សេដ្ឋី​ម្នាក់​ដែល​មាន​បាន​ដោយ​ការ​ប្រឹង​ប្រែង​ បង្ហើប​អំពី​ការ​សោក​ស្ដាយ​​​កាលពី​វ័យ​ខ្ទង់​ម្ដៃ! ដឹង​បាន​ឆាប់​ ជោគ​ជ័យ​​លឿន​!

សេដ្ឋី​ម្នាក់​ដែល​មាន​បាន​ដោយ​ការ​ប្រឹង​ប្រែង​ បង្ហើប​អំពី​ការ​សោក​ស្ដាយ​​​កាលពី​វ័យ​ខ្ទង់​ម្ដៃ! ដឹង​បាន​ឆាប់​ ជោគ​ជ័យ​​លឿន​!

សេដ្ឋី Grant Cardone បាន​ផ្ញើ​ការ​ក្រើន​រំឭក​ថា ការ​ចំណាយ​ពេល​ និង​ប្រាក់​កាស​ដោយ​ឥត​ប្រយោជន៍​​ទៅ​លើ​ការ​ផឹក​ស៊ី ការ​ដើរ​ទេស​ចរណ៍​បែប​អ្នក​មាន​​​ជា​ដើម​នឹង​ធ្វើ​ឱ្យ​យុវវ័យ​ត្រូវ​ស្ដាយ​ក្រោយ​​មិន​ខាន​នៅ​ពេល​អនាគត​។

Grant Cardone គឺជា​សេដ្ឋី​ម្នាក់​ដែល​រកស៊ី​មាន​បាន​ដោយ​ខ្លួន​ឯង​​នៅក្នុង​វិស័យ​អចលន​ទ្រព្យ​ ព្រម​ទាំង​បាន​សរសេរ​សៀវ​ភៅ​ជា​ច្រើន​ស្ដី​អំពី​ជំនួញ​​និង​ការ​​លក់​ដូរ​។ នឹក​ឃើញ​ដល់​ដំណាក់​កាល​ក្នុង​វ័យ​ខ្ទង់​ម្ភៃ​ Grant Cardone និយាយ​ថា គាត់​មាន​អតីត​កាល​ជា​ច្រើន​ដែល​មិន​ដឹង​អ្វី​សោះ​អំពី​ប្រាក់​។ រក​ប្រាក់​បាន​តិច​ ប៉ុន្តែ​បែរ​ជា​ចំណាយ​ពេល​ឥត​ប្រយោជន៍​ច្រើន​ និង​ចាយ​វាយខ្ជះខ្ជាយ​​ទៅ​លើ​តែ​កិច្ច​ការ​ដែល​មិន​​នាំ​មក​នូវ​ផល​ប្រយោជន៍​ដល់​ជីវិតនិង​ការ​រកស៊ី​​។ ខាង​ក្រោម​នេះ​គឺជា​ប្រការ​ទាំង​4​កាល​ពី​ពេល​នៅ​ក្មេងដែល​លោក​ Grant Cardone ស្ដាយ​ក្រោយ​ជាទី​បំផុត​​​៖

1.គ្រឿង​ស្រវឹង​​ និង​គ្រឿង​រំញោច​អារម្មណ៍​គឺជា​កំហុស​ឆ្គង​ធំជាង​គេ​បង្អស់

ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា Cardone ធ្លាប់បាន​​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​ការ​សប្បាយ​ជាមួយ​​ការ​ជួប​ជុំ​ជប់​លៀង​​។ លោក​និយាយ​ថា គួរ​ណាស់​តែ​យក​ប្រាក់​ទាំង​នោះ​មក​ចំណាយ​ទៅ​លើ​ការ​បង្កើន​ជំនាញ​ ចំណេះ​ដឹង​ថ្មី​ និង​បង្កើត​ទំនាក់​ទំនង​ដែល​មាន​គុណ​ភាព​។

“បើ​សិន​ជា​ខ្ញុំ​អាច​ធ្វើ​ឱ្យ​ពេល​វេលា​ត្រលប់​ថយ​ក្រោយ​ ខ្ញុំ​នឹង​ប្រាប់​ខ្លួន​ឯង​ឱ្យ​បន្ត​សិក្សា​ដោយ​ប្រឹង​ប្រែង​បើ​ទោះ​ជា​បាន​បញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​ក៏ដោយ​”។ លោក Cardone បន្ត​ថា សញ្ញាបត្រ​ធម្យមសិក្សា​គឺ​គ្មាន​ប្រយោជន៍​​នោះ​ទេ​ ហើយ​សញ្ញា​បត្រ​បរិញ្ញាបត្រ​ក៏​មិន​មាន​ន័យ​អ្វី​ច្រើន​នោះ​ដែរ​បើ​សិន​ជា​​អ្នក​មិន​មាន​ជំនាញ​សម​ស្រប​ដើម្បី​ដើរ​ឱ្យ​ទាន់​ទីផ្សារ​។

“រហូត​ដល់​​អាយុ​25​ឆ្នាំ​ ទើប​ខ្ញុំ​ដឹង​អំពី​ប្រការ​នេះ​ ហើយ​ក៏​បាន​ចំណាយ​ប្រាក់​3,000​ដុល្លារ​សម្រាប់​វគ្គបណ្ដុះ​បណ្ដាល​ដំបូង​បង្អស់​ស្ដី​អំពី​គន្លឹះ​នៃ​ការ​លក់​ដូរ​។ នោះ​គឺ​ជា​ការ​បើក​ទំព័រ​ថ្មី​សម្រាប់​ជោគ​ជ័យ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​” លោក Cardone បន្ថែម​ដូច្នេះ​។

1.ដំណើរ​ទេសចរណ៍​​ដែល​ចំណាយ​ប្រាក់​និង​ពេល​វេលា​ច្រើន​

តាម​ការ​យល់​ឃើញ​របស់​លោក ការ​ប្រើ​ប្រាស់​ gap year (ការ​សម្រាក​មួយ​ឆ្នាំ​បន្ទាប់​​ពី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​​សិក្សា​ និង​ត្រៀម​ចូល​មហាវិទ្យា​ល័យ​) ដើម្បី​​ដើរ​ទេសចរណ៍​គឺជា​គំនិត​មិន​ល្អ​។ យុវវ័យ​ជា​ច្រើន​នា​សម័យ​នេះ មិន​មាន​គោល​ដៅ​ក្នុងការ​ងារ​ច្បាស់​លាស់ ហើយ​ពួកគេ​ជឿ​ថា ការ​ប្រើ​ប្រាស់​ gap year ដើម្បី​ឈប់​សម្រាក​នឹង​ជួយ​ឱ្យ​ពួកគេ​រក​ឃើញអ្វី​ដែល​ពួកគេ​ត្រូវ​ការ​។ នៅ​ពេល​ដែល​អ្នក​មិន​ទាន់​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី អ្នក​អាច​ដើរ​ទេសចរណ៍​មួយ​រយៈ​ ​ដោយ​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​ និង​ហូប​មី​កញ្ចប់​។ ក៏ប៉ុន្តែ ភាព​ស្រណុក​សុខ​ស្រួល​គឺជា​សត្រូវ​នៃ​ភាព​ជោគ​ជ័យ​ និង​ភាព​មាន​បាន​។

Grant Cardone យល់​ថា មុន​នឹង​ទទួល​ភាព​ស្រណុក​សុខ​ស្រួល​ ចូរ​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ​។ “ខ្ញុំ​មិន​បាន​និយាយ​ថា អ្នក​មិន​មាន​សិទ្ធិ​ឈប់​សម្រាក​នោះ​ទេ​ ប៉ុន្តែ​អ្នក​គួរ​តែ​កែ​លម្អ​ការ​យល់​ដឹង​ និង​ជំនាញ​ក្នុង​ការ​ងារ​ ជំនួស​ឱ្យ​ការ​ដើរ​ទេសចរណ៍​ដែល​មាន​ការ​ចំណាយពេល​និង​​ប្រាក់​កាស​​ច្រើន​”។

3.មិន​ចេះ​ដក​បទ​ពិសោធន៍​អ្វី​សោះ​ពី​ការ​ងារ​

“ខ្ញុំ​បាន​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍​នៅ​ក្នុង​វ័យ​ម្ភៃ​ឆ្នាំ​ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ទាប​ដោយ​មិន​បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​ជំនាញ​ដែល​មាន​តម្លៃ​។ ខ្ញុំ​មិន​និយាយ​ថា​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ទាប​គឺជា​រឿង​អាក្រក់​នោះ​ឡើយ​ ហើយ​បើ​សិន​ជាមិនមាន​ការ​តស៊ូ​ប្រឹង​ប្រែង​​នោះទេ​ អ្នក​នឹង​មាន​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​​រក​ឃើញ​ជោគ​ជ័យ​” នេះ​បើ​តាម​សម្ដី​របស់​សេដ្ឋី Grant Cardone។

លោក​ Grant Cardone ថ្លែង​ថា លោក​ធ្លាប់​ធ្វើ​ការ​នៅ​ហាង​ McDonald ដែល​ទទួល​បាន​ប្រាក់​7​ដុល្លារ​សម្រាប់​មួយ​ម៉ោង​។ ចំពោះ​លោក នោះ​គឺគ្រាន់​តែ​ជា​វិធី​រក​ប្រាក់​មួយ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ សម្រាប់​មិត្ត​រួម​ការ​ងារ​ម្នាក់​​របស់​​លោក​ក្នុង​គ្រា​នោះ​ ការ​ងារ​នេះ​គឺជា​ឱកាស​រៀន​សូត្រ​អំពី​ជំនួញ​ ដែល​ក្រោយ​មក​​ម្នាក់​នោះ​បានប្រើ​ប្រាស់​​បទ​ពិសោធន៍​ដើម្បី​ធ្វើ​អាជីវកម្ម​ ហើយ​បង្កើត​បាន​ជា​បណ្ដាញ​រក​លុយ​​​មួយ​ដែល​មាន​ហាង​ចំនួន​100​កន្លែង​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ប្រើ​ប្រាស់​ពាណិជ្ជ​សញ្ញា​។

4.គេង​ច្រើន​

ក្នុង​ចំណោម​​ប្រការ​ដែល​សេដ្ឋី​ Cardone សោក​ស្ដាយ​បំផុត​​នោះ​គឺ​ការ​ដែល​លោក​មិន​បាន​ប្រើ​ប្រាស់​ពេល​វេលា​​ឱ្យ​បាន​ច្រើន​ តែ​បែរ​ជា​ពេញ​ចិត្ត​ជាមួយ​នឹង​ជីវ​ភាព​ខណៈ​ដែល​លោក​ពិត​ជា​ត្រូវ​ការ​គូស​វាស​​គោល​ដៅ​ និង​ស្វែង​រក​វិធី​ដើម្បី​ឈោង​ចាប់​វា​។ លោក​ Cardone ថ្លែង​ថា បើសិន​ជា​​ដឹង​អំពី​ប្រការ​នេះ​បាន​ឆាប់​ នោះ​ជោគ​ជ័យ​របស់​លោក​នឹង​បាន​មក​ដល់​ឆាប់​ជាង​​អ្វី​ដែល​លោក​ទទួល​បាន​នា​បច្ចុប្បន្ន​។

សេដ្ឋី​ Cardone បាន​ផ្ដល់​យោបល់​សម្រាប់​យុវវ័យ​ដែល​មាន​អាយុ​ខ្ទង់​ម្ភៃ ឱ្យ “​គេង​ដូច​អ្នក​មាន​ និង​ក្រោក​ពី​ព្រលឹម​​មុន​ថ្ងៃ​រះ”​។ បច្ចុប្បន្ន ទីផ្សារ​កំពុង​តែ​ប្ដូរ​ផ្លាស់​យ៉ាង​លឿន​ ដូច្នេះ អ្នក​និង​ខ្ញុំ​ត្រូវ​តែ​មាន​ភាព​រហ័ស​រហួន​ដើម្បី​ចាប់​យក​ឱកាស​ ក៏ដូច​ជា​បង្កើត​ឱកាស​ល្អ​​ឱ្យ​ទាន់​ពេលវេលា​​៕

ប្រភព​៖ CNBC

Advertisement