10 តិចនិករៀបចំផ្ទះឱ្យមើលទៅឃើញរាងស្រឡះឡើង

ផ្ទះសម្បែងដែលជាកន្លែងស្នាក់អាស្រ័យរបស់យើងរាល់ថ្ងៃនេះមានសញ្ញាថា នឹងមានទំហំកាន់តែតូចទៅៗជារឿយៗហើយ បើអ្នកណាជ្រើសរើសក្នុងការរស់នៅក្នុងទីកន្លែងល្អៗ ឬក្នុងទីក្រុងនោះ ផ្ទះ និងខុនដូរឹតតែមានទំហំតូចទៅទៀត តែមិនថាផ្ទះដែលលោកអ្នកជ្រើសរើសយកនោះនឹងមានទំហំតូចប៉ុនណាក៏ដោយ ក៏មិនចាំបាច់ត្រូវកង្វល់ដែរ ព្រោះទំព័រឡារ៉ែនដេគ័រមានតិចនិកល្អៗក្នុងការធ្វើឱ្យផ្ទះដែលតូចៗនោះមើលទៅធំស្រឡះឡើងបានដោយគ្រាន់តែធ្វើតាម 10 តិចនិកដូចខាងក្រោមនេះប៉ុណ្ណោះ។

1 . ទោះជាផ្ទះ ឬបន្ទប់មានទំហំតូចក៏ដោយ ក៏ត្រូវតែមើលទៅឃើញស្អាតបាតដែរ ៈ ការទុកដាក់វត្ថុរបស់របររញេរញ៉ៃរកេករកាកនឹងធ្វើឱ្យផ្ទះមើលទៅឃើញតូចចង្អៀត និងពិបាកក្នុងការបោសជូតសម្អាតទៀតផង ដូច្នេះបើសិនជាចេះរៀបចំទុកដាក់របស់របរទាំងនោះឱ្យចំកន្លែង ឬដកចេញវត្ថុណាដែលមិនបានប្រើការនោះ ផ្ទះ ឬបន្ទប់របស់យើងនឹងមើលទៅឃើញស្រឡះភ្នែកមិនខាន។

2 . ជ្រើសរើសទិញគ្រឿងសង្ហារិមយ៉ាងឆ្លាតវៃ នោះគឺត្រូវជ្រើសរើសយកគ្រឿងសង្ហារិមណាដែលមានទំហំស័ក្តិសមនឹងខ្នាតរបស់ផ្ទះ ឬបន្ទប់ និងតិចនិកដែលសំខាន់មួយទៀតនោះគឺ ចូរជ្រើសយកគ្រឿងសង្ហារិមណាដែលមានជើង ព្រោះវានឹងធ្វើឱ្យបន្ទប់មើលទៅភ្លឺស្រឡះ និងក្នុងការរៀបចំទុកដាក់វិញ ក៏មិនចាំបាច់ត្រូវតែដាក់គ្រឿងសង្ហារិមទាំងនោះជាប់នឹងជញ្ជាំងជានិច្ចនោះដែរ ការទុកចន្លោះឱ្យឆ្ងាយពីជញ្ជាំងបន្តិច នឹងជួយឱ្យមានអារម្មណ៍ថា មិនទើសទាល់ពេកដែរ។

3 . ជ្រើសរើសលាបពណ៌ជញ្ជាំងដោយពណ៌ភ្លឺៗ ពពួកពណ៌ស្រាលៗ ពណ៌ស្រទន់ៗ ពណ៌ផាស្ធែល នឹងជួយឱ្យបន្ទប់មើលទៅឃើញស្រឡះឡើង តែបើអ្នកណាចូលចិត្តពណ៌ដឹតៗខ្លាំង ក៏អាចប្រើវិធីតុបតែងបន្ទប់ដោយពណ៌ដឹតៗនៅផ្នែកខាងក្រោម ហើយពណ៌ភ្លឺៗនៅផ្នែកខាងលើ។ តិចនិកនេះនឹងធ្វើឱ្យបន្ទប់មើលទៅឃើញដូចមានពិដានខ្ពស់ឡើង ឬអ្នកខ្លះអាចនឹងជ្រើសរើសប្រើពណ៌របស់គ្រឿងសង្ហារិមដែលស៊ីគ្នាជាមួយពណ៌ជញ្ជាំងបន្ទប់ ក៏ជួយឱ្យបន្ទប់មើលទៅស្រឡះឡើងបានដូចគ្នាដែរ។

4 . ព្យាយាមប្រើប្រាស់ទីកន្លែងក្នុងបែបបញ្ឈរ ដូចជា ជ្រើសរើសប្រើទូថ្នាក់ដាក់របស់របរបែបព្យួរនឹងជញ្ជាំង ក្រៅពីនេះ នៅមានគ្រឿងសង្ហារិម និងរបស់តុបតែងផ្ទះផ្សេងៗដែលអាចព្យួរនឹងជញ្ជាំងបានជាច្រើនទៀត អាស្រ័យលើអៃឌៀក្នុងការតុបតែងរបស់មនុស្សម្នាក់ៗ តែក៏ត្រូវតែឧស្សាហ៍ប្រមូលរៀបចំទុកដាក់ឱ្យបានល្អដែរ មិនដូច្នោះទេអាចនឹងធ្វើឱ្យមើលទៅឃើញរញេរញ៉ៃបាន។

5 . កញ្ចក់ជាជម្រើសដែលជួយបានច្រើន ដូចជា ជ្រើសរើសប្រើតុបាយ ឬតុកាហ្វេជាកញ្ចក់ ជំនួសតុឈើ ឬតុថ្មដែលធ្វើឱ្យមើលទៅឃើញដូចជាពេញណែនក្នុងបន្ទប់ រួមទាំងការបំពាក់កញ្ចក់ក៏ជួយឱ្យចាំងពន្លឺ និងថែមទាំងជួយឱ្យបន្ទប់មើលទៅឃើញធំឡើងបានទៀតផង។

6 . បន្ទប់ចង្រ្កានបាយ គួរឱ្យមានពន្លឺពីធម្មជាតិចាំងចូលមកបាន និងឧបករណ៍ក្នុងចង្រ្កានបាយ បើជ្រើសរើសប្រើវត្ថុដែលមានភាពភ្លឺចែងចាំង ដូចជាពពួកស្ទែនលេស ទូដាក់ម្ហូបអាហារដែលធ្វើពីដែកអ៊ីណុកភ្លឺ ជាដើម ក៏នឹងចាំងជាមួយពន្លឺពីធម្មជាតិនៅពេលថ្ងៃ ធ្វើឱ្យបន្ទប់មើលទៅភ្លឺស្រស់ស្រាយឡើង និងមើលទៅកាន់តែស្រឡះឡើងទៀតផង។

7 . ជ្រើសរើសប្រើតុញ៉ាំបាយដែលអាចពង្រីក-បង្រួមបាន តុបែបនេះអាចនឹងមានតម្លៃថ្លៃជាងតុធម្មតាបន្តិច តែក៏រួចថ្លៃសម្រាប់ការប្រើប្រាស់ដែរចំពោះផ្ទះដែលមានទំហំតូច និងម្ចាស់ផ្ទះដែលមានមិត្តភ័ក្តិបងប្អូនមកលេងច្រើន។ បើពេលណាគ្មានភ្ញៀវ ឬបងប្អូនមកលេងទេនោះ យើងអាចបត់វាឱ្យតូចមកវិញសម្រាប់ប្រើប្រាស់ធម្មតានៅក្នុងបន្ទប់បាយបាន៕

Advertisement