ព្រះ​ចន្ទ​នឹង​ប្រែ​ទៅជា​ពណ៌​ក្រហមទុំ នៅក្នុង​ព្រឹត្តិការណ៍​ចន្ទ្រគ្រាស​ដែលមាន​រយៈពេល​វែង​បំផុត​ប្រចាំ​​សតវត្ស ដែល​កើត​ឡើង​ក្នុង​​​សប្ដាហ៍​នេះ

នៅពេល​ព្រឹត្តិការណ៍​ចន្ទ្រគ្រាស​កើតឡើង ពន្លឺ​មួយផ្នែក​របស់​ព្រះអាទិត្យ​នៅតែ​អាច​ឆ្លងកាត់​បរិយាកាស​ផែនដី ហើយ​ទៅដល់​ព្រះ​ចន្ទ បណ្ដាលឱ្យ​ភព​រណប​មួយ​នេះ​ប្រែជា​ពណ៌​ក្រហម។

ចន្ទ្រគ្រាស​មួយផ្នែក​ដែលមាន​រយៈពេល​វែង​ជាងគេ​ប្រចាំ​សតវត្សរ៍ និង​វែង​ជាងគេ​ក្នុងអំឡុង 580 ឆ្នាំ នឹង​កើតមានឡើង​ក្នុង​សប្ដាហ៍​នេះ។ ព្រឹត្តិការណ៍​ចន្ទ្រគ្រាស​ស្ទើរតែ​ទាំងស្រុង​នេះ កើតឡើង​នៅពេល​ចន្ទ​ពេញបូណ៌មី ហើយ​ផែនដី​គោចរ​ដល់​ចំនុចកណ្ដាល នៅ​ចន្លោះ​ព្រះ​ចន្ទ និង​ព្រះអាទិត្យ។

ស្រមោល​របស់​ផែនដី គ្របដណ្ដប់​លើ​ព្រះ​ចន្ទ នាំឱ្យ​ភព​រណប​ធម្មជាតិ​នេះ​ស្ថិតក្នុង​ភាព​ងងឹត​ក្នុង​រយៈពេល​ជិត 3 ម៉ោង និង 30 នាទី។ ស្រមោល​ផែនដី​នឹង​បាំង​ពន្លឺ​ស្ទើរតែ​ទាំងអស់​ដែល​ជះ​ពី​ព្រះអាទិត្យ ធ្វើឱ្យ​ព្រះ​ចន្ទ​ប្រែ​ទៅជា​ពណ៌​ក្រហមទុំ។

មូលហេតុ​ដែលនាំឱ្យ​ព្រះ​ចន្ទ​ត្រូវ​ប្រែ​ពណ៌​ទៅជា​ក្រហមទុំ​នេះ​គឺ​ដោយសារ​ពន្លឺ​ពី​ព្រះអាទិត្យ បើទោះជា​ត្រូវ​បាំង​ដោយ​ផែនដី ប៉ុន្តែ វា​នៅតែ​កាច់​កោង​ព័ទ្ធជុំវិញ និង​ឆ្លងកាត់​បរិយាកាស​របស់​ផែនដី​ដើម្បី​ទៅដល់​ឋាន​ព្រះ​ចន្ទ។ បរិយាកាស​ផែនដី ច្រោះ​យក​រលក​ពន្លឺ​ខ្លី​ពណ៌​ខៀវ នៅសល់តែ​រលក​ពន្លឺ​វែង​ពណ៌​ក្រហម​ដែល​អាចធ្វើ​ដំណើរ​ទៅមុខ។ នៅពេល​រលក​ពន្លឺ​ពណ៌​ក្រហម​នេះ​ឆ្លងកាត់​ផុត​បរិយាកាស​ផែនដី និង​ទៅដល់​ព្រះ​ចន្ទ វា​នឹង​បណ្ដាលឱ្យ​ព្រះ​ចន្ទ​ត្រូវ​ប្រែ​ពណ៌​ទៅតាម​ពណ៌​នៃ​ពន្លឺ​នោះ។

ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​ជាច្រើន​នៃ​ទ្វីប​អាម៉េរិក អឺរ៉ុប អូស្ដ្រាលី និង​ទ្វីបអាស៊ី អាច​មើលឃើញ​ព្រឹត្តិការណ៍​នេះ​នៅ​ថ្ងៃទី 18 និង 19 ខែវិច្ឆិកា ឆ្នាំ 2021 ប៉ុន្តែ ពេលវេលា​ជាក់ស្ដែង​នឹង​អាស្រ័យ​ទៅតាម​តំបន់នីមួយ៕

Advertisement