7 ថ្ងៃ 7 ពណ៌ជាមួយការតុបតែងបន្ទប់គេងសម្រាប់គូអាពាហ៍ពិពាហ៍ថ្មោងថ្មី

“បន្ទប់គេង” គឺជាបន្ទប់មួយដែលមានអត្ថន័យសំខាន់ណាស់សម្រាប់គូស្វាមីភរិយាដែលទើបតែរៀបការហើយថ្មីៗ ដូច្នេះដើម្បីឱ្យសេចក្តីស្នេហាក្នុងជីវិតអាពាហ៍ពិពាហ៍មិនសាបរលាប កាន់តែប្លែកថ្មី មិនច្រំដែល ស្រស់ស្រាយ និងរំភើបញាប់ញ័របានរាល់ថ្ងៃនោះ ខាងក្រោមនេះគឺការរៀបចំតុបតែងបន្ទប់គេងឱ្យមានភាពប្លែកថ្មីជារៀងរាល់ថ្ងៃ និងត្រូវចិត្តម្ចាស់បន្ទប់ទាំងពីរនាក់ ដែលគូស្វាមីភរិយាថ្មោងថ្មីគួរតែសិក្សា និងអនុវត្តតាមដើម្បីសុភមង្គល។

ថ្ងៃច័ន្ទ ពណ៌លឿង

ចាប់ផ្តើមដើមសប្ដាហ៍នៃក្តីស្នេហាថ្មោងថ្មីដោយថ្ងៃច័ន្ទពណ៌លឿង។ បន្ទប់គេងនេះប្រើជញ្ជាំងពណ៌លឿងស្រាល មើលទៅសប្បាយភ្នែក ប្រើកម្រាលពូក ស្រោមខ្នើយ និងឱបករណ៍ប្រើប្រាស់ផ្សេងៗក្នុងបន្ទប់គេងទាំងអស់មានពណ៌លឿងស្រស់ស្រាយ និងជាពិសេសសម្លៀកបំពាក់គេងយប់របស់ម្ចាស់បន្ទប់ក៏គួរតែមានពណ៌លឿងដែរ។

ថ្ងៃអង្គារ ពណ៌ផ្កាឈូក

ស័ក្តិសមជាមួយនឹងភរិយាដែលជានារីផ្អែមល្ហែម រួសរាយទន់ភ្លន់។ សាកល្បងប្រើអៃឌៀជ្រើសរើសប្រើពណ៌ផ្កាឈូកចេញស្វាយបន្តិចដើម្បីឱ្យក្នុងបន្ទប់មើលទៅឃើញកាន់តែទំនើបឡើង ដូចជាកម្រាលពូក ស៊ីគ្នាជាមួយកម្រាលកៅអីសាឡុងអង្គុយលេងក្នុងបន្ទប់ពណ៌ផ្កាឈូកចេញស្វាយតិចៗ និងវាំងននបង្អួចពណ៌ផ្កាឈូកខ្ចីជាដើម។

ថ្ងៃពុធ ពណ៌បៃតងស្រាល

ធ្វើឱ្យគូស្នេហ៍ថ្មោងថ្មីមានអារម្មណ៍ថា ភ្លឺត្រជាក់ភ្នែក ដោយអ្នកអាចប្តូរព៌ណជញ្ជាំងបន្ទប់ដោយការរករូបគំនូរ ឬរូបភាពធម្មជាតិដែលមានពណ៌ស្រស់ខៀវខ្ចី ឬរូបថតពេលដើរលេងកម្សាន្តរបស់អ្នកទាំងពីដែលមានផ្ទាំងខាងក្រោយជាផ្ទៃធម្មជាតិយកមកបំពាក់នៅលើជញ្ជាំង ឬនៅលើតុធ្វើការក្នុងបន្ទប់ព្រមជាមួយកៅអីអង្គុយលេងក្នុងបន្ទប់គេងដែលមានពូកពណ៌បៃតងខ្ចី វានឹងធ្វើឱ្យក្នុងផ្ទៃបន្ទប់ទាំងមូលមានពណ៌បៃតងខ្ចីស្រស់ស្រាយ សុខទាំងពេលគេង និងពេលភ្ញាក់យ៉ាងពិតប្រាកដ។

ថ្ងៃព្រហស្បតិ៍ ពណ៌ទឹកក្រូច

ការតុបតែងបន្ទប់តាមពណ៌ផ្សេងៗនេះ ជួនកាលមិនចាំបាច់តុបតែងតែពណ៌មួយនោះច្រើនពេកក៏បាន ឧទាហរណ៍ដូចជាពណ៌ទឹកក្រូចនេះ គូស្នេហ៍ថ្មោងថ្មីអាចនឹងគ្រាន់តែរកផ្កាធីវលីបដែលមានពណ៌លឿងទុំស្រស់មួយបាច់មកដាក់ក្នុងថូ រួចដាក់តាំងលម្អនៅលើតុអង្គុយលេងក្នុងបន្ទប់ និងបន្ថែមដោយផ្លែក្រូចចិនពណ៌លឿងទុំមួយកញ្រ្ចែងយ៉ាងស្អាតនៅលើតុសាឡុងក្នុងបន្ទប់ក៏បាន ព្រោះវានឹងលេចធ្លោស៊ីគ្នាជាមួយជញ្ជាំងបន្ទប់ពណ៌ស។

ថ្ងៃសុក្រ ពណ៌ផ្ទៃមេឃ

ពណ៌ផ្ទៃមេឃគឺជាពណ៌ដែលស័ក្តិសមនឹងបន្ទប់គេងបំផុត ព្រោះមានភាពស្រទន់សប្បាយភ្នែក និងធ្វើឱ្យមានអារម្មណ៍ថាធូរស្រាល និងសប្បាយ។ គូស្នេហ៍ថ្មោងថ្មីអាចបន្ថែមភាពរ៉ូមែនទិកដោយស្រោមខ្នើយពណ៌ផ្ទៃមេឃ វាំងនន និងខ្នើយកំណល់នៅលើកៅអីសាឡុងពណ៌ផ្ទមេឃជាដើមបាន។

ថ្ងៃសៅរ៍ ពណ៌ស្វាយ

ពណ៌ដែលគូគ្នាជាមួយពណ៌ស្វាយគឺពណ៌ប្រផេះ។ គូស្នេហ៍ដែលទើបតែរៀបការហើយថ្មីៗនឹងមានអារម្មណ៍ថា ចង់តែនៅក្នុងបន្ទប់ដែលពោរពេញទៅដោយពណ៌ដែលស្រទុំម្លប់ត្រជាក់ មិនថាតែ បាច់ផ្កាឡាវេនឌើរ៍នៅលើតុ ស្រោមខ្នើយពណ៌ស្វាយ ស៊ីគ្នាជាមួយកម្រាលពូក និងភួយក្រាសពណ៌ប្រផេះ និងសម្លៀកបំពាក់គេងយប់ពណ៌ស្វាយដ៏គួរឱ្យនែបនិត្យ។

ថ្ងៃអាទិត្យ ពណ៌ក្រហម

ពណ៌ក្រហមជាពណ៌ដែលចាំងនឹងពន្លឺខ្លាំង តែដោយសារជាថ្ងៃអាទិត្យ គូស្នេហ៍ថ្មោងថ្មីអាចប្តូរស្រោមខ្នើយជាពណ៌ក្រហម ឆ្លាស់គ្នានឹងកម្រាលពូកពណ៌ប្រផេះដដែល និងភួយពណ៌ក្រហមបាន ព្រោះយ៉ាងណាថ្ងៃអាទិត្យទាល់តែពេលរាត្រីទើបត្រឡប់ចូលមកក្នុងបន្ទប់គេងវិញ ដោយសារពេលថ្ងៃអ្នកទាំងពីរអាចនឹងធ្វើដំណើរកម្សាន្តពេញមួយថ្ងៃក៏អាចថាបានដែរ៕

Advertisement