បន្ទប់ផ្ទះបាយ Size Mini 4 បែប…តូចមែន តែមាន Big Idea

គេនាំគ្នានិយាយថា បន្ទប់ផ្ទះបាយ គឺជាបេះដូងចម្បងរបស់ផ្ទះ បើគ្មានបន្ទប់ផ្ទះបាយ ប្រហែលជាត្រូវទិញម្ហូបថង់មកទទួលទានរាល់ថ្ងៃមិនខាន តែតឱ្យជាម្ហូបអាហារថង់យ៉ាងណា ក៏ត្រូវតែមានបន្ទប់បាយដដែលហ្នឹង! មែនទេ? ព្រោះណាមួយត្រូវលាងចានក្បានទុកដាក់ កម្ដៅម្ហូបអាហារ និងការងារចង្រ្កានជើងឆ្នាំងមួយគំនរទៀត ដូច្នេះហើយទើបបន្ទប់ផ្ទះបាយចាំបាច់ណាស់សម្រាប់គ្រប់ៗផ្ទះ តែទំហំរបស់បន្ទប់ផ្ទះបាយមិនចាំបាច់ត្រូវតែធំជានិច្ចនោះដែរ…។ ដែលខំរៀបរាប់ហូរហែមកបែបនេះ មិនមែនមានអីធំដំុនោះទេ គ្រាន់តែចង់ឱ្យមិត្តអ្នកអានណាដែលផ្ទះមានទីធ្លាបន្ទប់ចង្រ្កានបាយមានកំណត់នោះ ងាកមករៀបចំតុបតែងបន្ទប់ផ្ទះបាយឱ្យបានស្អាតម្ដងជាមួយនឹង 4 បែបបន្ទប់ផ្ទះបាយទំហំតូច តែស្អាតៗតែប៉ុណ្ណោះ។

– បន្ទប់ចង្រ្កានបាយតូច តែមួយជ្រុង ៈ បន្ទប់ផ្ទះបាយខ្នាតតូចក្នុងបរិយាកាសពណ៌ឈើធម្មជាតិ មានទីធ្លាប្រើប្រាស់ត្រឹមតែបន្តិចបន្តួច តែក៏មានឧបករណ៍គ្រប់សម្រាប់រាល់ការប្រើការ។ ដោយចាប់ផ្ដើមពីការច្នៃម៉ូដឱ្យក្លាយជាបន្ទប់ផ្ទះបាយតែមួយជ្រុងជាប់ជញ្ជាំង ក្រាលឥដ្ឋការ៉ូពណ៌ឈើធម្មជាតិ។ ខាងក្រោមតុដាក់ម៉ាស៊ីនបោកខោអាវខ្នាតមីនីសន្សំសំចៃទីកន្លែង អាងលាងចានតូចមួយ និងឆ្នាំងម៉ៃក្រូវេហ្វអាចដាក់នៅលើតុខោនធើរផ្ទះបាយបាន។ ធ្វើបង្កាន់ដៃដែកអ៊ីណុកជាប់ជញ្ជាំងទុកព្យួរឧបករណ៍ផ្ទះបាយដែលត្រូវប្រើជាប្រចាំ គ្រឿងបន្ថែមរសជាតិដាក់តម្រៀបជាជួរស្រេច និងទូជាប់ជញ្ជាំងសម្រាប់ទុកដាក់ចានក្បាន។

– តូច តែខ្លឹម ៈ បើអ្នកណាស្នាក់អាស្រ័យនៅក្នុងបន្ទប់អាផាតមិន ឬខុនដូដែលទីធ្លាមានកំណត់នោះ ប្រាកដណាស់ថា បន្ទប់ផ្ទះបាយរបស់អ្នកច្បាស់ជាត្រូវប្រើការរួមជាមួយបន្ទប់ផ្សេងទៀត និងមិនបានបែងចែកទីកន្លែងប្រើការយ៉ាងច្បាស់លាស់ឡើយ ដោយចាត់ចែងទុកត្រឹមតែជ្រុងតូចមួយប៉ុណ្ណោះ។ មុនគេបង្អស់ គឺត្រូវកំណត់ទីធ្លាជាមុនសិន ទុកដាក់របស់គ្រប់យ៉ាងឱ្យទៅជិតជញ្ជាំង បំពាក់ទូព្យួរឧបករណ៍សម្រាប់ទុកដាក់ តុខោនធើរម៉ូដបែបសាមញ្ញសមល្មមនឹងទីធ្លា លាក់ភាជនៈផ្សេងៗ និងឧបករណ៍គ្រប់យ៉ាងទុកនៅក្នុងទូដើម្បីភាពមានរបៀប និងមើលទៅស្អាតភ្នែកគួរឱ្យចង់ប្រើការរាល់ថ្ងៃ។

– បន្ទប់ផ្ទះបាយស្រឡះ សែនស្អាត ៈ បន្ទប់ផ្ទះបាយរបស់មនុស្សវ័យក្លៀវក្លាសម្រាប់អ្នកដែលនិយមចូលចិត្តភាពស្រឡះៗ។ ស៊ីម៉ង់ត៍រលាងគ្មានលាបពណ៌ គឺជាសម្ភារដែលបង្ហាញពីភាពសាមញ្ញបានគ្រប់ពេលវេលា។ អៃឌៀនេះ កស៊ីម៉ង់ត៍ឡើងដើម្បីធ្វើជាតុខោនធើរ៍ផ្ទះបាយ ជ្រើសរើសបំពាក់ទូថ្នាក់សម្រាប់ដាក់របស់របរឱ្យស័ក្តិសមដោយជាន់ថ្នាក់ៗឈើនៅផ្នែកខាងក្រោម ខណៈដែលធ្នើរដាក់របស់របរផ្នែកខាងលើបើកចំហ ជួយឱ្យការចាប់យកឧបករណ៍ចម្អិនម្ហូបអាហារមានភាពងាយស្រួល និងឆាប់រហ័សឡើង។ ប្រើប្រាស់ទីធ្លាមិនច្រើន ត្រឹមតែជញ្ជាំងមួយខាង និងប្រើរួមគ្នាជាមួយបន្ទប់ទទួលទានអាហារ។

– តុកណ្ដាលបន្ទប់ក្នុងក្ដីស្រមៃ ៈ សម្រាប់បន្ទប់ផ្ទះបាយខ្នាតតូច តែក៏ចង់មានតុនៅកណ្ដាលបន្ទប់ដែលអាចច្នៃប្រើប្រាស់បានយ៉ាងងាយស្រួលនោះ តុថ្មម៉ាបអាចជាជម្រើសដ៏ល្អមួយសម្រាប់ទាំងការទទួលទានអាហារពេលព្រឹកបែបងាយៗ និងជាតុសម្រាប់ត្រៀមរៀបចំម្ហូបអាហារទៀតផង។ ចំណែកតុខោនធើរត្រៀមអាហារវិញ ជាបែបមីនីស្ទូឌីយោ ស័ក្តិសមបំផុតសម្រាប់បន្ទប់ដែលមានទីធ្លាតូច គ្រប់យ៉ាងស្ថិតនៅក្នុងទូតែមួយ ទាំងអាងលាងចាន ចង្រ្កានម៉ៃក្រូវេហ្វ ទូទឹកកក ធ្នើរថ្នាក់ៗដាក់របស់របរ ជាដើម៕

Advertisement