ថ្ងៃ​បុណ្យនៃក្ដី​ស្រឡាញ់មក​ដល់​ហើយ! ទាំង​នេះ​ជាកាដូដែល​ប្រកប​ដោយ​ភាពទាក់​ទាញ និង​បង្កើនភាព​ផ្អែម​ល្ហែម សុភមង្គល សម្រាប់​នារីគ្រប់​រូប

ការ​ជូន​កាដូ ឬ​អំណោយ​គឺជា​វិធី​មួយ​ដែល​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ ការ​មេត្តា ឬ​មនោសញ្ចេត​នា​ចំពោះ​អ្នក​ទទួល​។ កាដូ​ទាំង​នោះ អាច​ “និយាយ​” ជំនួស​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​និយាយ។ ប៉ុន្តែ អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អត្ថន័យ​នៃ​អំណោយ ឬ​កាដូ​សម្រាប់​ថ្ងៃ​នេះ ព្រោះ​ថា វា​មាន​តម្លៃ​ទៅ​តាម​កាលៈទេសៈ។ ក្នុង​អត្ថបទ​នេះ យើង​សូម​និយាយ​តែ​អំពី​ក្ដី​ស្រឡាញ់​រវាង​បុរស​ និង​នារី​ ដែល​ជា​គូស្នេហ៍​នឹ​ង​គ្នា​ប៉ុណ្ណោះ។

ថ្ងៃបុណ្យ​នៃក្ដី​ស្រឡាញ់ (Valentinne 14/2) ឆ្នាំ​នេះ តើ​គួរ​ជូន​កាដូ ឬ​អំណោយ​អ្វី​ដល់​នារី​ជា​គូស្នេហ៍​របស់​អ្នក​? ខាង​ក្រោម​នេះ គឺជា​កាដូ​មួយ​ចំនួន​ដែល​ប្រកប​ដោយ​អត្ថន័យ សម្រាប់​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ 14កុម្ភៈ 2020។

ផ្កា​កុលាប

ឆ្នាំ 2020 គឺ​ជា​យុគ​សម័យ​នៃ​បច្ចេក​វិទ្យា​ ប៉ុន្តែ អ្នក​ក៏​មិន​ត្រូវ​ភ្លេច​កាដូ​ដែល​នៅ​តែ​ពេញ​និយម​នោះ​ដែរ នោះ​គឺ​ផ្កា​កុលាប។ មិនចាំបាច់​ដល់ទៅ​មួយ​បាច់​នោះ​ទេ គ្រាន់​តែ​មួយ​ទង​ក៏​គ្រប់​គ្រាន់សម្រាប់​ធ្វើ​ឱ្យ​គូស្នេហ៍​របស់​អ្នក​​សប្បាយ​ចិត្ត​។ ប៉ុន្តែ បើ​គ្មាន​ផ្កា​កុលាប​ទេ​ វា​ហាក់​ដូច​ជា​ខ្វះអត្ថ​ន័យ​​អ្វី​ម្យ៉ាង​។

ដោយ​មាន​រូបរាង​ស្រស់​ស្អាត លេច​ធ្លោ និង​ក្លិន​ក្រអូប​ស្រាលៗ ទាក់ទាញ ទើប​ផ្កា​កុលាប​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា “ស្ដេច” នៃ​បុប្ផា ដែលតំណាង​ឱ្យ​ស្នេហា សម្រស់ សង្គ្រាម និង​នយោបាយ​។ ប៉ុន្តែ ប្រភេទ​ផ្កា​កុលាប​និមួយ​ៗ វា​មាន​អត្ថន័យ​ និង​សម្រស់​ដោយ​ឡែក។

នៅ​ក្នុង​ទេវកថាក្រិក ផ្កា​កុលាបក្រហម ផ្សារ​ភ្ជាប់​ជាមួយ​នឹង​រូបភាព​ទេពធីតា​នៃ​សេចក្ដី​ស្រឡាញ់។ ចាប់​ពី​ពេល​នោះ ផ្កា​កុលាប​ក្រហម បាន​ក្លាយ​ជា​​អ្នក​តំណាង​ឱ្យ​ក្រី​ក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​ដ៏ខ្លាំង​ក្លា​។​ នៅ​ពេល​អ្នក​ជូន​ផ្កា​នេះ​ទៅ​ឱ្យ​អ្នក​ណា​ម្នាក់ គឺ​ប្រៀប​បាន​ដូច​ជា​ អ្នក​បាន​ផ្ញើ​សារ​មួយ​ទៅ​កាន់​អ្នក​ទទួល​ថា “បង​ស្រឡាញ់​អូន”។

សូកូឡា

ជា​យូរយារ​ណាស់​មកហើយ សូកូឡា បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ស្នេហា នៃ​ភាព​ផ្អែម​ល្ហែម និង​ការ​ចូល​ចិត្ត​ខ្លាំង។ សូកូឡា បាន​ក្លាយ​ជា​អំណោយ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ (Valentine) ចាប់​តាំង​ពី​ឆ្នាំ 1902 មក​ម្ល៉េះ។

សូកូឡា​ ត្រូវ​បាន​ចាត់​ទុក​ជា​កាដូ​ពិសេស​សម្រាប់​ថ្ងៃ​ 14កុម្ភៈ ព្រោះ​ថា វាមាន​រស​ជាតិ​ផ្អែម និង​ល្វីង​លាយ​ឡំគ្នា​ ដូចទៅ​នឹង​រស​ជាតិ​នៃ​ស្នេហា​ពិត​ៗ។

គ្រឿង​អលង្ការណ៍

ចំពោះ​ស្ត្រី គ្រឿង​អលង្ការណ៍បាន​ក្លាយ​ជា​របស់​មួយ​ដែល​​ស្ទើរ​តែ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ ក្រវិល​ដ៏តូច​មួយ​គូ កង​ដៃ​ស្រស់​ស្អាត​មួយ​វង់ ឬ​ចិញ្ចៀនតូ​ចមួយ​វង់ ក៏​អាច​ជួយ​ឱ្យ​នារី​ម្នាក់​សប្បាយ​ចិត្ត។

គ្រឿង​អលង្ការណ៍​មួយ​ដែល​សម​ស្រប​នឹង​វ័យ និងការ​ចូល​ចិត្ត​របស់​អ្នក​ទទួល​ ក៏​រួម​ចំណែក​ជួយសម្ដែង​អំពី​​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ជូន​ផងដែរ។

គ្រឿង​សំអាង

គ្រឿង​សំអាង ដូច​ជាឡេ​លាប​ស្បែក ឡេ​ការពារ​កម្ដៅ​ថ្ងៃ ក្រែម​លាប​បបូរមាត់ ឬ​ទឹក​អប់​ជា​ដើម គឺជា​របស់​ដែល​នារី​ទាំង​អស់​ចូលចិត្ត​។ ដូច្នេះ កាដូដែល​ជា​គ្រឿង​សំអាងនេះ នឹង​បង្ហាញ​ឱ្យ​ឃើញថា អ្នក​គឺជា​បុរស​ដែល​ចេះយក​ចិត្ត​ទុក​ដាក់​ និង​ចូល​ចិត្ត​អ្វី​ដែល​នាង​ (គូស្នេហ៍) ចូលចិត្ត​ និង​ចង់​បាន​។

ការ​ជ្រើស​រើស​គ្រឿង​សំអាង​ដើម្បី​ជូន​នាង​ គឺ​មិន​មែន​នឹក​ឃើញ​ភ្លាម​ទិញ​ភ្លាម​នោះ​ទេ តែ​ត្រូវ​ចំណាយ​ពេល​ស្វែង​យល់​ថា នាង​ចូល​ចិត្ត​ និង​សម​ស្រប​ជា​មួយគ្រឿង​សំអាង​ប្រភេទ​ណា ដើម្បី​ចៀស​វាង​ការ​ខាត​បង់​ដោយ​សារ​នាង​មិន​ចូល​ចិត្ត ឬផលិត​ផល​នោះ​ ​ប្រើ​មិនកើត​សម្រាប់​នាង។

ដំណើរ​កម្សាន្ត​បែប​​រ៉ូម៉ែនទិក

កាដូ​នេះ សម​ស្រប​ចំពោះ​គូស្វាមី​ភរិយា​ដែល​មាន​បំណង​បង្កើន​មនោសញ្ចេតនា ឬ​គូស្នេហ៍​វ័យ​ក្មេង​ដែល​ចង់​បង្កើត​អនុស្សាវរីយ៍ផ្អែម​ល្ហែម​ពិបាក​បំភ្លេច។

ក៏ប៉ុន្តែ ដោយ​សារ​តែ​បច្ចុប្បន្ន អាសន្នរោគ​កូរ៉ូណា​​ Covid-19 កំពុង​រាត​ត្បាត​ពិភព​លោក ដូច្នេះ អ្នក​ត្រូវ​តែ​​ប្រុង​ប្រយ័ត្ន​ទៅ​លើ​ការ​ថែ​រក្សា​អនាម័យ​ ការ​ពារសុខភាព ដូចជា​ពាក់​ម៉ាស់ និង​លាង​ដៃ​នឹង​សាប៊ូ ឬ​ទឹក​កម្ចាត់​​មេរោគ​ជា​ដើម នៅពេល​ទៅ​កាន់​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​។

ញ៉ាំ​អាហារ​ជា​មួយ​គ្នា

មិន​ថា គូ​ស្នេហ៍​ថ្មី​ថ្មោង​ ឬ​គូស្នេហ៍​ចាស់នោះទេ ការ​ជូន​ផ្កា​កុលាប​តែ​មួយ​មុខ គឺហាក់​ដូច​ខ្វះ​អ្វី​ម្យ៉ាង​ដែរ។ ដើម្បី​បន្ថែម​ភាព​ផ្អែម​ល្ហែម និង​សុភមង្គល អ្នក​គួរ​នាំ​​គូស្នេហ៍ ទៅ​ញ៉ាំ​អ្វី​មួយ​នៅ​កន្លែង​ដែល​នាង​ចូល​ចិត្ត​ និង​ឆ្លៀត​ឱកាស​និយាយ​ពាក្យ​ស្នេហា​ទៅ​កាន់​នាង​។

ខោអាវ កាបូប ស្បែក​ជើង

នេះ​ក៏ជា​កាដូ​ដែល​មាន​លក្ខណចាំបាច់​ ហើយ​នាង​ក៏​ប្រាកដជា​ចូលចិត្ត​។ ប៉ុន្តែ ដូចទៅ​នឹង​គ្រឿងសំអាង កាដូ​ជា​ខោអាវ ឬ​កាបូប​ គួរ​តែ​ជ្រើស​រើស​ទៅ​តាម​ការ​ចូលចិត្ត​របស់​អ្នក​ទទួល។ ល្អ​បំផុត ក្រោយ​ពី​បាន​ជូន​ផ្កាកុលាបទៅ​ឱ្យ​នាង​ ប្រុស​ៗ​យើងគួរ​អញ្ជើញ​គូស្នេហ៍​ទៅ​ញ៉ាំ​អាហារ​នៅ​កន្លែង​ណា​មួយ​ បន្ទាប់​មក បបួល​នាងដើរ​ផ្សារ​ជាមួយ​គ្នា។ បែប​នេះ អ្នក​ទាំង​ពីរ​មាន​ឱកាស​ច្រើន​ដើម្បីនៅ​ក្បែរ​គ្នា ហើយ​អាច​ជ្រើស​រើស​កាដូ​សម​ស្រប​សម្រាប់​នាង​ផងដែរ។

សម្ភារ​បច្ចេក​វិទ្យា

ទូរស័ព្ទទំនើប ឬ​កុំព្យូទ័រជា​ដើម គឺជា​កាដូដ៏អស្ចារ្យបំផុត ដែល​​នារី​ទាំង​ឡាយចូល​ចិត្ត មិន​ថា​នាង​ជា​មនុស្ស​​និយម​ ឬ​មិន​និយម​បច្ចេក​វិទ្យានោះទេ​៕

Advertisement