ការមើល​ថែទាំ​អញ្ចាញធ្មេញ និង​ធ្មេញ យ៉ាង​ត្រឹមត្រូវ​តាម​វិធី

មាន​មនុស្ស​ជាច្រើន ច្រើនតែ​ព្រងើយកន្តើយ​នឹង​ការ​ដុស​សម្អាត​ធ្មេញ ដោយ​មិន​បានដឹង​ឡើយ​ថា ភាព​ស្អាត មាន​អនាម័យ​នៅក្នុង​ប្រអប់មាត់ ក៏មាន​ចំណែក​សំខាន់​ខ្លាំង​ដែរ ព្រោះ​វា​អាច​ហុច​ផលប៉ះពាល់ ដល់​អវយវៈ​ផ្នែក​ដទៃទៀត​បាន  ដោយ​យើង​គួរ​ដុស​សម្អាត​ធ្មេញ យ៉ាងតិច​ក្នុង 1ថ្ងៃ ឱ្យបាន 2ដង និង​ចូរ​ប្រើ​ច្រាស​ដុសធ្មេញ​ដែលមាន​សរសៃទន់ៗ មិនមែនជា​ច្រាស​ដែល​រឹង​ខ្លាំងពេក​នោះទេ ព្រោះ​វា​អាចធ្វើឱ្យ​ធ្មេញ​ងាយ​ឆាប់​សឹករេចរឹល។ ទំហំ​របស់​ក្បាល​ច្រាស​ដុសធ្មេញ ក៏​គួរ​មាន​ខ្នាត ដែល​សមល្មម​ក្នុង​ការចូល​ទៅដល់​គ្រប់​កន្លុកកន្លៀត​របស់​ធ្មេញ បាន​យ៉ាង​ងាយស្រួល និង​ត្រូវ​ផ្តល់​ភាព​សំខាន់ ទៅលើ​ការ​ដុស​សម្អាត​ធ្មេញ ដែល​ត្រឹមត្រូវ​តាម​ក្បួន​វិធី និងគ្រប់ៗទីតាំង​របស់​ធ្មេញនីមួយ…ដោយសារ​ដូច្នេះហើយ ទើប​ថ្ងៃនេះ ឡា​រ៉ែ​ន មាន​វិធី​ដុស​សម្អាត​ធ្មេញ​ដែល​ត្រឹមត្រូវ មក​ជម្រាបជូន​ដូចតទៅ៖

  1. គួរ​ដុស​សម្អាត​ធ្មេញ​ឱ្យ​ត្រូវ​វិធី ក្រោយពេល​បរិភោគ​អាហារ​រួច​គ្រប់ពេល តែបើ​មិនមាន​ភាពងាយស្រួល​ក្នុងការ​ដុស​សម្អាត​ធ្មេញ​ទេនោះ ក៏​គួរតែ​ខ្ពុរមាត់ខ្លាំងៗដោយ​ទឹកស្អាត រៀងរាល់​ពេល​ញ៉ាំ​បាយ​ហើយ និង​ត្រូវ​ដុស​សម្អាត​ធ្មេញ​យ៉ាងតិច​ក្នុង 1ថ្ងៃ 2ដង គឺ​ពេល​ភ្ញាក់​ពី​ដំណេក និង​មុន​ចូល​គេង។
  2. ក្រោយពេល​ដុសធ្មេញ អាច​ប្រើ​ម្រាមដៃ ដុស​ធ្វើ​ម៉ាស្សា​លើ​សាច់​អញ្ចាញធ្មេញស្រាលៗគ្រប់កន្លែង ដើម្បី​ជួយ​ឱ្យ​អញ្ចាញធ្មេញ​រឹងមាំ។
  3. ទទួលទាន​បន្លែ និង​ផ្លែឈើ ដែល​ជួយ​ថែ​បំប៉នសាច់​អញ្ចាញធ្មេញ និង​ជួយ​សម្អាត​ធ្មេញ​បែបងាយៗ ដូចជា ផ្លែក្រូច ប៉ិគ​ក់ ត្របែក និង​ផ្លែ​ជម្ពូ ជាដើម។
  4. ចៀសវាង​ពី​ការ​ខាំ​ហែក​វត្ថុរឹងៗដោយ​ធ្មេញ ដូចជា ហែក​ថង់​ប្លា​ស្ទិ​ក ខាំ​ខ្សែចំណង​ឱ្យដាច់ ប្រើ​ធ្មេញ​ខាំ​បើក​គម្រប​ដបជាដើម ព្រោះ​អាចធ្វើឱ្យ​ធ្មេញ​ជំ​ពើ​ស បែក ឬ​រង្គើ​បាន​យ៉ាង​ងាយ។
  5. សង្កេតមើល​ធ្មេញ និង​អញ្ចាញ បន្ទាប់ពី​ដុស​សម្អាត​ធ្មេញ​រួច ដោយ​ការឆ្លុះ​កញ្ចក់ មើល​ក្នុង​ប្រអប់មាត់​ម្តងម្កាល បើ​ឃើញ​មាន​ចំណុចខ្មៅៗ ស្នាម​ហើមក្រហមៗនៅលើ​សាច់​អញ្ចាញ ឬ​មាន​កំណកកំបោររឹងៗនៅតាម​ជើងធ្មេញ គួរតែ​ទៅ​ជួប​ទន្តពេទ្យ ដើម្បី​ពិនិត្យ​ព្យាបាល​ជាបន្ទាន់។
  6. មិនគួរ​កេះ​ធ្មេញ ដោយ​មិនចាំបាច់​នោះទេ ព្រោះ​នឹងធ្វើ​ឱ្យជើង​ធ្មេញ មាន​ប្រហោង និង​អាច​ឆ្លង​មេរោគ​បាន​ទៀតផង។
  7. ក្នុងករណី​ដែល​ធ្មេញទឹកដោះ(សម្រាប់​ក្មេងតូច)រង្គើ ធ្វើឱ្យ​ឈឺ​ខណៈពេល​ញ៉ាំ​អាហារ ឬ​ពេល​ដុស​សម្អាត​ធ្មេញ ឬក៏​មាន​ធ្មេញ​ពុកផុយ របេះ​អស់​នៅសល់តែ​គល់ លែងមាន​ធ្មេញ​ហើយ​នោះ គួរតែ​ទៅ​ប្រឹក្សា​ជាមួយ​ទន្តពេទ្យ ដើម្បី​ដកចេញ​ភ្លាម។

វិធី​ដុស​សម្អាត​ធ្មេញ

ការ​ដុស​សម្អាត​ធ្មេញ គួរ​ដុស​សម្អាត ឱ្យ​សព្វគ្រប់​លើ​ធ្មេញ និង​គ្រប់ផ្នែក​របស់​ធ្មេញ ដែល​ច្រាស​ដុសធ្មេញ​អាច​ចូលទៅ​ដល់។ ពេល​ដុស មិនចាំបាច់​ប្រើ​កម្លាំង​សង្កត់ខ្លាំងៗទេ ការ​ដុស​សម្អាត​ធ្មេញម្តងៗ គួរប្រើ​ពេលវេលា ពី 2 – 3នាទី។ ការចាប់​កាន់​ច្រាស​ដុសធ្មេញ គួរ​ចាប់​កាន់​ដង​ច្រាស ដោយ​ម្រាម4 ចំណែក​ម្រាម​មេដៃ ដាក់​សង្កត់​នៅលើ​ដង​ច្រាស ដែល​ធ្វើឱ្យ​អាច​កម្រើក​ម្រាមដៃ ឱ្យ​ច្រាស​ដុសធ្មេញ​វាស​ចុះ ឬ​វាសឡើង​បាន​ពេញដៃ៕

Advertisement