នឹងមានអ្វីកើតឡើង នៅពេលយើងរស់នៅតែក្នុងកន្លែងដែលមានម្លប់រហូត?

ធាតុអាកាសក្ដៅហែងដូចនៅក្នុងប្រទេសយើង ធ្វើឱ្យកំលោះៗ ក្រមុំៗជាច្រើននាំគ្នារត់ចូលទៅរកកន្លែងម្លប់ៗនៅក្នុងអគារ។ មនុស្សជាច្រើនចេញពីផ្ទះតាំងពីព្រះអាទិត្យមិនទាន់រះ និងនៅតែក្នុងអគារពេញមួយថ្ងៃរហូតដល់ពេលត្រឡប់ទៅផ្ទះវិញ ក៏នៅក្នុងរថយន្តទៀត ឬទម្រាំតែត្រឡប់ទៅផ្ទះវិញ ព្រះអាទិត្យលិចបាត់ទៅវិញក៏មាន។ អាជីពជាច្រើនត្រូវពាក់អាវធំ អាវដៃវែងក្រាស់ៗ បិទបាំងស្បែកពីកម្ដៅថ្ងៃ។ ថ្ងៃសៅរ៍-អាទិត្យក៏ជ្រើសរើសក្នុងការណាត់ជួបមិត្តភ័ក្តិនៅពេលយប់ច្រើនជាងពេលថ្ងៃទៀតផង ដូច្នេះហើយទើបទង្វើទាំងអស់នេះក្លាយជាចំណុចមួយដែលពិសោធបានថា ទោះជាប្រទេសយើងមានពន្លឺថ្ងៃពេញមួយឆ្នាំទល់មួយឆ្នាំក៏ដោយ ក៏ប្រជាជនយើងជាច្រើននាក់នៅតែគេចចៀសពីការធ្វើឱ្យសាច់ស្បែកប៉ះនឹងកម្ដៅថ្ងៃដែរ ព្រោះតែការនិយមចូលចិត្តស្បែកសស្អាត ខ្លាចក្ដៅ ខ្លាចកើតមហារីកស្បែក រហូតទៅដល់វិធីការរស់នៅដែលធ្វើឱ្យសាច់ និងស្បែកមិនសូវបានប៉ះពាល់នឹងពន្លឺថ្ងៃយ៉ាងគ្មានចេតនាជាដើមទៀតផង។

ឥឡូវនេះ យើងនាំគ្នាមកនិយាយពីរឿងរបស់ចំណុចមិនល្អដែលអាចកើតឡើងនៅពេលដែលយើងរស់នៅតែក្នុងទីម្លប់វិញល្អជាង…។ នៅពេលណាក៏ដោយដែលសាច់ និងស្បែករបស់យើងស្ទើរតែមិនបានប៉ះនឹងពន្លឺព្រះអាទិត្យនាពេលព្រឹក និងប៉ះតែជាមួយពន្លឺភ្លើងនៅក្នុងអគារ រាងកាយយើងអាចនឹងចូលឆ្ពោះទៅរកសភាវប្រថុយនឹងការស្ទើរវីតាមីន D (សភាវស្ទើរ គឺមិនខ្វះទេ តែមានតិចខ្លាំង រហូតសឹងតែមិនគ្រប់គ្រាន់) និងអ្វីដែលគួរឱ្យចម្លែកចិត្តនោះគឺ ក្នុងប្រទេសយើងដែលមានពន្លឺថ្ងៃពេញមួយឆ្នាំគ្រប់រដូវកាល តែបែរជានៅតែឃើញមានអ្នកស្ទើរវីតាមីន D ដ៏ច្រើនដដែល។

នៅពេលរាងកាយស្ថិតក្នុងសភាវស្ទើរ ឬខ្វះវីតាមីន D តើវានឹងកើតផលអាក្រក់ដល់រាងកាយមនុស្សយើងយ៉ាងណាខ្លះ?

ចាប់ផ្ដើមតាំងពីរឿងរបស់បណ្ដុំគ្រោងឆ្អឹង និងសាច់ដុំដែលអាចនឹងមិនរឹងមាំមួនពេញលេញស្មើនឹងអ្នកដែលបានទទួលវីតាមីន Dច្រើនគ្រប់គ្រាន់ ដូច្នេះទើបអាចនឹងមានសាច់ដុំមិនមាំមួនរហូតប្រថុយប្រថាននឹងការដួលញឹកញាប់ជាងប្រក្រតី។ ក្រៅពីនេះគេនៅរកឃើញទៀតថា វីតាមីន D ជាវីតាមីនដែលមានសម្ព័ន្ធជាមួយរោគមហារីកដល់ទៅ 4 ប្រភេទទៀតផង។

សម្រាប់អ្នកដែលគេចចៀសពីការប៉ះពាល់នឹងពន្លឺថ្ងៃ សំងំនៅតែក្នុងបន្ទប់ងងឹតៗដែលបិទបង្អួចគ្រប់ពេលវេលានោះ នៅមានភាពប្រថុយប្រថានក្នុងការខ្វះអ័រម៉ូនប្រភេទខ្លះ ព្រោះនៅក្នុងពន្លឺថ្ងៃពេលប៉ះនឹងស្បែកមនុស្សយើង វានឹងជួយជំរុញឱ្យរាងកាយសាងអ័រម៉ូនជាច្រើនប្រភេទឡើង មិនថាតែមេឡានីន ដែលជួយឱ្យយើងគេងលក់បានស្រួល ឬអ័រម៉ូនសេរ៉ូថូនីនដែលធ្វើឱ្យរាងកាយរបស់យើងមានអារម្មណ៍ថាមានសេចក្ដីសុខ ក្លៀវក្លាស្វាហាប់(អ្នកដែលចូលចិត្តធ្វើការងារនៅកណ្ដាលទីវាលច្រើនតែជាមនុស្សរួសរាយស្រស់ស្រាយរាក់ទាក់ និងស្វាហាប់គ្រប់ពេលវេលា) ដូច្នេះហើយទើបអ្នកដែលមិនសូវប៉ះពាល់នឹងពន្លឺថ្ងៃអាចប្រថុយនឹងបញ្ហាគេងមិនសូវលក់ ពិបាកក្នុងការគេងលក់ ឬអាចដល់ថ្នាក់ប្រថុយប្រថាននឹងសភាវសោកសៅទៀតផង។

វិធីបន្ថែមវីតាមីន D ដល់រាងកាយអាចធ្វើបានយ៉ាងងាយៗ មិនលំបាកលំបិនឡើយ ដោយគ្រាន់តែចេញទៅខាងក្រៅអគារដើម្បីឱ្យស្បែករបស់យើងបានប៉ះជាមួយពន្លឺព្រះអាទិត្យនៅអំឡុងម៉ោង 9ៈ00 – 15ៈ00 រយៈពេល 5នាទីរៀងរាល់ថ្ងៃ នឹងជួយបន្ថែមវីតាមីន Dដល់រាងកាយបានច្រើនដល់ទៅ 90%។ ការឱ្យរាងកាយបានកែច្នៃវីតាមីន D ពីស្រទាប់ស្បែកដោយខ្លួនឯង គឺជាវិធីមួយដ៏មានប្រសិទ្ធភាពក្នុងការបន្ថែមវីតាមីន D ដល់រាងកាយខ្លាំងបំផុត។

យ៉ាងណាក៏ដោយ បើសិនអ្នកណានៅតែមានកង្វល់ក្នុងរឿងពន្លឺថ្ងៃដែលក្ដៅខ្លាំងជ្រុលពេកនៅក្នុងស្រុកយើង ដែលទោះជាលាបឡេការពារកម្ដៅថ្ងៃហើយក៏នៅតែមិនហ៊ានចេញទៅឱ្យស្បែកប៉ះនឹងពន្លឺថ្ងៃដោយត្រង់ទៀតនោះ សាកល្បងជ្រើសរើសប្រើវិធីបន្ថែមវីតាមីន D ដល់រាងកាយតាមរយៈអាហារការហូបចុកបាន ដោយមុខម្ហូបដែលមានវីតាមីន D មានដូចជា ខ្លាញ់ថ្លើមត្រី ទឹកដោះគោស្រស់ ត្រីសាល់ម៉ុន ត្រីប្លាធូ ត្រីធូណា សាច់ហ៊ែម ស៊ុតមាន់ សាច់ជ្រូកចិញ្ច្រាំ សាច់មាន់ ផ្សិតចិន និងឈីស ជាដើម តែការបន្ថែមវីតាមីន D ដោយការទទួលទានអាហារជួយឱ្យរាងកាយទទួលបានវីតាមីន D ត្រឹមតែ 10%ប៉ុណ្ណោះ។

ដូច្នេះ ការធ្វើកិច្ចការងារនៅខាងក្រៅផ្ទះខ្លះ មិនថាតែចេញទៅដើរលេង លេងកីឡានៅទីវាល ស្រោចដំណាំ ហោលខោអាវ ហែលទឹក ឬកិច្ចការងារផ្សេងៗទៀតក្នុងអំឡុងពេលថ្ងៃក្នុងរយៈពេលខ្លីៗត្រឹមតែ 5នាទីក្នុងមួយថ្ងៃ ក៏អាចជួយឱ្យលោកអ្នកមិនប្រថុយប្រថាននឹងសភាវស្ទើរវីតាមីន D បានដែរ៕

Advertisement