តំបន់​ដែល​ព្រះអាទិត្យ​ស្ទើរតែ «មិនដែល​លិច» ក្នុង​រដូវក្ដៅ នៅលើ​ពិភពលោក

បើសិនជា​មួយថ្ងៃ​ព្រះអាទិត្យ​មិន​លិច តើ​នឹងមាន​សភាព​យ៉ាងណា? ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​មួយចំនួន​ដែល​ស្ថិត​នៅក្បែរ​ប៉ូល​របស់​ផែនដី នឹង​ឃើញថា ព្រះអាទិត្យ​ហាក់​មិនបាន «ចូល​គេង» នៅ​រដូវក្ដៅ។ កាណាដា ស៊ុយអែត ឬ ន័​រ​វែ​ស ជាដើម គឺជា​ប្រទេស​មាន​តំបន់​ដែល​ព្រះ​ទិនករ «ហាក់​មិនចេះ​ចូល​និទ្រា»។

បាតុភូត​នេះ​កើតឡើង​ដោយសារ​ផែនដី​ទ្រេត​នៅលើ​អ័ក្ស​របស់​វា​ប្រហែល​ជិត 23 អង្សា។ នៅតាម​បណ្ដា​ប៉ូល​ខាងជើង និង​ខាងត្បូង ព្រះអាទិត្យ​ហាក់​រះ និង​លិច​តែ​ម្ដងគត់​នៅក្នុង​មួយឆ្នាំ។

ខាងក្រោម​នេះ​គឺជា​បណ្ដា​តំបន់​ដែល​ស្ទើរតែ​មិនចេះ​មាន​យប់ ៖

ប្រទេស​ស៊ុយអែត

ទិដ្ឋភាព​ពាក់​កណ្ដាលយប់​ក្នុង​តំបន់​ខ្លះ​នៅ ស៊ុយអែត

ក្នុងអំឡុងពេល​ពី​ដើមខែ​ឧសភា រហូតដល់​ចុងខែ​សីហា នៅ ប្រទេស​ស៊ុយអែត ព្រះអាទិត្យ​តែងតែ​លិច​នៅ​ពាក់​កណ្ដាលយប់ និង​ចាប់ផ្ដើម​រះ​ឡើង​នៅវេលា​ម៉ោង 4 កន្លះ​ទៀបភ្លឺ។ ចាប់ពី​ខែឧសភា​ដល់​ខែមិថុនា តំបន់​ជាច្រើន​របស់ ប្រទេស​ស៊ុយអែត ទទួលបាន​កម្ដៅថ្ងៃ​ច្រើន​នៅពេល​រសៀល ហើយ​ព្រះអាទិត្យ​រៀប​លិច​នៅ​ពាក់​កណ្ដាលយប់។

ប្រទេស​ន័​រ​វែ​ស

ក្នុង​បណ្ដា​ខែ​នៅ​រដូវក្ដៅ ចាប់ពី​ចុងខែ​ឧសភា​ដល់​ខែកក្កដា ព្រះអាទិត្យ​មិនដែល​ចុះ​ទាប​ជាង​ជើងមេឃ​នៅ​តំបន់​ភាគ​ខាងជើង​ជុំវិញ​ប៉ូល​ខាងជើង​របស់​ផែនដី។ ពាក់កណ្ដាល​ប្រទេស​ន័​រ​វែ​ស មាន​ពន្លឺ​ថ្ងៃ 20 ម៉ោង ដូច្នេះ បើ​ចង់​ធ្វើការ​ថែម​ម៉ោង​ដើម្បី​រកប្រាក់​បាន​ច្រើន នោះ ន័​រ​វែ​ស គឺជា​គោលដៅ​ល្អ។

ប្រទេស​អ៊ី​ស្លង់

នេះ​គឺជា​ប្រទេស​ដែលមាន​ទិដ្ឋភាព​សម្បូរបែប និង​ស្រស់ស្អាត ជាទី​ដែល​អ្នក​អាច​ទស្សនា​ជ្រោះ​ទឹកធ្លាក់ ភ្នំភ្លើង ទន្លេ​ទឹកកក ឬ​ខ្សែទឹក​បាញ់​ចេញពី​ដី​ជាដើម។ល។

ប្រទេស​កាណាដា

ជា​ប្រទេស​ធំជាងគេ​ទី​ពីរ​ក្នុង​ពិភពលោក កាណាដា ក៏មាន​តំបន់​ជាច្រើន​ដែល​ស្ថិតក្រោម​ទឹកកក និង​ព្រឹល​ក្នុង​រយៈពេល​ច្រើន​ឆ្នាំជាប់ៗគ្នា។ តំបន់​ដូចជា Inuvik និង​តំបន់​ភាគ​ពាយព្យ​ប្រទេស ព្រះអាទិត្យ​សំកាំង​កាយ​លើ​មេឃ 50 ថ្ងៃ​នៅ​រដូវក្ដៅ។

នៅ​ពាក់កណ្ដាល​រដូវក្ដៅ ព្រះអាទិត្យ​នៅ​តំបន់ Whitehorse ចែងចាំង​ពន្លឺ 19 ម៉ោង និង 09 នាទី​ជា​រៀងរាល់ថ្ងៃ។ នៅ Inuvik និង Northwest Territories របស់ កាណាដា ព្រះអាទិត្យ​បញ្ចេញ​ពន្លឺ​ពេញ 24 ម៉ោង/ថ្ងៃ ដោយ «មិន​ខ្ចី​លិច»។

តំបន់ Alaska របស់ សហរដ្ឋ​អាម៉េរិក

ចាប់ពី​ចុងខែ​ឧសភា​ដល់​ចុងខែ​កក្កដា រៀងរាល់ឆ្នាំ ព្រះអាទិត្យ​នៅ Alaska នឹងមិន​លិច​ជាដាច់ខាត។ ប៉ុន្តែ ដើម្បី​បាន​ដល់​ថ្ងៃ​ដ៏​ស្រស់ស្រាយ​នេះ Alaska ក៏ត្រូវ​ឆ្លងកាត់​ភាព​ងងឹត​អស់​ជាច្រើន​ខែ​បន្តបន្ទាប់ ជាមួយនឹង​អាកាសធាតុ​ចុះ​ត្រជាក់​ស្ទើរ​ដាច់​ស្លឹកត្រចៀក​នៅ​រដូវរងា៕

Advertisement