វិសាខ​បូជា​​គឺ​ជា​ថ្ងៃ​មង្គល​​អស្ចារ្យ ​សម្រាប់​ពុទ្ធ​សាសនិក​រម្លឹក​ដល់​មហា​ព្រឹត្តិការណ៍​​ក្នុង​ពុទ្ធ​សម័យ

វិសាខ​បូជា​​គឺ​ជា​ថ្ងៃ​មង្គល​​អស្ចារ្យ ​សម្រាប់​ពុទ្ធ​សាសនិក​រម្លឹក​ដល់​មហា​ព្រឹត្តិការណ៍​​ក្នុង​ពុទ្ធ​សម័យ

វិសាខបូជា​គឺជា​ពិធី​បុណ្យ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ចំណោម​ពិធី​បុណ្យ​ធំ​ៗ​ក្នុង​ព្រះពុទ្ធ​សាសនា​ ដែល​​ត្រូវ​បាន​​​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​​ពេញបូណ៌មី​ខែ​ពិសាខជា​រៀង​រាល់​ឆ្នាំ​ ក្នុង​បំណង​​​រម្លឹក​​ដល់​ព្រឹត្តិការណ៍​សំខាន់​ៗ​ចំនួន​3​នៃ​​សម័យ​ពុទ្ធកាល​។

​វិសាខ​បូជា​បាន​ក្លាយ​ជា​ពិធីបុណ្យ​អន្តរ​ជាតិ​ជា​ផ្លូវ​ការ​មួយ​ក្នុង​ពិភពលោក​ បន្ទាប់​ពី​ត្រូវ​បាន​​​ប្រទេស​ជា​ច្រើន​ដែល​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ ​អនុម័ត​ និង​ទទួលស្គាល់កាល​ពី​ឆ្នាំ​1999​។ ប្រទេស​កម្ពុជា​ក៏​បាន​ចាត់​ទុក​ពិធី​បុណ្យ​វិសាខ​បូជា​នេះ​ ជា​បុណ្យ​ជាតិ​ដ៏សំខាន់ផងដែរ​។ បុណ្យ​វិសាខបូជា​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​បំណង​​​រម្លឹក​ដល់​ព្រឹត្តិការណ៍​ពិសេស​ៗ​ចំនួន3​ ដែល​ទាក់​ទិន​ទៅ​​នឹង​ដំណើរ​ជីវិត​របស់​ព្រះ​ពុទ្ធ​ រួម​មាន​ ទី​មួយគឺ​ “​ព្រះ​អង្គ​ទ្រង់​ប្រសូត” ទីពីរ​គឺ​ “ព្រះ​អង្គ​​ត្រាស់​ដឹង និង​ទីបី​គឺ​ “​ព្រះ​ពុទ្ធ​ទ្រង់​ចូល​ព្រះ​និព្វាន“។

*ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​​​ប្រសូត​នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុន​គ្រិស្តសករាជ 632​ឆ្នាំ​។ នៅ​ពេល​មាន​ព្រះ​ជន្ម​29​​ឆ្នាំ​ ទ្រង់​ក៏​បាន​យាង​ទៅ​សាង​ផ្នួស ស្វែង​រក​ផ្លូវ​ត្រាស់​ដឹង​ដើម្បី​ជួយ​រំដោះ​ទុក្ខ​សត្វ​លោក។

*បន្ទាប់​ពី​បាន​សាង​ព្រះ​ផ្នួស​​ និង​ស្វែង​រក​​ធម៌​​អស់​រយៈពេល6​ព្រះ​វស្សា ព្រះ​អង្គ​ក៏​បាន​ត្រាស់​ដឹង​ធម៌​ក្នុង​លោក និង​បាន​កា្ល​យ​ជា​ព្រះសម្មាសម្ពុទ្ធ​នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នា​វេលា​ទៀប​ភ្លឺ។

*ព្រះសម្មាសម្ពុទ្ធ​ ទ្រង់​យាង​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅ​ពេល​​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​80​​ព្រះ​វស្សា។

ព្រះ​សម្មាសម្ពុទ្ធ​ ​ទ្រង់​ប្រសូត ត្រាស់​ដឹង និង​យាង​ចូល​ព្រះ​និព្វាន​នៅ​ក្នុង​ថ្ងៃ​15​កើត ពេញបូណ៌មី ខែវិសាខ​ដូច​គ្នា ដោយ​​​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ​ដោយ​តែ​មាន​លក្ខណៈ​ដ៏​ពិសេស​អស្ចារ្យ​បែប​នេះ​ហើយ​ ទើប​បាន​ជា​​លោក​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាស​នា​បាន​កត់ត្រា​ទុកក្នុង​ព្រះ​គម្ពីរ​ពុទ្ធ​សាសនា​ថា​ ជា​ថ្ងៃ​មង្គល​ដ៏​មហា​អស្ចារ្យ​សម្រាប់​ពុទ្ធ​សាសនា​ទាំង​មូល​នៅលើ​ពិភពលោក​​។

ពិធី​បុណ្យ​ពិសាខ​បូជា​ឆ្នាំ​នេះ នឹង​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​​​​ថ្ងៃ​ទី​6​ ខែ​ឧសភា ឆ្នាំ​2020 ត្រូវ​នឹងថ្ងៃ​15​កើត​ ពេញ​បូណ៌មី ខែ​ពិសាខ​ ពុទ្ធ​សករាជ​2563 ជា​ថ្ងៃ​​​ចុងក្រោយ​នៃ​ពុទ្ធ​សករាជ​ឆ្នាំ​2563។ ថ្ងៃ​​ខាន​ស្អែក​នឹង​ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នៃ​ពុទ្ធសករាជ​2564​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​7​ ខែ​ឧសភា ឆ្នាំ​2020៕

Advertisement