ទម្លាប់ល្អៗនៅពេល​ព្រលប់​របស់​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត (Bill Gates) ដែល​គ្រប់គ្នា​គួរតែ​យក​ជា​គំរូ

មហា​សេដ្ឋី​អាម៉េរិក លោក​ ប៊ីល ហ្គេត

ការ​លាងចាន​ក្រោយពេល​បរិភោគ​អាហារ និង​ការអាន​សៀវភៅ​មុនពេល​ចូល​ទទួលទានដំណេក បាន​ជួយ​ឱ្យ​មហាសេដ្ឋី​អាម៉េរិក លោក ប៊ី​ល ហ្គេ​ត កាត់បន្ថយ​ភាព​តានតឹង​ក្រោយពី​បាន​បំពេញការងារ​ពេញ​មួយថ្ងៃ ព្រមទាំង​ជួយ​បង្កើន​ចំណេះដឹង​ផងដែរ។

គ្រប់គ្នា​ទំនងជា​ចាប់អារម្មណ៍​ទៅលើ​តែ​ទម្លាប់​ពេលព្រឹក ដោយសារតែ​វា​ជា​កិច្ច​ការដែល​ជួយ​ឱ្យ​យើង​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការ​ពេញ​មួយថ្ងៃ។

ក៏ប៉ុន្តែ ទម្លាប់​ពេល​ព្រលប់​ក៏​សំខាន់​ណាស់ដែរ។ បើសិន​ជាមាន​ទម្លាប់​ល្អ អ្នកនឹង​អាច​កាត់បន្ថយ​បញ្ហា​ថប់​អារម្មណ៍ និង​បាន​គេង​លក់​ស្រួល។ ប្រការនេះ​ពិតជា​សំខាន់​ខ្លាំងណាស់​ចំពោះ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត។

ជា​អ្នកជំនួញ និង​ជា​សប្បុរសជន​ដែល​ទទួលបាន​ជោគជ័យ លោក ប៊ី​ល ហ្គេ​ត ក៏មាន​ទម្លាប់​ល្អ​មួយចំនួន​នៅពេល​ព្រលប់​ដែល​គួរឱ្យ​យើង​យក​ជា​គំរូ។ កាលពី​ឆ្នាំ ២០១៤ នៅលើ​បណ្ដាញ​សង្គម Reddit នៅពេល​ត្រូវបាន​សួរថា «សូម​រៀបរាប់​អំពី​ការងារ​ដែល​លោក​ចូលចិត្ត​ធ្វើ​បំផុត និង​ពុំមាន​អ្នកណា​នឹកស្មាន​ដល់» មហាសេដ្ឋី ប៊ី​ល ហ្គេ​ត ឆ្លើយថា «ខ្ញុំ​លាងចាន​រាល់ពេល​ព្រលប់។ អ្នកដទៃ​ស្ម័គ្រចិត្ត​ធ្វើ​កិច្ចការ​នេះ។ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ធ្វើទៅ​តាមរបៀប​របស់ខ្ញុំ»។

ការលាង​ចាន​នឹង​ជួយ​ឱ្យ​អ្នកជំនួញ​ទាំងឡាយ​បាន​សម្រាក​ខួរក្បាល​បន្ទាប់ពី​បាន​បំពេញការងារ​ពេញ​មួយថ្ងៃ។ ខួរក្បាល​នឹង​បាន​សម្រាក ដោយ​ចាក​ផុតពី​ការងារ​ដែល​ប្រើ​ខួរក្បាល។ ជំនួស​មកវិញ ការងារ​លាងចាន​គ្រាន់តែ​ផ្ដោតទៅលើ​ការធ្វើដដែលៗ ដូចជា លាង​ឱ្យ​ស្អាត ជូត​ឱ្យ​ស្ងួត និង​ដាក់​ចូលក្នុង​រាវ។

ទម្លាប់​ទី​ពីរ​របស់លោក ប៊ី​ល ហ្គេ​ត គឺ​ការអាន​សៀវភៅ។ រៀងរាល់​ព្រលប់​មុនពេល​ចូលសម្រាន្ត គាត់​តែ​ចំណាយពេល​មួយ​ម៉ោង​ដើម្បី​អាន​សៀវភៅ។ គាត់​ចូលចិត្ត​អាន​ស្ទើ​ប​គ្រប់​ប្រធានបទ តាំងពី​នយោបាយ រហូតដល់​ព្រឹត្តិការណ៍​សង្គម។

មាន​មូលហេតុ​ជាច្រើន​ដែលនាំឱ្យ​គេ​ចាត់ទុក​ការអាន​សៀវភៅ​ថា​ជា​ទម្លាប់​ល្អ។ ការអាន​សៀវភៅ​ជួយ​ឱ្យ​យើង​បង្កើន​ចំណេះដឹង មើលឃើញ​ហេតុការណ៍​ពី​គ្រប់​ជ្រុងជ្រោយ និង​បង្កើន​ភាព​ច្នៃប្រឌិត។ល។

Advertisement