វិធីសាស្ត្រ​ដើម្បី «រក្សា​ជីវិត» ពេល​ជាប់​​គាំង​ក្នុង​ហ្វូងមនុស្ស​​ប្រជ្រៀត​គ្នា​ដ៏​ច្របូកច្របល់

ករណី​ប្រជ្រៀត​ និង​ជាន់គ្នា​នៅលើ​ស្ពាន​ពេជ្រ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​ 22 ​ខែ​វិច្ឆិកា​ឆ្នាំ 2010

នៅពេល​បានឃើញ​មនុស្ស​រាប់រយ ឬ​រាប់ពាន់នាក់​ស្លាប់​នៅក្នុង​ហេតុការណ៍​ប្រជ្រៀត និង​ជាន់គ្នា មនុស្ស​ជាច្រើន​មិនដឹងថា គួរ​ធ្វើយ៉ាងណា​ដើម្បី​រំដោះខ្លួន​ពី​គ្រោះថ្នាក់​នេះ។

ការស្រាវជ្រាវ​មួយ​បាន​បង្ហាញថា ចាប់ពី​ឆ្នាំ 1980 ដល់ 2007 មាន​ហេតុការណ៍​រត់​ជាន់គ្នា ឬ​ប្រជ្រៀត​គ្នា​ចំនួន​ប្រហែល 215 ករណី នាំឱ្យ​មនុស្ស​ជាង 7,000 នាក់​ស្លាប់ និង​ជាង 14,000 នាក់​រងរបួស នេះ​បើតាម​ទំព័រ​សុខភាព WebMD។

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​របស់​អ្នកជំនាញ​មួយចំនួន ដែល​អាចជួយ​ឱ្យ​អ្នក​រំដោះ​ជីវិត​នៅពេល​ជាប់គាំង​នៅក្នុង​ហ្វូងមនុស្ស​ដែល​កំពុង​ប្រជ្រៀត​គ្នា​ខ្លាំង ៖

ទីមួយ ៖ រកមើល​សញ្ញា​នៃ​គ្រោះថ្នាក់

ក្នុង 1 ម៉ែត្រក្រឡា​មាន​មនុស្ស 6 នាក់​គឺជា​សញ្ញា​ប្រាប់ថា គ្រោះថ្នាក់​នៃ​ការ​ប្រជ្រៀត​គ្នា ការជាន់​គ្នា​ជិត​មកដល់។ ចូរ​ចាប់ផ្ដើម​រក​វិធី​ចេញ​ឱ្យ​ផុតពី​ហ្វូងមនុស្ស​នេះ ហើយ​កុំ​រង់ចាំ​ដល់ពេល​មនុស្ស​នៅ​ជុំវិញ​អាច​ប៉ះ​ស្មា​ទាំងពីរ​របស់​អ្នក។

ទី​ពីរ ៖ ត្រូវ​រក្សា​លំនឹង​ឱ្យ​បានល្អ​បំផុត

ដើម្បី​ឈរ​ឱ្យ​នឹង អ្នក​ត្រូវ​ឈរ​ជ្រែងជើង និង​ដាក់​ដៃ​ដូច​អ្នក​ប្រដាល់។ មិន​ដូច្នេះ​ទេ អ្នក​អាច​នឹង​ដួល ហើយ​ត្រូវគេ​ជាន់​ស្លាប់ ឬ​របួសធ្ងន់។

ទី​បី ៖ បើសិនជា​ដួល មិនត្រូវ​បណ្ដោយឱ្យ​ដេក​ផ្ងារ ឬ​ដេក​សណ្ដូក

ពេល​ដួល ត្រូវ​រក​វិធី​ក្រោកឈរ​ភ្លាម និង​ជួយ​ដល់​អ្នក​ដែល​បាន​ដួល។ បើសិន​មិនអាច​ក្រោកឈរ​បាន ចូរ​យកដៃ​ឱប​ជិត​ក្បាល អង្កួញ​ជើង និង​ដេក​ផ្អៀង​ដើម្បី​ការពារ​ដងខ្លួន។

ទី​បួន ៖ ព្យាយាម​ដកដង្ហើម បើ​ទោះ​ក្នុងស្ថានភាព​លំបាក​បំផុត

មូលហេតុ​ចម្បង​ដែល​នាំទៅរក​ការស្លាប់​នៅក្នុង​ហេតុការណ៍​ហ្វូងមនុស្ស​ប្រជ្រៀត​ជាន់គ្នា​គឺ​បញ្ហា​ខ្វះ​អុកស៊ីសែន។ ដូច្នេះ ពេល​ស្ថិតក្នុង​ស្ថានភាព​នេះ ចូរ​បោះដៃ​ទៅមុខ និង​រក្សា​វា​នៅត្រង់​នោះ អ្នកនឹង​មាន​លំហ​បន្ថែម​ដើម្បី​ដកដង្ហើម​បាន​ស្រួល​បន្តិច។

ទី​ប្រាំ ៖ ប្រឹង​ស្មារតី

ចូរ​កុំ​ស្រែក ព្រោះថា ពុំមាន​អ្នកណា​អាច​ឮ​អ្នក​ស្រែក​នៅក្នុង​ស្ថានការណ៍​បែបនេះ​ឡើយ ប៉ុន្តែ​វា​ថែមទាំង​ធ្វើឱ្យ​អ្នក​ឆាប់​បាត់បង់​អ៊ុ​ស៊ី​សែន នាំឱ្យ​ស​ន្លា​ប់ ហើយ​ត្រូវគេ​ជាន់​ស្លាប់។

ទី​ប្រាំមួយ ៖ ដើរ​តាម​បណ្ដោយ​ហ្វូងមនុស្ស

អ្នក​អាច​ដើរ​តាម​បណ្ដោយ​ហ្វូងមនុស្ស ដើរ​បញ្ឆិត ឬ​ដើរ​ចេញទៅ​ឆ្វេង ឬ​ស្ដាំ ឆ្ពោះទៅ​ទិស​ដែលមាន​មនុស្ស​តិច ហើយ​ចាក​ចេញពី​ការ​ប្រជ្រៀត​គ្នា។ បើសិនជា​ជ្រុះ​របស់​អ្វីមួយ ចូរ​បោះបង់​វា​ចុះ។

ទី​ប្រាំពីរ ៖ ជួយ​ដល់​អ្នក​នៅក្បែរ

បើសិន​អ្នក​ជួយ​ដល់​អ្នកដទៃ ពួកគេ​នឹង​ជួយ​អ្នក ឬ​ជួយ​អ្នកដទៃ​ទៀត​វិញ​ដែរ។ នៅពេល​ការជួយ​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង វា​នឹង​ធ្វើឱ្យ​បរិយាកាស​បានល្អ​ប្រសើរ និង​មាន​ប្រយោជន៍៕

Advertisement