បើសិន​យើង​ពង្រី​ងទឹក​សមុទ្រ​ឱ្យ​អស់ តើ​ផែន​ដី​នឹង​មាន​រូប​រាង​យ៉ាង​ណា​?

សមុទ្រ​កំពុង​គ្រប​ដណ្ដប់​ផ្ទៃ​ដី​ភាគ​ច្រើន​នៃ​ភព​ផែន​ដី​ រួម​ទាំង​ជួរ​ភ្នំ​វែង​បំផុត​ក្នុង​លោក​ និង​តំបន់​ “ស្ពាន” បុរាណដែល​មនុស្ស​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ដំណើរ​ឆ្លង​ទ្វីប​។

នៅ​ក្នុង​ឃ្លីប​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទី​ភ្នាក់​ងារ​អវកាស​ NASA កាល​ពី​ឆ្នាំ 2008​ អ្នក​វិទ្យា​សាស្ត្រខាង​ភព គឺ​លោក​បណ្ឌិត James O’Donoghue បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​អំពីរូប​រាង​ដ៏សោះ​កក្រោះ​នៃ​ភព​ផែន​ដី​ បន្ទាប់​ពី​ទឹក​ក្នុង​មហា​សមុទ្រ​ ត្រូវ​បាន​ធ្វើ​ឱ្យ​រីង​ហួត​អស់​។

លោក​បណ្ឌិត James O’Donoghue បច្ចុប្បន្ន ធ្វើ​ការ​ឱ្យ​​ទី​ភ្នាក់​ងារ​​អវកាស​ជប៉ុន JAXA ដែល​ដើម​ឡើយ​ គាត់​ធ្លាប់​បាន​ធ្វើ​ការ​ឱ្យ​អង្គការ​ NASA របស់​សហ​រដ្ឋ​អាមេរិក។ លោក​បណ្ឌិត​ James O’Donoghue បាន​ប្រើ​ប្រាស់​ឃ្លីប​វីដេអូ​​របស់​អ្នក​រូប​វិទ្យា និងជា​ផលិតករ​ភាព​យន្ត​តុក្កតា​ Horace Mitchell ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ 2008។ បណ្ឌិត​រូប​នេះ​ បាន​បន្ថយ​ល្បឿន​នៃ​វីដេអូ និង​បាន​បន្ថែម​សញ្ញា​ ឬ​រូប​ភាព​នៃ​កម្រិត​ទឹក​ក្នុង​សមុទ្រ​ដែល​ហួត​បន្តិច​ម្ដង​ៗ ទាល់​តែ​អស់​ពី​ផែន​ដី​។

បន្ទាប់​ពី​ទឹក​សមុទ្រ​ត្រូវ​រីង​ ផ្នែក​ដំបូង​នៃ​ផ្ទៃ​ដី​ដែល​លេច​ចេញ​ គឺ​ជា​ខ្ពង់រាប​​បាត់​សមុទ្រ​ និង​បណ្ដា​ចង្កេះ​ទ្វីប​ ឬ​តំបន់​ខណ្ឌ​ចែក​ព្រំដែន​នៃ​បណ្ដាទ្វីប។

លោក​បណ្ឌិត​ James O’Donoghue បាន​មាន​ប្រសាសន៍ថា ៖ “ខ្ញុំ​បាន​ពន្យឺត​ផ្នែក​ដំបូងនៃ​វីដេអូ​ ហើយ​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់់​ផ្អើល​ណាស់ ព្រោះ​​មាន​ទេស​ភាព​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​សមុទ្រ​ដែល​លេច​ចេញក្នុង​ជម្រៅ​10ម៉ែត្រ​ដំបូង​”។​

បណ្ដា​ខ្ពង់​​រាបបាត​សមុទ្រ​រួម​មានតំបន់​ខ្ពស់​ៗ​ដែល​មនុស្ស​យើង​សម័យ​ដើម​ បាន​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ការ​ផ្លាស់​ទី​ពី​ទ្វីប​នេះ ទៅកាន់​ទ្វីប​នោះ។ កាល​ពី​ប៉ុន្មាន​ម៉ឺន​ឆ្នាំ​មុន បុព្វ​បុរស​របស់​យើង​អាច​ធ្វើ​ដំណើរ​ពី​ទ្វីបអឺរ៉ុប​ទៅ​កាន់​ចក្រ​ភព​អង់គ្លេស ពីរុស្ស៊ី​ទៅ​កាន់​អាមេរិក និង​ពី​អូស្ត្រាលី​ទៅ​កាន់បណ្ដា​កោះ​ផ្សេង​ៗ​ដែល​នៅ​ជុំវិញ​នោះ​។

បណ្ឌិត O’Donoghue បន្ថែម​ថា ៖ “នៅ​ពេល​ដែល​យុគ​សម័យ​ទឹក​កកចុង​ក្រោយ​បាន​កើត​ឡើង ទឹក​សមុទ្រ​ត្រូវ​កក​ជា​ទឹក​កក ដូចទៅ​នឹង​ផ្ទាំង​ទឹកកក​ធំ​ៗ​នៅ​ប៉ូល​ទាំង​ពីរនៃ​ផែន​ដី។ នោះ​គឺជា​មូលហេតុ​ដែល​នាំ​ឱ្យ​បណ្ដា​ “ស្ពាន” នៃទ្វីប​កើតឡើង​។ “ស្ពាន” ទាំង​នេះ អនុញ្ញាត​ឱ្យ​មនុស្ស​លោក​អាច​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ នៅ​ពេលយុគ​សម័យទឹកកក​បាន​កន្លង​ផុត​ទៅ ទឹក​សមុទ្រ​ក៏​បាន​លុប​ផ្លូវ​ទាំង​នេះ​”។

ដោយ​ការ​បំបាត់​ទឹក​សមុទ្រ ឃ្លីបវីដេអូ​នេះ បាន​នាំ​យើង​ទៅ​ទស្សនា​ពិភព​លោក​ក្នុង​យុគ​សម័យ​ដើម​របស់​មនុស្ស​។

វា​ក៏​បាន​បង្ហាញឱ្យ​ឃើញ​ជួរ​ភ្នំដែល​វែង​បំផុត​របស់​ផែន​ដី នៅ​ពេល​ទឹក​សមុទ្រ​ស្រក​ចុះ​ចាប់​ពី​ 2,000ម៉ែត្រ ទៅ 3,000​ម៉ែត្រ។ នោះ​គឺជា​ជួរ​ភ្នំ​ដែល​ស្ថិត​នៅ​កណ្ដាល​​មហា​សមុទ្រ​ ប្រវែង​ជាង 60,000​គីឡូម៉ែត្រ និងអូស​បន្លាយ​ពេញ​ផែន​ដី។ 90%​ នៃ​ជួរ​ភ្នំ​នេះ ស្ថិត​ក្រោម​ទឹក​សមុទ្រ​។

នៅ​ពេល​ទឹក​សមុទ្រ​បាន​ស្រក​ចុះ​ជាង 6,000​ម៉ែត្រ ផ្ទៃ​ក្រឡា​នៃ​សមុទ្រ​ភាគ​ច្រើន​បាន​បាត់​បង់​។ ប៉ុន្តែ គេ​ត្រូវ​សម្រក​​ទឹក​សមុទ្រ​ 5,000​ម៉ែត្រ​បន្ថែម​ទៀត​ ទើប​តំបន់​ជ្រៅ​បំផុត​នៃ​ជ្រលង​ Mariana ត្រូវ​រីងអស់។

លោក​បណ្ឌិត​ James O’Donoghue បញ្ជាក់​ថា ៖ “ការ​ធ្វើ​ឱ្យ​ទឹក​សមុទ្រ​រីង មិន​ត្រឹម​តែ​ឱ្យ​យើង​មើល​ឃើញ​ជម្រៅ​បាត​សមុទ្រ​នោះ​ទេ តែ​វា​ក៏​ជួយ​ឱ្យ​មើល​ឃើញ​ប្រវត្តិ​សាស្ត្រ​នាយុគ​សម័យ​ដើម​នៃ​មនុស្ស​ជាតិ​ផងដែរ​”៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement