អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញភពយក្ស​មួយ​ កំពុងស្ថិត​ក្នុង​ដំណាក់​កាល​នៃការ​​កកើត​

វិទ្យាស្ថានបច្ចេកវិទ្យា Rochester បាន​ប្រកាស​ថា បាន​រក​ឃើញ​ភពដ៏ “​​ក្មេងខ្ចី” ​មួយ​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​ពិភពផ្កាយ​ព្រហស្បតិ៍ ដល់ទៅ10​ដង និង​មាន​ចម្ងាយ​ពី​ផែន​ដី ប្រហែល​ 330ឆ្នាំ​ពន្លឺ​។

ពិភព​ទាំង​ឡាយ​ដែលធ្លាប់​ត្រូវ​បាន​តារា​វិទូ​រក​ឃើញ​កន្លង​មក សុទ្ធ​តែ​ជា​ភព​ដែល​មាន​ទ្រង់ទ្រាយ​ជា​ភព​ពេញ​លេញ បន្ទាប់​ពី​បាន​​ស្រូប​យក​សារ​ធាតុ​ផ្សេង​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​វា អស់​រយៈ​ពេល​រាប់​លាន​ឆ្នាំ​។ ក៏ប៉ុន្តែ ការ​រក​ឃើញ​ថ្មី​នេះ 2MASS 1155-7919 b គឺជា​ភព​មួយដែល​មាន​អាយុ​កាល​ “ក្មេង​” ខ្លាំង​ណាស់ ដែល​អ្នក​វិទ្យា​សាស្ត្រ​យល់​ថា វា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​កណ្ដាល​នៃ​ការ​កកើត​។ នេះ​បើ​តាម​​សារ​ព័ត៌មាន​ CNN។

ពិភព 2MASS 1155-7919 b នេះ មាន​ចម្ងាយ​ពី​ផែន​ដី​ ប្រមាណជា​ 330​ឆ្នាំ​ពន្លឺ (1ឆ្នាំ​ពន្លឺ​ស្មើ​នឹង​ 9,46​លាន​​លាន​គីឡូម៉ែត្រ (9.46 trillion kilometers)​ ស្ថិត​ក្នុង​កញ្ចុំ​ផ្កាយ Epsilon Chamaeleontis ដែល​យើង​អាច​មើល​ឃើញ​នៅ​ទិស​ខាង​ត្បូង​នៃ​ជើង​មេឃ​។ ភព​នេះ មាន​ទម្ងន់​ធ្ងន់​ជាង​ភព​ព្រហស្បតិ៍​ប្រហែល​ 10ដង និង​កំពុង​វិល​ជុំ​វិញ​ផ្កាយ​មួយ​ដែលមាន​អាយុ​កាល​ប្រហែល​ 5លាន​ឆ្នាំ​ (ផ្កាយ​នេះ ក្មេង​ជាង​ព្រះអាទិត្យ​របស់​យើង​ដល់​ទៅ​រាប់​ពាន់​ដង)។​

ប្រការ​ដែល​គួរ​ឱ្យ​ស្ដាយ​នោះ​គឺថា ភព​នេះ ស្ថិត​នៅ​ឆ្ងាយ​ពី​​​ព្រះអាទិត្យ​របស់វា​ខ្លាំង​ណាស់ គឺ​ឆ្ងាយ​ជាង​ 600ដង បើធៀប​នឹង​​ចម្ងាយ​ពី​ផែន​ដី​ទៅកាន់ព្រះអាទិត្យ​របស់​យើង​។ ចម្ងាយ​នេះ ត្រូវ​បាន​គេ​ជឿថា នឹង​ផ្លាស់​ប្ដូរ​នៅ​ពេល​ដំណាក់​កាល​កកើត​របស់​វា​បាន​បញ្ចប់ ហើយ​មាន​តែ​ការ​ពិនិត្យ​មើល​ក្នុង​អនាគតកាលដ៏​វែង​ឆ្ងាយ​ខាង​មុខ​ ទើប​អ្នក​វិទ្យា​សាស្ត្រអាច​ដឹង​អំពី​ចម្ងាយ​ចុង​ក្រោយ​របស់​ភព 2MASS 1155-7919 b ​និង​ផ្កាយ​មេរបស់វា​នេះ។

ការ​រក​ឃើញ​ខាង​លើ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើ​ទិន្ន​ន័យ​​បាន​មក​ពី​កែវ​យឺត​ Gaia របស់​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុបនេះ មិន​ត្រឹម​តែ​ជួយ​ដល់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ ​ស្រាវ​ជ្រាវ​អំពី​ការ​កកើត​នៃ​បណ្ដា​ភព​ឧស្ម័ន​យក្ស តែ​វា​ក៏​ជួយ​ឱ្យ​ក្រុម​តារាវិទូ​យល់​កាន់​តែ​ច្បាស់​អំពី​គន្លង​គោចរ​របស់​ពួកវា​ផងដែរ។ ការ​រក​ឃើញ​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង តាម​រយៈ​ឯកសារ​សិក្សា​ស្រាវជ្រាវ​របស់​សមាគម​តារាវិទ្យាអាមេរិកាំង​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement