កូនខ្មែរ​កុំឱ្យ​ចាញ់​បរទេស​!​ ​ត្រៀម​ឡាន​ទៅ​ខេត្តសៀមរាប​មើល​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​អង្គរវត្ត​នៅ​ថ្ងៃទី21ខាងមុខនេះ​

​ជា​មោទនភាព​មួយ​ដែល​យើង​បាន​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាសាទអង្គរវត្ត​ ​ជា​សំណង់​ស្ថាបត្យកម្ម​បុរាណ​ល្អ​បំផុត​លើ​ពិភពលោក​ចេញ​ដោយ​ ​Trip​ ​Advisor​ ​កាលពី​ឆ្នាំ​ ​2018​ ​ហើយ​សំណង់​ដ៏​អស្ចារ្យ​នេះ​ក៏​ជា​សំណង់​ប្រកបដោយ​ភាព​អាថ៌កំបាំង​ ​និង​ចំណុច​ពិសេស​ជាច្រើន​។​ ​

​ជា​រៀងរាល់​ឆ្នាំ​ ​នៅ​ ​ខែមីនា​ ​និង​ខែកញ្ញា​ ​ប្រជាជន​នៅ​លើ​ពិភពលោក​តែងតែ​សម្រុក​មក​ប្រទេស​កម្ពុជា​ដើម្បី​បានឃើញ​នូវ​ទស្សនីយភាព​អស្ចារ្យ​ដែល​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​ ​ដែល​បាន​កសាង​តាំងពី​រាប់ពាន់​ឆ្នាំមុន​។​ ​ក្នុង​នោះ​ប្រជាជន​ខ្មែរ​មិន​តិច​ទេ​ ​ដែល​បាន​ចូលរួម​ឃើញ​ទស្សនីយភាព​ដ៏​អស្ចារ្យ​នេះ​ ​ខណៈ​ពេល​ដែល​ប្រជាជន​ខ្មែរ​កូនចៅ​អ្នក​កសាង​អង្គរវត្ត​ជាច្រើន​ទៀត​មិនទាន់​បានឃើញ​ផ្ទាល់​ផ្នែក​ម្តង​នៅឡើយ​។​ ​

​នៅ​ពេល​ថ្មី​ៗ​នេះ​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​លោក​ ​ឡុង​ ​កុសល​ ​បាន​បញ្ជាក់​ថា​ ​ចាប់ពី​ម៉ោង​ ​5​:​50នាទី​ព្រឹក​ដល់ម៉ោង​ ​7ព្រឹក​ ​នៅ​ថ្ងៃទី​ ​21​ ​ខែមីនា​ ​ឆ្នាំ2019​ ​នេះ​បើ​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​អប្សរា​បានឱ្យ​ដឹង​ថា​ ​ព្រះអាទិត្យ​នឹង​រះ​ចំ​កណ្តាល​ប្រាសាទអង្គរវត្ត​។​ ​បាតុភូត​នេះ​គេ​ហៅថា​ ​សមរាត្រី​ ​(​equinox​)​ ​គឺជា​ពេលវេលា​ដែល​ថ្ងៃ​ ​និង​យប់​មាន​រយៈពេល​ស្ទើរតែ​ស្មើគ្នា​។​ ​ក្រៅពី​ខែ​នេះ​ខែ​ខ្លះ​មាន​រយៈពេល​ថ្ងៃ​វែង​ជាង​យប់​ ​ហើយ​ខ្លះទៀត​មាន​រយៈពេល​យប់​វែង​ជា​ថ្ងៃ​។​ ​ចំពោះ​ប្រាសាទអង្គរវត្ត​វិញ​ ​នៅពេល​ដែល​ពេលថ្ងៃ​ ​និង​យប់​មាន​រយៈពេល​ស្មើគ្នា​ព្រះអាទិត្យ​នឹង​រះ​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​តែម្តង​។​ ​

​លោក​ ​កុសល​ ​បាន​បន្ថែម​ទៀត​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ព្រឹត្តិ​ការណ៍​សមរាត្រី​នេះ​ ​តែងតែ​កើតមាន2ដង​ក្នុង​មួយឆ្នាំ​គឺ​នៅ​រដូវប្រាំង​(​Vernal​ ​Equinox​)​ ​កើតឡើង​នៅ​ខែមីនា​ ​និង​រដូវវស្សា​ ​(​Autumnal​ ​Equinox​)​ ​កើតឡើង​នៅ​ខែកញ្ញា​។​ ​លោក​បាន​បញ្ជាក់​ថា​ផង​ដែរ​ថា​ ​ប្រាសាទអង្គរវត្ត​គឺជា​ស្ថាបត្យកម្ម​ដែល​បាន​សាងសង់​ឡើង​ដោយ​បាន​សិក្សា​គន់គូរ​យ៉ាង​ល្អិតល្អន់​ ​របស់​អ្នកប្រាជ្ញ​បណ្ឌិត​សម័យ​អង្គរ​រួមផ្សំ​គ្នា​រវាង​ទ្រឹះ​ស្តី​គណិត​សាស្រ្ត​ ​វិស្វកម្ម​ ​និង​តារា​សាស្រ្ត​៕​ ​

Advertisement