ផែនដី​អាចទ្រទ្រង់​ជីវិត​​មនុស្ស​ជាតិ​បាន​ប៉ុន្មានពាន់​លាន​​នាក់?

ក្រុម​អ្នកស្រាវជ្រាវ​ព្យាករ​ថា ចំនួន​ប្រជាជន​ពិភពលោក​នឹង​កើន​ដល់ 10.4 ពាន់​លាន​នាក់​នៅក្នុង​ទសវត្សរ៍​ឆ្នាំ 2080 ប៉ុន្តែ មិនអាច​ដឹង​ច្បាស់​ថា ប្រជាជន​ប៉ុន្មាន​ពាន់​លាន​នាក់​ដែល​ផែនដី​អាច​ទ្រទ្រង់បាន។

កាលពី​ប្រហែល 300,000 ឆ្នាំមុន មនុស្ស Homo sapiens ចាប់ផ្ដើម​បង្ហាញ​វត្តមាន ជាមួយនឹង​ចំនួន​ដ៏​តិចតួច​គឺ​ប្រហែល​ពី 100 ទៅ 10,000 នាក់។ Joel E. Cohen ប្រធាន​ផ្នែក​ពិសោធន៍​អំពី​ចំនួន​ប្រជាជន​នៅ សាកលវិទ្យាល័យ Rockefeller និង​សាកលវិទ្យាល័យ Columbia នៅ New York បានឱ្យដឹងថា ដោយសារតែ​ចាប់ផ្ដើម​ជាមួយនឹង​ចំនួន​ដ៏​តិចតួច មនុស្ស​ត្រូវ​ចំណាយពេល​ប្រហែល 35,000 ឆ្នាំ​ដើម្បី​កើនឡើង​ទ្វេដង។

ក្រោយពី​វិស័យ​កសិកម្ម​ត្រូវបាន​បង្កើតឡើង​កាលពី 15,000 ទៅ 10,000 ឆ្នាំមុន មាន​មនុស្ស​ប្រហែល​ពី 1 លាន​ទៅ 10 នាក់​នៅលើ​ផែនដី។ ក្រោយមក ចំនួន​ប្រជាជន​ត្រូវការ​ពេល 1,500 ឆ្នាំ​ដើម្បី​កើនឡើង​ទ្វេដង។ មកដល់​សតវត្សរ៍​ទី 16 ពេលវេលា​ដែល​ត្រូវការ​សម្រាប់​ឱ្យចំ​នួន​ប្រជាជន​កើនឡើង​ទ្វេដង​គឺ 300 ឆ្នាំ។ ចូលដល់​សតវត្សរ៍​ទី 19 តួលេខ​នេះ​បាន​ចុះមក​នៅត្រឹម 130 ឆ្នាំ។ ចាប់ពី​ឆ្នាំ 1930 ដល់ 1974 ចំនួន​ប្រជាជន​លើ​ផែនដី​បាន​កើនឡើង​ទ្វេដង​នៅក្នុង​រយៈពេល​តែ 44 ឆ្នាំ។ ប៉ុន្តែ សួរថា តើ​ចំនួន​ប្រជាជន​អាច​បន្ត​កើនឡើង​ក្នុង​ល្បឿន​នេះ ហើយ​ថា តើ​ផែនដី​អាច​ទ្រទ្រង់​មនុស្ស​បាន​ប៉ុន្មាន​នាក់?

ឆ្នាំ 1679 Antoni van Leeuwenhoek អ្នកវិទ្យាសាស្ត្រ និង​ជា​អ្នក​រកឃើញ​វិធី​បង្កើត​តេ​ឡេ​ស្កុប បាន​ព្យាករ​ថា ផែនដី​អាច​ទ្រទ្រង់​មនុស្ស​បាន 13.4 ពាន់​លាន​នាក់។ គាត់​បាន​គណនា​ឃើញថា ហូ​ឡង់ កាន់កាប់​ដី​ស្មើនឹង1/13,400 នៃ​ផ្ទៃដី​​ដែល​អាច​ទ្រទ្រង់​ជីវិត​មនុស្ស​បាន​របស់​ផែនដី​ ហើយ​គុណ​ចំនួន​ប្រជាជន 1 លាន​នាក់​របស់ ហូ​ឡង់ កាលពី​សម័យ​នោះ ​​ជា​មួយ​នឹង​ 13,400។ ក្នុង 40 ឆ្នាំ​នៃ​ការស្រាវជ្រាវ លោក Cohen ប្រមូលបាន​ការសន្និដ្ឋាន​ចំនួន 65 ដែល​ព្យាករ​ថា ផែនដី​អាច​ទ្រទ្រង់​មនុស្ស​បាន​ចាប់ពី 1 ពាន់​លាន​នាក់ ដល់ 1 ទ្រី​លាន​នាក់។ លោក Cohen ឱ្យដឹងថា ក្នុង​បរិស្ថាន​នៃ​ការរស់នៅ ចំនួន​ប្រជាជន​នឹងមាន​ស្ថិរភាព​បើសិន​អត្រា​នៃ​ការស្លាប់​ស្មើនឹង​អត្រា​នៃ​ការចាប់​កំណើត។

ក៏ប៉ុន្តែ ការប្រែប្រួល​ក្នុង​បរិស្ថាន​ដូចជា​ភាពកខ្វក់ ឬ​ជំងឺ​រាតត្បាត​ជាដើម អាចធ្វើឱ្យ​សមត្ថភាព​នៃ​ការ​ទ្រទ្រង់​ជីវិត​របស់​ផែនដី​កើនឡើង ឬ​ថយចុះ។ លោក Cohen បកស្រាយ​ថា លទ្ធភាព​នៃ​ការ​ទ្រទ្រង់​នេះ​អាស្រ័យ​ទៅ លើ​សម្ពាធ​ធម្មជាតិ និង​ជម្រើស​របស់​មនុស្ស។ សម្ពាធ​ធម្មជាតិ​រួមមាន ការខ្វះខាត​ស្បៀងអាហារ និង​បរិស្ថាន​មិនល្អ។ ចំណែក​ជម្រើស​របស់​ម​នុស្ស​រួមមាន ការធ្វើ​អន្តរ​កម្ម​រវាង​បណ្ដា​ខឿនសេដ្ឋកិច្ច កសិកម្ម វិធី​ដែល​មនុស្ស​ផលិត និង​ប្រើប្រាស់​ទំនិញ អត្រា​នៃ​ការចាប់​កំណើត អាយុ​មធ្យម និង​កាតា​ចំណាកស្រុក។

កំណើន​​ប្រជាជន​របស់​ពិភពលោក​បាន​ឡើងដល់​កំពូល​កាលពី​ទសវត្សរ៍​ឆ្នាំ 1960 និង​ថយចុះ​ចាប់ពីពេលនោះ។ ឆ្នាំ 1950 អត្រា​នៃ​ការចាប់​កំណើត​ជា​មធ្យម​គឺ 5.05 ទារក/ស្ត្រី​ម្នាក់ នេះ​បើតាម​អង្គការសហប្រជាជាតិ។ ឆ្នាំ 2020 អត្រា​នេះ​ថយចុះ​មក​នៅ 2.44 ទារក/ស្ត្រី​ម្នាក់។ យោងតាម Gerland បច្ចុប្បន្ន​សហគមន៍​អ្នកស្រាវ​ជ្រាវ​ឯកភាពគ្នា​ថា កំណើន​​ប្រជាជន​ទូទាំង​ពិភពលោក​នឹង​ឡើងដល់​ចំណុចកំពូល​បន្តទៀត​នៅ​ចុង​សតវត្សរ៍​នេះ។ តាម​ការ​ព្យាករ ចំនួន​ប្រជាជន​នឹង​ឡើងដល់ 10.4 ពាន់​លាន​នាក់​នៅក្នុង​ទសវត្សរ៍​ឆ្នាំ 2080 និង​រក្សា​កម្រិត​នេះ​រហូត​ដល់​ឆ្នាំ 2100។

ចំនួន​មនុស្ស​ដែល​ពិភព​ផែនដី​អាច​ទ្រទ្រង់បាន មិនមែនជា​តួលេខ​ស្ថិរភាព។ វិធី​ដែល​មនុស្ស​ផលិត និង​ប្រើប្រាស់​ធនធានធម្មជាតិ​ប៉ះពាល់​ដល់​លទ្ធភាព​រក្សា​ចំនួន​ប្រជាជន​របស់​បរិស្ថាន​នាពេល​អនាគត។ និយាយ​រួម អាចមាន​ដែន​កំណត់​ស្ដីពី​ចំនួន​ប្រជាជន​ដែល​ផែនដី​អាច​ទ្រទ្រង់បាន ប៉ុន្តែ​យើង​មិនដឹង​ច្បាស់អំពី​តួលេខ​ពិត​​ប្រាកដ៕

Advertisement