គន្លឹះល្អៗ 6 យ៉ាងធ្វើឱ្យផ្ទះត្រជាក់ស្រួល

ធាតុអាកាសក្តៅហប់បែបនេះ គ្រាន់តែមើលឃើញកំដៅថ្ងៃតាមមាត់បង្អួច មនុស្សជាច្រើនខ្លាចលែងចង់ចេញទៅ​ណា​បាត់ទៅហើយ តែ ចុះបើនៅក្នុងផ្ទះក៏ក្តៅហប់ ស្អុះស្អាប់ដូចគ្នានឹងខាងក្រៅដែរនោះ តើមានវិធីណាជួយធ្វើឱ្យផ្ទះត្រជាក់ស្រួលគួរឱ្យចង់នៅដែរឬទេ? កុំអាលបារម្ភអី ខាងក្រោមនេះគឺជាវិធី 6 យ៉ាងក្នុងការធ្វើឱ្យផ្ទះត្រជាក់ស្រួល តើមានអ្វីខ្លះនោះយើងនាំគ្នាតាមដានដូចតទៅ ។

1 . បំពាក់រនាំងបាំងកំដៅនៅពីលើមាត់បង្អួច ឬកន្លែងដែលមានថ្ងៃចាំងចូល ឬក៏ដាំដើមឈើណាដែលឆាប់ធំដើម្បីបាំងកំដៅថ្ងៃ និងដើម្បីឱ្យមានម្លប់ផង។

2 . បំពាក់វត្ថុការពារកំដៅ ដើម្បីរក្សាសីតុណ្ហភាពឱ្យនៅតែត្រជាក់ស្រួលជានិច្ច និងថែមទាំងជួយខ្ទប់សម្លេងទាំង​ខាងក្នុង និងខាងក្រៅ បង្កើនភាពស្ងប់ស្ងាត់បាត់សម្លេងរំខានទៀតផង។

3 . បន្ថែមប្រឡោះឱ្យខ្យល់ចេញចូលបានស្រួល ផ្ទះនឹងមានខ្យល់បក់ចេញចូល ធ្វើឱ្យសីតុណ្ហភាពកាន់តែត្រជាក់​ឡើង ដោយការបើកបង្អួចជាន់ខាងក្រោម និងជាន់ខាងលើនៅក្នុងទិសផ្ទុយគ្នា។

4 . បំពាក់កង្ហារបឺតកំដៅចេញ ដែលវានឹងបឺតយកភាពក្តៅហប់ចេញពីក្នងផ្ទះបានកាន់តែលឿនឡើង ថែមទាំងងាយ​ស្រួល​បំពាក់ និងតម្លៃមិនថ្លៃទៀតផង។

5 . ប្តូរមកប្រើអំពូលភ្លើង LED ក៏អាចកាត់បន្ថយកំដៅនៅក្នុងផ្ទះបានច្រើនដែរ និងថែមទាំងស៊ីភ្លើ់ងតិចទៀតផង។

6 . ធ្វើម្ហូបអាហារដោយចង្រ្កាន ម៉ៃក្រូវេហ្វ នៅក្នុងថ្ងៃណាដែលធាតុក្តៅស្អុះស្អាប់ខ្លាំង ដោយផ្អាកការប្រើប្រាស់​ចង្រ្កាន​ហ្កាសមួយរយៈ ព្រោះចង្រ្កានម៉ៃក្រូវេហ្វបញ្ចេញកំដៅតិចជាងចង្រ្កានហ្កាស និងចង្រ្កានខ្សែភ្លើងច្រើនណាស់។

នៅមានគន្លឹះល្អៗមួយទៀតគឺ ព្យាយាមកុំប្រើប្រាស់គ្រឿងអគ្គិសនីតំណាលគ្នាច្រើនគ្រឿង និងគួរអ៊ុតខោអាវនៅ​ពេល​យប់ ឬពេលព្រលឹមវិញប្រសើរជាង៕

Advertisement