វិធីកែសម្រួលបន្ទប់គេងរបស់កូនឱ្យស្អាត និងអស់ប្រាក់តិច

វិធីកែសម្រួលបន្ទប់គេងរបស់កូន ប្តូរបន្ទប់គេងចាស់ៗរបស់កូនឱ្យក្លាយជាបន្ទប់ថ្មីដ៏គួរឱ្យចង់នៅ ដោយប្រើថវិកាតិចបំផុត ដូច្នេះយើងនាំគ្នាមកមើលថា តើវិធីទាំងនោះមានអ្វីខ្លះដូចខាងក្រោម។

1 . កែសម្រួលម៉ូដបន្ទប់ឱ្យមើលទៅសប្បាយរីករាយ បន្ទប់គេងរបស់ក្មេងដែលយើងឃើញច្រើនតែលាបដោយពណ៌ស ពណ៌គ្រីម និងពណ៌លឿងជាដើម តែយើងអាចប្រើពណ៌រាងចាស់ដឹតៗឡើងបន្តិចបាន តែកុំភ្លេចប្រើពណ៌ណាដែលធ្វើឱ្យមើលទៅស្រស់ស្រាយសមនឹងវ័យរបស់កុមារផង និងកុំភ្លេចយកស្ទិកឃើរ៍រូបសត្វផ្សេងៗមកបិទតុបតែងដើម្បីបង្កើនចំណេះដឹងដល់កូនផង។

2 . គ្រឿងសង្ហារិមដែលប្រើមកយូរហើយ ច្រើនតែមានការខូចខាត បាក់បែក សឹករេចរឹល ស្លកពណ៌ទៅតាមពេលវេលា លែងស្អាតដូចកាលពីនៅថ្មីៗហើយ តែកុំបោះវាចោលអី ព្រោះយើងអាចយកវាមកជួសជុលកែកុនលាបពណ៌ជាថ្មី និងគួរជ្រើសរើសប្រើពណ៌ដែលភ្លឺស្អាត និងមានសុវត្ថិភាពសម្រាប់ក្មេង។

3 . ធ្វើជញ្ជាំងបន្ទប់ឱ្យក្លាយជាក្តារខៀន យើងអាចកែច្នៃក្តារបន្ទះ ឬក្តារវ៉ាយបតចាស់ៗដែលលែងប្រើហើយ យកមកបំពាក់លើជញ្ជាំងក្នុងបន្ទប់គេងរបស់កូន រៀបចំតុប​តែងឱ្យស្រស់ស្អាត ដើម្បីឱ្យកូនបានសរសេរ គូសវាស តាមចិត្តចង់ និងងាយស្រួលក្នុងការលប់ចេញវិញទៀតផង។

4 . គ្រឿងសង្ហារិមម៉ាល់ធីហ្វាំងស្សឹន វត្ថុដែលសំខាន់ក្នុងបន្ទប់គេងរបស់កូននោះគឺ គ្រឿងសង្ហារិម យើងគួរជ្រើសរើសប្រើគ្រឿងសង្ហារិមណាដែលអាចប្រើការបានច្រើនយ៉ាង ទាំងអស់នេះគឺជាការសន្សំសំចៃទីកន្លែង និងសន្សំសំចៃថវិកាទៀតផង តែកុំភ្លេចថា គួរទិញរបស់ណាដែលស័ក្តិសមនឹងវ័យរបស់កូនផង។

សម្រាប់លោកឪពុកអ្នកម្តាយដែលមិនសូវមានថវិកាក្នុងការរៀបចំបន្ទប់របស់កូនឱ្យស្អាតឡើងវិញនោះ គួរតែប្រើវិធីដូចខាងលើ តែក៏គួរកុំភ្លេចថា ភាពស្អាតមានអនាម័យ និងសុវត្ថិភាពរបស់កូនគឺជារឿងសំខាន់បំផុត៕

Advertisement