រៀបចំ​ហុងស៊ុយ​មុខផ្ទះ បើកទទួល​សំណាង និង​ស្នេហា

ការរៀបចំ​ហុងស៊ុយ​មុខផ្ទះ គឺជា​រឿង​មួយ ដែល​គួរ​ធ្វើ​មែនទែន  ព្រោះ​ផ្លូវ​ចូល​ផ្ទះ គឺជា​ការបើក​ទទួលយក​ថាមពល និង​រឿងរ៉ាវផ្សេងៗ ចូលមកក្នុង​ផ្ទះ​របស់​យើង​ដោយ​ត្រង់​តែម្តង។ ក្នុង​ការរៀបចំ​ហុងស៊ុយ​ខាងមុខផ្ទះ​នេះ នឹង​ជួយ​លើក​ជោគជតារាសី ឱ្យមាន​ឱកាស​ក្នុង​រឿង​លាភ​សំណាង និង​ស្នេហា​ថែម​ឡើង​ទៀត  ជាពិសេស​អ្នក​នៅ​លីវ​ទាំងឡាយ គួរតែ​បើក​ហុងស៊ុយ​មុខផ្ទះ ដើម្បី​ទទួលយក​រឿងរ៉ាវល្អៗ និង​មនុស្សល្អៗ ឱ្យ​ចូលមកក្នុង​ជីវិត។ ដូច្នេះ​បើ​អ្នកណា​មិនទាន់​ដឹងថា តើ​ត្រូវ​រៀបចំ​ខាងមុខផ្ទះ ឱ្យ​ត្រូវ​តាម​គោលការណ៍​ហុងស៊ុយ​យ៉ាងម៉េច​នោះ សូម​តាមដាន​ដូចតទៅ។

  1. សម្អាត​ភាព​គ្មាន​របៀប

បរិវេណ​មុខផ្ទះ គឺជា​ផ្នែក​ដំបូង ដែល​យើង​មើលឃើញ និង​អ្វីដែល​សំខាន់​នោះ គឺ​វា​ជា​ផ្លូវ​ដើរចូល​ផ្ទះ​ទៀតផង ដូច្នេះ​មិនគួរ​មាន​របស់របរ​រ​កេករ​កាក រាំងស្ទះ​ផ្លូវ​ចូល​ផ្ទះ​ឡើយ ដើម្បី​ជាការ​បើក​ប្រឡោះ​ឱ្យ​ថាមពលល្អៗ ឆ្លងកាត់​ចូលមក​បាន​យ៉ាង​ងាយស្រួល  ហើយ​បើតាម​គោលការណ៍​ហុងស៊ុយ​ដែល​ល្អ​នោះ គួរតែរៀបចំ ឱ្យ​បរិវេណ​ខាងមុខផ្ទះ មើលទៅ​ឃើញ​នៅ​ជិតដិត​នឹង​ធម្មជាតិ ឱ្យបាន​ច្រើន​បំផុត ដោយ​ការដាក់​ដើមឈើ​ស្លឹក​បៃតងខ្ចី តុបតែង​នៅមុខ​មាត់​ទ្វារផ្ទះ ដើម្បី​បង្កើន​ភាពសម្បូររុងរឿង​ក្នុង​ជីវិត ឬក៏​លាប​បន្ទះ​ទ្វារ​ដោយ​ពណ៌​បៃតង ដើម្បី​ជួយ​បង្កើន​រឿង​ទ្រព្យសម្បត្តិ​លុយកាក់ ឱ្យ​កាន់តែ​ល្អ​ឡើង​ផង។

Advertisement

  1. កម្ចាត់​អ្វីដែល​ស្វិត​ស្រពោន​គ្មាន​ជីវិត​ចេញ

បើ​ខាងមុខ​ទ្វារផ្ទះ​របស់លោក​អ្នក មាន​ផើង​ដែលមាន​ដាំ​ដើមឈើ​នោះ  គួរ​ឧស្សាហ៍​កាត់​ស្លឹក​ណា​ដែលស្វិតៗ ឬ​ស្លឹក​ណា​ដែល​ស្ងួត​ក្រៀម​ងាប់ ចេញ​ឱ្យអស់ កុំ​បណ្តោយឱ្យ​ដើមឈើ​មាន​ស្លឹក​ស្វិត​ក្រៀម​ស្រពោន ឬ​ស្លឹក​ដែល​ងាប់​ហើយ​នៅជាប់​លើ​ដើមឈើ​នោះ​ជាដាច់ខាត  ព្រោះ​តាម​គោលការណ៍​ហុងស៊ុយ គឺជា​រឿង​មិនល្អ​ឡើយ  ព្រោះ​វា​អាច​ក្លាយជា​ឧបសគ្គ ដែល​នៅចាំ​រាំងស្ទះសំណាងល្អៗនៅក្នុង​ជីវិត​បាន ដូច្នេះ​គួរ​ឧស្សាហ៍​មើលថែ សម្អាត ឱ្យ​វា​មាន​ភាព​ស្រស់បស់​នៅ​បរិវេណ​ខាងមុខផ្ទះ​ជាប់​ជានិច្ច។

  1. ដាក់​រូបចម្លាក់​នៅមុខ​មាត់ទ្វារ

បរិវេណ​មុខផ្ទះ គួរ​មាន​ចំណុច ដែល​គួរឱ្យ​ចាប់អារម្មណ៍ ឬ​ចំណុច​ទាក់ទាញ​ខ្សែ​ភ្នែក​ខ្លះ​ផង ដែល​ក្រៅពី​ការរៀបចំ​ដាក់​ផើងផ្កា តាម​គោលការណ៍សាមញ្ញៗរបស់​ហុងស៊ុយ​ហើយ​នោះ  គួរតែមាន​រូបចម្លាក់ ដាក់តាំង​លម្អ​នៅខាងមុខ​ទ្វារផ្ទះ​ផង ហើយ​គួរតែ​ជា​រូបចម្លាក់ ដែលមាន​លក្ខណៈ​ជា​អ្នកការពារ​ថែរក្សា​ឃុំគ្រង​អ្នក​នៅក្នុង​ផ្ទះ ឱ្យ​រស់នៅ​ត្រជាក់ត្រជុំ សុខដុមរមនា ដូចជា​រូប​ទេវតា រូប​សត្វ​តោ ឬ​រូបចម្លាក់​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ ក៏បាន​ដែរ។

  1. ផ្លូវ​ចូល​ផ្ទះ​ត្រូវតែ​បត់​កោង

ផ្លូវ​ចូល​ផ្ទះ​បែបត្រង់ៗ នឹង​នាំ​ទាំង​រឿង​ល្អ និង​រឿង​មិនល្អ ចូលមកក្នុង​ផ្ទះ​បាន​យ៉ាង​ងាយស្រួល  តែបើ​យើង​រៀបចំ​ផ្លូវ​ចូល​ផ្ទះ បែប​កោង រាង​បត់​បន្តិច វា​នឹង​ជួយ​ត្រង​ច្រោះ យកតែ​រឿងល្អៗចូលមក​ក្នុងផ្ទះ និង​ការពារ​រឿង​ដែល​មិនល្អ មិនឱ្យ​ចូល​ផ្ទះ​របស់​យើង​បាន​ទៀតផង។ គ្រាន់តែ​កែសម្រួល​ផ្លូវ​ចូល​ផ្ទះ ឱ្យមាន​ភាព​កោង​បន្តិច ក៏​អាច​ជួយ​បញ្ចៀស​ភាពមិន​ល្អ ចេញពីផ្ទះ​របស់​យើង​បាន​ទៅហើយ។

បើ​លោក​អ្នកមាន​អារម្មណ៍​ថា ជីវិត​មាន​ឧបសគ្គ ឬ​មានរឿង​រអាក់រអួល​ជា​ញឹកញាប់​នោះ ចូរ​កែសម្រួល​ហុងស៊ុយ​ផ្ទះ ជាមុនសិន​ល្អ​ជាង ព្រោះ​ជួនកាល ស្ថានភាព​ជុំវិញខ្លួន ដែល​មិន​ត្រឹមត្រូវ មិន​សមគួរ ក៏​អាចជា​អ្វីមួយ​ដែល​បិទបាំង​សំណាង និង​រឿងល្អៗ ដែល​បម្រុង​នឹង​ចូលមកក្នុង​ជីវិត​របស់​យើង​បានដែរ។ ដូច្នេះ​សូម​សាកល្បង​រៀបចំ​កន្លែង​រស់នៅ តាម​គោលការណ៍​ហុងស៊ុយ​ម្តង​មើល៍ វា​គ្មានអ្វី​គួរឱ្យ​ខាតបង់​ទេ  ដោយ​ចាប់ផ្តើម​ពី​កា​រៀបចំ​ហុងស៊ុយ​មុខផ្ទះ ដូចដែល​បាន​ណែ​នាំមក​ខាងលើ​នោះ ក៏បាន​ដែរ៕

Advertisement