ក្រោមអាយុ30ឆ្នាំ ត្រូវធ្វើអ្វីខ្លះទើបអាចចេញរកស៊ីបានរលូន?

January 25, 2020​ ម៉ោង 10:30 am

ដើម្បីអាចចេញរកស៊ីបានដោយខ្លួនឯង និងបានដោយរលូន អ្នកប្រាកដជាត្រូវបំពេញកិច្ចការងារជាច្រើន ចាប់ពីរូបសម្បត្តិខាងក្រៅ រហូតដល់ចំណេះ ជំនាញ និងបទពិសោធ។ល។

ខាងក្រោមនេះ គឺជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលអ្នកត្រូវបំពេញ មុននឹងឈានជើងចេញទៅ “រកលុយ”

1.រូបរាងលក្ខណៈខាងក្រៅ

ក្នុងសង្គម អ្នកណាក៏និយាយដែរថា សម័យបច្ចុប្បន្នគេយកចិត្តទុកដាក់ទៅលើរូបរាងខាងក្រៅ មុននឹងគិតទៅលើអត្តចរិត និងចំណេះដឹង ឬបទពិសោធការងារ។

រូបសម្រស់ខាងក្រៅ មិនថាប្រុស ឬស្រីនោះទេ វាគឺជាចំណុចដំបូងបង្អស់ដែលអ្នកដទៃចាប់អារម្មណ៍មុនគេ។ បើសិនជាអ្នកទុកពុកមាត់វែង សក់វែង ស្លៀកពាក់មិនសមរម្យ ក្លិនខ្លួនមិនល្អ តើមានអ្នកណាគេចាប់អារម្មណ៍? ដូច្នេះ មុននឹងចេញទៅជួបអ្នកណាម្នាក់ ដូចជាទៅសម្ភាសរកការងារធ្វើជាដើម អ្នកត្រូវតែគិតអំពីប្រការខាងលើ ដោយសួរខ្លួនឯងជាមុនថា “រូបរាងខាងក្រៅរបស់ខ្ញុំ សមរម្យ និងគួរឱ្យគេចាប់អារម្មណ៍ហើយ ឬនៅ?

2.ចំណេះ ជំនាញ និងបទពិសោធន៍

ប៉ុន្តែ នៅពេលនិយាយអំពីការរកស៊ី ទន្ទឹមនឹងរូបសម្រស់ អ្នកត្រូវតែមានចំណេះដឹងខ្ពស់ មានជំនាញ និងបទពិសោធច្រើនឆ្នាំក្នុងវិស័យដែលអ្នកចង់រកស៊ី និងមានទុនសមល្មមអាចជាទីទុកចិត្តបាន។ ដើម្បីមានលក្ខណសម្បត្តិដូច្នេះ អ្នកត្រូវតែរៀនសូត្រ ស្រាវជ្រាវ និងធ្វើការឱ្យគេជាមុនសិន។

អ្នកខ្លះចូលធ្វើការឱ្យគេមិនទាន់បានប៉ុន្មានឆ្នាំផង ក៏ប្រញាប់ដកខ្លួនចេញទៅបើកក្រុមហ៊ុនរកស៊ីនឹងគេដែរ ព្រោះតែឃើញគេរកស៊ីបានកាក់កប ដោយមានគំនិតថា “ខ្ញុំក្មេង ខ្ញុំអាចធ្វើបាន”

វាជាការប្រសើរហើយ បើសិនអ្នកជឿជាក់លើសមត្ថភាពខ្លួនឯង និងមានមហិច្ឆតាចង់ក្លាយជាអ្នកមាន ព្រមទាំងហ៊ានដេញចាប់ក្ដីស្រមៃរបស់ខ្លួន។ ប៉ុន្តែ អ្នកត្រូវដឹងថា ក្នុងរយៈពេល10ឆ្នាំ មានក្រុមហ៊ុនបើកថ្មីដល់ទៅ 70% ឯណោះដែលបរាជ័យ និងប្រកាសក្ស័យធន

យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា 80% នៃក្រុមហ៊ុនបើកថ្មី អាចឆ្លងផុតឆ្នាំដំបូង បន្ទាប់ពីនោះមកស្ថានភាពនៅតែបន្តធ្លាក់ចុះ។ បន្ទាប់ពីដំណើរការបាន 2ឆ្នាំ ស្ថានភាពបែបនោះនឹងនៅសល់ 2/3(ពីរភាគបី) ហើយបន្ទាប់ពី 5ឆ្នាំ គឺនៅសល់ពាក់កណ្ដាល(1.5/3)។ ចូរដឹងថា ក្រុមហ៊ុនបើកថ្មីដែលមានជីវិតដល់ខ្ទង់10ឆ្នាំ គឺមានត្រឹមតែ 30% ប៉ុណ្ណោះ។

3.សួរខ្លួនឯង

ខាងលើនេះ មិនមែនគ្រាន់តែការបំភ័យអ្នកដែលចង់បើកក្រុមហ៊ុនផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែ បើអ្នកពិតជាហ៊ានចេញរកស៊ីដោយខ្លួនឯងមែន អ្នកត្រូវតែឆ្លើយនឹងសំណួរមួយចំនួនខាងក្រោមនេះជាមុនសិន ៖     1. តើខ្ញុំមានចំណេះដឹង ឬជំនាញក្នុងវិស័យដែលខ្ញុំចង់រកស៊ីនោះច្បាស់លាស់ហើយឬនៅ?
2. តើខ្ញុំមានបទពិសោធគ្រប់គ្រាន់ហើយឬនៅ?
3. តើខ្ញុំយល់ច្បាស់ឬនៅ ចំពោះវិស័យនានាដែលមានទំនាក់ទំនងជាមួយនិងវិស័យដែលក្រុមហ៊ុនខ្ញុំត្រូវរកស៊ី?
4. វិស័យដែលខ្ញុំនឹងរកស៊ី តើវាអាចរីកចម្រើនដល់កម្រិតណា?
5. ក្នុងទីផ្សារ តើវិស័យនេះមានគូប្រជែងច្រើនប៉ុនណា?
6. តើសហស្ថាបនិករបស់ខ្ញុំ ជាអ្នកណា? និងមានលក្ខណសម្បត្តិបែបណា? (ក្នុងករណីមានភាគហ៊ុន)
7. តើខ្ញុំមានដើមទុនប៉ុន្មាន? តើខ្ញុំអាចទប់ទល់នឹងបរាជ័យបានប៉ុន្មានដង?
8. ខ្ញុំនឹងធ្វើអ្វីបន្ត បើសិនជាខ្ញុំត្រូវក្ស័យធន?
9. តើខ្ញុំបានត្រៀមចិត្តរួចរាល់ឬនៅ បើលទ្ធផលមិនបានដូចបំណង?

ទាំងនេះ គ្រាន់តែជាចំណុចដែលមើលឃើញច្បាស់ៗប៉ុណ្ណោះ តែវានៅមានអ្វីៗជាច្រើនផ្សេងទៀត ដែលអ្នកត្រូវតែស្វែងយល់។

សូមជូនពរឱ្យលោកអ្នក ទទួលបានជោគជ័យក្នុងការរកទទួលទាន!