សូម​ប្រយ័ត្ន​រឿង​ញ៉ាំ​គ្រឿងស្រវឹង​ ពេល​ទៅដើរ​លេង​នៅ​ប្រទេស​ទាំងនេះ​…

នៅក្នុង​ប្រទេស​មួយចំនួន​ ដូចជា​សិង្ហបុរី​ ប៊្រុយ​ណេ​ អារ៉ាប់រួម​ (United​ Arab​ Emirates​) ឬប៉ាគីស្ថាន​ ជាដើម​ ជា​ប្រទេស​ដែល​មានច្បាប់​តឹងរ៉ឹង​បំផុត​លើ​ការប្រើ​ប្រាស់​ជាតិ​ស្រវឹង​នៅ​ទី​សាធារណៈ​ ដោយ​អនុវត្ត​ទៅលើ​ទាំង​ពលរដ្ឋ​ក្នុង​ស្រុង​ ទាំង​ភ្ញៀវ​ទេសចរ​បរទេស​។
        -នៅ​ប្រទេស​សិង្ហបុរី​ (Singapore​) ប្រជាជន​ត្រូវ​បាន​ហាម​មិន​ឱ្យ​ផឹកស្រា​បៀរ​នៅកន្លែង​សាធារណៈ​ ចាប់ពី​ម៉ោង​22​:30​នាទី​ ដល់ម៉ោង​ 7ព្រឹក​ ជា​រៀងរាល់ថ្ងៃ​។ ហាង​លក់រាយ​ទាំងឡាយ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​ស្រា​បៀរ​ឱ្យ​ភ្ញៀវ​ដែល​ចង់​ទិញ​យក​ទៅក្រៅ​ ក្នុង​អំឡុង​ម៉ោង​នេះ​ដែរ​។ បើសិន​រំលោភ​លើ​ការ​ហាមប្រាម​នេះ​ អ្នកលក់​នឹង​ត្រូវ​រដ្ឋ​ពិន័យ​ឱ្យ​បង់ប្រាក់​1,000​ដុល្លារ​សិង្ហបុរី​ (ប្រហែល​742​ដុល្លារ​អាមេរិក​)។ ចំពោះ​អ្នក​ដែល​ល្មើស​បំពានច្បាប់​នេះ​ជា​លើក​ទី​2 នឹង​ត្រូវ​ជាប់ពន្ធ​នា​គារ​ 3ខែ​ និង​ពិន័យ​ជា​ប្រាក់​ 2,000​ដុល្លារ​សិង្ហបុរី​ (ប្រហែល​ 1480​ដុល្លារ​អាមេរិក​)។

        -ចំណែក​នៅ​ប្រទេស​ឥណ្ឌា​វិញ​ មាន​រដ្ឋ​មួយចំនួន​ ក៏​មានច្បាប់​តឹងតែង​ផង​ដែរ​ទាក់ទិន​នឹង​ការ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងស្រវឹង​នេះ​។ នៅ​តំបន់​ Gujarat​ អ្នកទេសចរ​ដែល​ចង់​ផឹកស្រា​ឱ្យ​ស្របតាម​ច្បាប់​ ដាច់ខាត​គឺ​ត្រូវ​ទិញ​អាជ្ញាប័ណ្ណ​ (លិខិតអនុញ្ញាត​) ដែល​មាន​អាយុកាល​ 30​ថ្ងៃ​។ អាជ្ញាប័ណ្ណ​នេះ​ មាន​លក់​នៅ​តាម​សណ្ឋាគារ​ ឬព្រលា​នយន្តហោះ​។ នៅ​ឯរដ្ឋ​ Manipur​ និង​រដ្ឋ​ Nagaland​ ក្នុង​ប្រជុំកោះ​ Lakshadweep​ (លើកលែងតែ​តំបន់​លម្ហែ​កាយ​លើ​កោះ​ Bangaram​) ស្រាបៀ​រទាំង​ឡាយ​ត្រូវ​បាន​ហាម​ជួញដូរ​ទាំងស្រុង​។

        -ជា​ប្រទេស​កាន់​សាស​នា​មូស្លីម​ ប៊្រុយ​ណេ​ក៏​មានការ​ហាម​មិន​ឱ្យ​ផឹក​គ្រឿងស្រវឹង​នៅ​ទី​សាធារណៈ​ដែរ​។ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្សាន្ត​នៅ​ប្រទេស​នេះ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​ស្រា​ខ្លាំង​ 2ដង​ និង​ស្រា​បៀរ​ 12​កំប៉ុង​តាម​ខ្លួន​ ហើយ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​រៀងរាល់​ 48​ម៉ោង​ ប៉ុន្តែ​ការ​ផឹកស៊ី​ គឺ​ត្រូវតែ​ធ្វើឡើង​នៅ​ទី​កំបាំង​។

        -នៅ​ប្រទេស​អារ៉ាប់រួម​ ឬអារ៉ាប់​ អេ​មី​រ៉េ​ត បើ​ទោះជា​គេ​ឃើញ​មាន​ស្រា​បៀរ​ច្រើន​នៅក្នុង​សណ្ឋាគារ​ ភោជនីយដ្ឋាន​ និង​ផ្សារ​ទំនើប​មែន​ ប៉ុន្តែ​ការ​ផឹក​គ្រឿងស្រវឹង​ទាំងនោះ​នៅក្នុង​ទី​សាធារណៈ​ ក៏​នៅតែ​ជា​រឿង​ខុសច្បាប់​ដែរ​។ នៅក្នុង​រាជាណាចក្រ​ Sharjah​ (រាជាណាចក្រ​មួយ​ក្នុងទឹក​ដី​អារ៉ាប់រួម​) គ្រឿងស្រវឹង​ត្រូវ​បាន​ហាម​លក់ដូរ​ និង​ផឹក​ទាំងស្រុង​។

        -ឯប្រជុំកោះ​ Maldives​ ដែល​ល្បីឈ្មោះ​ថា​ មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ រួម​ទាំង​មាន​ភ្ញៀវ​ទេសចរ​លំដាប់​អ្នកមាន​ទៅ​កម្សាន្ត​ច្រើន​នោះ​ ក៏​ហាម​អ្នកស្រុក​ប្រើប្រាស់​គ្រឿងស្រវឹង​ដែរ​។ ទេសចរ​បរទេស​ដែល​ទៅកាន់​ទីនោះ​ អាច​ប្រើប្រាស់​គ្រឿងស្រវឹង​បានតែ​នៅក្នុង​សណ្ឋាគារ​ និង​រមណីយដ្ឋាន​ដែល​មាន​អាជ្ញាប័ណ្ណ​ធ្វើជំនួញ​ស្របច្បាប់​តែប៉ុណ្ណោះ​។

        -ចាប់តាំងពី​អតីត​នាយក​រដ្ឋមន្ត្រី​ Zulfikar​ Ali​ Bhutto​ ចូលកាន់​អំណាច​ ការប្រើ​ប្រាស់​ស្រា​បៀរ​ ត្រូវ​បាន​ហាម​ទាំងស្រុង​នៅ​ប្រទេស​ប៉ា​គិ​ស្ថាន​។ សូម្បីតែ​ក្រោយ​ព្រឹត្តិ​ការណ៍​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​1977​ ច្បាប់​នេះ​ក៏​នៅតែ​មាន​សុពលភាព​ដដែល​។ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មិន​កាន់​សាស​នា​មូស្លីម​ អាច​ទិញ​ស្រា​បៀរ​នៅ​ឯសណ្ឋាគារ​ផ្កាយ​4 ឬផ្កាយ​5បាន​។

        -នៅក្នុង​ប្រទេស​មួយចំនួន​ ដូចជា​ប្រទេស​ថៃ​ ហ្វីលីពីន​ ឬវ៉េ​ណេហ្ស៊ូ​អេ​ឡា​ ជាដើម​ ការ​ហាមប្រាម​ប្រើ​គ្រឿងស្រវឹង​ មាន​សភាព​ធូរស្រាល​បន្តិច​ ប៉ុន្តែ​ក្នុងអំឡុងពេល​បោះឆ្នោត​ ឬព្រឹត្តិ​ការណ៍​សំ​ខាន់​ៗមួយចំនួន​ ការ​ផឹក​គ្រឿងស្រវឹង​ត្រូវ​បាន​រឹតត្បិត​។ រី​ឯប្រទេស​ហ្វីលីពីន​វិញ​ ការ​ជួញដូរ​គ្រឿងស្រវឹង​ត្រូវ​បាន​ហាម​ក្នុងរយៈពេល​ 2ថ្ងៃ​ មុន​ថ្ងៃ​បោះឆ្នោត​។ វេ​ណេហ្ស៊ូ​អេ​ឡា​ ហាម​លក់​គ្រឿងស្រវឹង​ក្នុង​អំឡុង​ 21​ម៉ោង​មុន​បោះឆ្នោត​៕

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement