សាច់​ជ្រូក​ដែល​មាន​សភាព​ដូច​នេះ​ ទោះ​ថោក​យ៉ាង​ណា​ ក៏​មិន​ត្រូវ​ទិញ​មក​បរិភោគ​ដែរ​ ប្រយ័ត្ន​ឆ្លង​ព្រូន​តេនញ៉ា​ និង​ឆ្លង​មេ​រោគ​…

ចូល​ឆ្នាំ​ចិន​ ជិត​មក​ដល់​ហើយ​ ​;អ្នក​ដែល​ជាប់​សែ​ស្រឡាយ​ចិន​ វៀតណាម​ ប្រាកដ​ជា​ត្រូវ​ការ​សាច់​ជ្រូក​យក​មក​ធ្វើ​ជា​អាហារ​មិនខាន​ ប៉ុន្តែ​ បង​ៗស្ត្រី​មេផ្ទះ​យើង​ ពេល​ទៅ​ផ្សារ​ទិញ​សាច់​ជ្រូក​ គួរ​តែ​ប្រុង​ប្រយ័ត្ន​ និង​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់​ មុន​នឹង​ទិញ​ ក្រែង​លោ​ប៉ះចំ​សាច់​ជ្រូក​ដែល​មាន​មេរោគ​ ពង​ព្រូន​តេនញ៉ា​ ឬសាច់​ខូច​គុណ​ភាព​។

ខាង​ក្រោម​នេះ​ គឺជា​សញ្ញា​នៅ​លើ​សាច់​ជ្រូក​ដែល​លោក​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​៖

1.សាច់​ជ្រូក​មាន​សភាព​ដូច​គ្រាប់​ចុងអង្ករ​

សាច់​ជ្រូក​ដែល​មើល​ទៅ​ហាក់ដូចជា​មាន​ពង​តូច​ៗដូច​គ្រាប់​ចុង​អង្ករ​នៅ​ជាប់​ខាង​ក្នុង​សាច់​ គឺ​ជា​សាច់​ជ្រូក​ដែល​មាន​ផ្ទុក​ពង​ព្រូន​តេនញ៉ា​។ ពង​ព្រូន​តេនញ៉ា​ភាគច្រើន​មាននៅ​ត្រង់​គល់​អណ្ដាត​ជ្រូក​ សាច់ដុំ​ ឬគល់​ភ្លៅ​ជ្រូក​។ នៅ​ពេល​យើង​យក​សាច់​ដែល​មាន​ពង​ព្រូន​តេនញ៉ា​មក​ចម្អិន​មិន​បាន​ត្រឹម​ត្រូវ​ ហើយ​បរិភោគ​ លោក​អ្នក​នឹង​ឆ្លង​ព្រូនសំប៉ែត​តេនញ៉ា​ជ្រូក​ (Taenia​ Solium​)។ ព្រូន​នេះ​ អាច​ជ្រៀត​ចូល​ទៅ​ក្នុង​ឈាម​ ហើយ​ពេល​ខ្លះ​អាច​ប៉ះ​ពាល់​ដល់​សរសៃ​ប្រសាទ​ខួរ​ក្បាល​ទៀតផង​។

2.សាច់​ជ្រូក​ដែល​មាន​សភាព​មិន​ហាប់​ណែន​

នៅ​ពេល​មើល​សាច់​ជ្រូក​ លោក​អ្នក​គួរ​យក​ម្រាម​ដៃ​ទៅ​សង្កត់​លើ​សាច់​ជ្រូក​នោះ​ រួច​ដក​ដៃ​ចេញ​មកវិញ​ បើ​សិន​ជា​សាច់​នោះ​ឆាប់​វិល​មក​ដូច​ភាព​ដើម​វិញ​(មិន​មានស្នាម​ទ្រុឌ​របស់​ម្រាមដៃ​) និង​មាន​ពណ៌ក្រហម​ព្រឿង​ៗ នោះ​ហើយ​ គឺ​សាច់​ស្រស់​ល្អ​។ បើ​សាច់​ណា​ដែល​មាន​សភាព​ផ្ទុយ​ពី​នេះ​ វា​ជា​សាច់​មិន​ល្អ​ សាច់​មាន​ជំងឺ​ និង​សាច់​ខូច​គុណ​ភាព​។

3.សាច់​ជ្រូក​ដែល​មាន​ពណ៌​ និង​ក្លិន​ខុស​ធម្មតា​

ប្រសិន​លោក​អ្នក​ដឹង​ថា​ សាច់​ជ្រូក​ដែល​ហៀប​នឹង​ទិញ​នោះ​ មាន​ក្លិន​មិន​ល្អ​ សូម​កុំ​ទិញ​ឱ្យ​សោះ​ បើ​ទោះជា​គេ​លក់​ថោក​ប៉ុនណា​ក៏ដោយ​ ព្រោះ​ថា​ សាច់​នោះ​ប្រាកដ​ជា​មាន​ផ្ទុក​អ្វី​ម្យ៉ាង​ដែល​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​មិនខាន​។ ពិសេស​ជាង​នេះ​ បើ​សាច់​នោះ​ថែម​ទាំង​មាន​សម្បុរ​ស្លេក​ ឬជាំ​ផង​នោះ​ លោក​អ្នក​រឹតតែ​មិន​ត្រូវ​ទិញ​ទៅទៀត​ ​;មិន​ដូច្នោះ​ទេ​ លោក​អ្នក​នឹង​ច្បាស់ជា​ត្រូវ​យក​លុយ​ឱ្យ​ពេទ្យ​ដោយ​សារ​តែ​កើត​អាការ​រាករូស​ ពេល​បរិភោគ​សាច់​នេះ​ហើយ​មិនខាន​។

4.សាច់​ជ្រូក​ដែល​ក្លា​ស្សេ​យូរ​ពេក​

សាច់​ដែល​ដាក់​ក្នុង​ទូ​ទឹកកក​យូរ​ពេក​ វា​នឹង​ក្លាយ​ជា​ “សាច់​ងាប់​រឹង​” ព្រោះ​វា​បាន​ឆ្លង​ផុត​ដំណាក់​កាល​សុវត្ថិភាព​រួច​ទៅ​ហើយ​។ ហូប​សាច់​បែប​នេះ​ មិន​ត្រឹម​តែ​អាច​បង្ក​ឱ្យ​រាករូស​ ក្អួត​ចង្អោ​នោះ​ទេ​ តែ​វា​ក៏​អាច​នាំ​ឱ្យ​កើត​ជំងឺ​ក្រពះ​ ពោះ​វៀន​ និង​ពិបាក​ទ្រាំ​ក្នុង​ខ្លួន​ទៀតផង​។

លោក​អ្នក​ប្រហែល​ជា​គិត​ថា​ សាច់​ដែល​ត្រូវ​បាន​ដាក់​ក្នុង​ទូ​ទឹក​កក​ត្រជាក់​ល្អ​ គឺ​មាន​សុវត្ថិ​ភាព​100​%។ សាច់​ដាក់​ក្នុង​ទូទឹកកក​ល្អ​ វា​អាច​ជួយ​ទប់​ស្កាត់​ការ​ជ្រៀត​ចូល​នៃ​មេរោគ​ និង​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​គុណ​ភាព​ ប៉ុន្តែ​វា​មិន​អាច​ទប់​ទល់​នឹង​បញ្ហា​អុក​ស៊ី​តកម្ម​ខ្លាញ់​ និង​ប្រូតេអ៊ីន​បាន​ឡើយ​បន្ទាប់​ពី​ក្លា​ស្សេ​យូរ​ពេក​៕

ប្រភព​៖ សារព័ត៌មាន​បរទេស

Advertisement