​យើង​វិញ​ជាមិនខាន។

ស្ថានភាព​ជុំវិញខ្លួន និង​សង្គម

យើង​មិនអាច​ជ្រើសរើស​ឱ្យកូនៗ រស់នៅក្នុង​ស្ថានភាព​ជុំវិញខ្លួន និង​សង្គម​ដែលល្អៗ តាម​ដែល​ចិត្ត​យើង​ចង់បាន​នោះឡើយ  តែ​យើង​អាច​ជ្រើសរើស​ក្នុងការ​បង្ហាត់បង្រៀន និង​បណ្តោយឱ្យ​កូន​រៀន​យល់ដឹង​ជាមួយ​ស្ថានភាព​សង្គម​បាន ដោយ​ការមិន​ដាក់​សម្ពាធ កៀបសង្កត់ ឬ​កម្រិត​ដែន​យល់ដឹង​ឡើយ និង​អធិប្បាយ​នូវ​រឿងរ៉ាវ​ដែល​កូន​បាន​ជួប បានឃើញ​ការប្រព្រឹត្ត ឬ​ទង្វើផ្សេងៗឯទៀត​នោះ ឱ្យ​កូន​បាន​យល់។ មិនគួរ​បដិសេធ​នឹង​សំណួរ​របស់​កូន​ឡើយ តែ​គួរ​មាន​ចម្លើយ​ដ៏ល្អៗទៅ​កូន​វិញ ទើប​ជាការ​ប្រសើរ។

រឿង​ភាគ​ក្នុង​ទូរទស្សន៍

យើង​អាច​បង្ហាត់បង្រៀន​អំពី​ទង្វើ និង​ការប្រព្រឹត្ត​ដល់​កូន​បាន​គ្រប់ពេលវេលា សូម្បីតែ​ពេល​អង្គុយ​មើល​រឿង​ភាគ​ទូរទស្សន៍ ក៏​យើង​អាចឱ្យ

កូនៗរៀន បាន​យល់ដឹង​ជាមួយ​យើង​បាន​ដូចគ្នា​ដែរ។ ក្នុងអំឡុងពេល​មើល​ខ្សែភាពយន្ត ឬ​រឿង​ភាគផ្សេងៗ យើង​គួរតែ​អធិប្បាយ​ពន្យល់​បន្ថែម អំពី​ការប្រព្រឹត្ត​នៅក្នុង​រឿង​ទាំងនោះ ឱ្យ​កូន​បាន​យល់ និង​ដឹងថា អ្វី​ជា​រឿង​ល្អ មិនល្អ អ្វី​គួរ​ធ្វើ និង​មិនគួរ​ធ្វើ ដើម្បី​កុំឱ្យ​កូន​យកតម្រាប់​តាម​ការប្រព្រឹត្ត​មិនល្អ​ដែល​កូន​បានដឹង និង​មើលឃើញ​នោះ។

ទោះយ៉ាងណា ស្ថាប័ន​គ្រួសារ ក៏​នៅតែ​ជា​បច្ច័យ​សំខាន់​ក្នុងការ​បង្ហាត់បង្រៀន និង​កំណត់​ទិសដៅ​ឱ្យ​កូន​របស់​យើង ក្លាយជា​មនុស្ស​ល្អ​ដែរ  វា​ស្ថិតនៅលើ​ការជ្រើសរើស​អប់រំ​ប្រៀនប្រដៅ ការនិយាយស្តី និង​ការធ្វើឱ្យ​កូន​បាន​យល់​កាន់តែ​ច្រើនឡើង ដើម្បី​កុំឱ្យ​កូន​មាន​អារ​ម្ម​ណ៏​ថា គេ​ខ្វះខាត និង​ឪពុកម្តាយ​មិន​យកចិត្តទុកដាក់ ព្រោះ​រឿងនេះ អាច​នឹង​ក្លាយជា​ចំណុច​អន់​មួយ​របស់​ក្មេង នៅពេល​អនាគត​បាន៕

Advertisement