តើទីក្រុងតូក្យូនឹងទៅជាយ៉ាងណា ពេលភ្នំភ្លើង Fuji ផ្ទុះ?

រដ្ឋាភិបាលប្រទេសជប៉ុនបានធ្វើការវាយតម្លៃថា បើសិនជាភ្នំភ្លើង ហ្វូជិ កើតការផ្ទុះដ៏ធំមួយឡើង អាចធ្វើឱ្យមានកម្អែភ្នំភ្លើងគ្របដណ្ដប់ទូទាំងទីក្រុងតូក្យូ និងតំបន់ជុំវិញ និងអាចធ្វើឱ្យការចែកចាយចរន្តអគ្គិសនី និងការធ្វើចរាចរណ៍គាំងស្ទះដំណើរការមិនខាន។

អ្នកវិទ្យសាស្ត្រល្បីៗលំដាប់ជួរមុខ បាននាំគ្នាចេញមកដាស់តឿនថា សភាវផែនដីឡើងកម្ដៅ នឹងធ្វើឱ្យកើតការរញ្ជួយផែនដីកើនច្រើនឡើងទូទាំងពិភពលោក ហើយភ្នំភ្លើងនឹងផ្ទុះឡើង និងដោយសារតែសីតុណ្ហភាពពិភពលោកដែលកាន់តែក្ដៅឡើង ធ្វើឱ្យទឹកកកនៅកំពូលផែនដីរលាយ…នៅពេលទឹកកករលាយ ក៏នឹងគ្មានអ្វីទាញសង្កត់ផ្ទាំងសម្បកផែនដី…បន្ទះផែនដីនឹងកម្រើក ធ្វើឱ្យផែនដីកាន់តែរញ្ជួយខ្លាំងឡើង និងម៉េកម៉ាខាងក្រោមដីនឹងហូរមកផ្ដុំគ្នា រហូតរង់ចាំកម្លាំងរុញឱ្យផ្ទុះចេញមកនៅកន្លែងណាមួយលើផែនដី…។

ភ្នំហ្វូជិ និមិត្តសញ្ញារបស់ប្រទេសជប៉ុនដែលនៅស្ងៀមនឹងមកអស់រយៈពេលជាង 300ឆ្នាំហើយនោះ នឹងមិនមែននៅស្ងប់ស្ងៀមដូចដែលអ្នកណាៗមើលឃើញនោះទៀតទេ តែគឺជាភ្នំភ្លើងដែលមានថាមពលសកម្ម(Active Volcano) អ្នកជំនាញការជនជាតិជប៉ុនបញ្ជាក់ថា ភ្នំហ្វូជិ នឹងផ្ទុះឡើងម្ដងទៀតយ៉ាងពិតប្រាកដ គ្រាន់តែនៅមិនទាន់ដឹងថា នឹងកើតឡើងនៅពេលណាប៉ុណ្ណោះ។

ក្រុមការងារមួយរបស់រដ្ឋបាលជប៉ុន បានប៉ាន់ប្រមាណការណ៍ថា បើសិនភ្នំភ្លើងហ្វូជិកើតការផ្ទុះដ៏ធំឡើង អាចនឹងមានកម្អែភ្នំភ្លើងហូរធ្លាក់មកប្រមូលសន្សំក្នុង 1ម៉ោងកម្ពស់ប្រមាណ 1-2សង់ទីម៉ែត្រនៅក្នុងទីក្រុងកូតិមបាក់ របស់ខេត្តឈិស៊ូអូកាក់ ដែលនៅជិតជើងភ្នំ ហើយបើភ្នំភ្លើងបាក់ហូរធ្លាក់មកគ្របសង្កត់ទីនោះទាំងអស់ អាចនឹងមានកម្ពស់ដល់ទៅ 1.2ម៉ែត្រ។

ក្នុងតំបន់ស៊ិនជូកុ របស់ទីក្រុងតូក្យូ ដែលឆ្ងាយពីភ្នំហ្វូជិប្រមាណ 90គីឡូម៉ែត្រ ទោះជាមិនមានកម្អែភ្នំភ្លើងធ្លាក់មកគរភ្លាមៗមែន តែនឹងខ្ទាតមកដល់នៅថ្ងៃទី13 ក្រោយការផ្ទុះ និងអាចមានកម្អែភ្នំភ្លើងគ្រប់សង្កត់កម្ពស់ប្រមាណ 1.3សង់ទីម៉ែត្រ។

អ្នកជំនាញការបញ្ជាក់ថា បើកម្អែភ្នំភ្លើងធ្លាក់នៅក្នុងទីក្រុងតូក្យូ និងតំបន់ជុំវិញ មនុស្សម្នាចំនួនដ៏ច្រើនអាចនឹងមិនអាចត្រឡប់ទៅផ្ទះបាន ក្រៅពីនេះការដឹកជញ្ជូនអាហារ និងវត្ថុប្រើប្រាស់ចាំបាច់ផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ អាចនឹងជាប់គាំងស្ទះនៅមួយកន្លែង ហើយបើសិនមានហេតុការណ៍រញ្ជួយផែនដីកើតឡើងផងនោះ អាចនឹងមានអ្នកស្លាប់រាប់ពាន់នាក់ ជា “មហាគ្រោះវិបត្តិ” ធំមួយក្នុងទីក្រុងនៃដែនដីកោះមួយនេះ។

កាលពីអតីតកាល បណ្ដាទីក្រុងនានាដែលស្ថិតនៅជុំវិញភ្នំហ្វូជិ តែងចៀសគេចពីការពិភាក្សារឿងផែនការការពារគ្រោះវិបត្តិ ព្រោះបារម្ភខ្លាចក្រែងថា នឹងបង្កឱ្យកើតមានការភិតភ័យភ្ញាក់ផ្អើលដល់ទីប្រជុំជនដែលស្ថិតនៅជុំវិញនោះ តែក្រោយពីភ្នំហ្វូជិបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីឆ្នាំ2012 មក អ្នកទេសចរ និងអ្នកឡើងភ្នំដែលបានមកដល់ភ្នំហ្វូជិ មានចំនួនកាន់តែច្រើនឡើងៗ ធ្វើឱ្យអង្គភាពផ្សេងៗនៅទីនោះត្រូវធ្វើសេចក្ដីព្រាងវិធានការផ្នែកសុវត្ថិភាពឡើង។

អ្នកជំនាញការជនជាតិជប៉ុនបានរៀបរាប់ថា ភ្នំភ្លើង អាចធ្វើឱ្យមានការខូចខាតយ៉ាងខ្លាំង បើសិនជាវាផ្ទុះឡើង តែបើសម្លឹងមើលក្នុងរយៈពេលវែងវិញ ភ្នំភ្លើងក៏សាងនូវគុណប្រយោជន៍ឱ្យច្រើនដែរ ដូចជា ទស្សនីយភាពដ៏ស្រស់ស្អាតប្លែកភ្នែក ទឹកនៅក្រោមដីដែលនឹងមានយ៉ាងបរិបូរណ៍ និងផ្ទៃដីជើងភ្នំដ៏ធំទូលាយ ដែលស័ក្តិសមបំផុតក្នុងការដំណើរការកិច្ចការងារខាងសេដ្ឋកិច្ចដ៏សម្បូរបែប។

អំឡុងពេលដែលភ្នំភ្លើងផ្ទុះនោះ ជាអំឡុងពេលដែលខ្លីបំផុត បើប្រៀបធៀបនឹងអំឡុងពេលដែលវានៅស្ងប់ស្ងៀម បើសិនមានការត្រៀមរួចជាស្រេច និងដំណើរការវិធានការទប់ទល់ដែលគ្រប់គ្រាន់ បណ្ដាភ្ញៀវទេសចរ និងអ្នករស់នៅក្នុងបរិវេណជុំវិញភ្នំ ក៏នឹងបានរំភើបរីករាយជាមួយនឹងភាពស្រស់ស្អាតរបស់ភ្នំភ្លើងបានយ៉ាងមានសុវត្ថិភាព។

ក្ដីព្រួយកង្វល់រឿងភ្នំភ្លើងហ្វូជិ ថានឹងផ្ទុះឡើងម្ដងទៀតនោះ អាចទប់ទល់បានដោយការត្រៀមរួចជាស្រេចនូវផែនការគ្រោះវិបត្តិ និងការធ្វើឱ្យមនុស្សម្នាទាំងឡាយយល់ដឹងពីគ្រោះអន្តរាយរបស់ភ្នំភ្លើង តែមិនភ័យឆ្លេឆ្លាភ្ញាក់ផ្អើល…ប្រជាជនគួរត្រៀមខ្លួនឱ្យរួចជាស្រេចចំពោះការផ្ទុះដែលអាចនឹងកើតឡើង តែក៏នឹងនៅតែបានស្ងើចសរសើរចំពោះទស្សនីយភាព និងប្រើប្រាស់ប្រយោជន៍ពីភ្នំភ្លើងបានដែរ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement