4 Checklist រឿងផ្ទះ…កែសម្រួលបរិយាកាសឱ្យស្រស់ស្អាត ស្វាគមន៍ឆ្នាំថ្មី

រដូវកាលឆ្នាំថ្មី អាចហៅបានថាជារដូវកាលនៃសេចក្ដីសុខមួយទៀតដែលមនុស្សជាច្រើនទន្ទឹងរង់ចាំ។ អ្នកខ្លះមានផែនការធ្វើដំណើរទៅលេងតាមបណ្ដាខេត្ត អ្នកខ្លះក៏ទៅលេងក្រៅប្រទេស ឬអ្នកខ្លះអាចនឹងនៅផ្ទះសម្រាកសប្បាយៗជាមួយក្រុមគ្រួសារ។ល។ រដូវកាលឆ្នាំថ្មី ក្រៅពីជាអំឡុងពេលនៃសេចក្ដីសុខដែលយើងបានសម្រាកសប្បាយយ៉ាងពេញទំហឹងហើយនោះ នៅអាចរាប់បានថាជាអំឡុងពេលដែលយើងត្រូវរំឭកឡើងវិញនូវរឿងរ៉ាវផ្សេងៗដែលយើងគិតថានៅមិនទាន់បានធ្វើនៅឡើយទៀតផង ដូច្នេះដើម្បីជាកាដូឆ្នាំថ្មី ទំព័រតុបតែងផ្ទះរបស់ទស្សនាវដ្តី ឡារ៉ែន បានរួបរួម 4 checklist ពាក់ព័ន្ធនឹងរឿងផ្ទះមកជម្រាបជូនអ្នកដែលស្រឡាញ់ផ្ទះសំបែងទាំងឡាយឱ្យបានជ្រាបទាំងអស់គ្នាដូចខាងក្រោម។

1 . សម្អាតផ្ទះសំបែង ៈ បោសជូតសម្អាតផ្ទះឱ្យស្អាត និងឱ្យរៀបរយគួរឱ្យចង់រស់នៅស្វាគមន៍ឆ្នាំថ្មី ដោយចាប់ផ្ដើមពីការបោសជូតនៅក្នុងបរិវេណផ្សេងៗរបស់ផ្ទះឱ្យស្អាត រៀបចំរបស់របរគ្រឿងប្រើប្រាស់ទុកដាក់ឱ្យមានរបៀបរៀបរយ រួមទាំងញែកបំបែកវត្ថុផ្សេងៗដែលយើងលែងសូវបានប្រើការហើយ ដូចជាខោអាវ សៀវភៅ និងរបស់ប្រើប្រាស់ផ្សេងៗ ដោយយើងអាចប្រមូលទុកមួយដុំដើម្បីយកទៅបរិច្ចាគ ដែលក្រៅតែពីធ្វើឱ្យផ្ទះរបស់យើងមើលទៅស្អាត និងទូលាយស្រឡះឡើងហើយនោះ នៅជួយធ្វើឱ្យផ្ទៃខាងក្នុងផ្ទះនៅសល់ទីកន្លែងទំនេរច្រើនឡើងទៀតផង។

2 . ផ្លាស់ប្ដូរបរិយាកាសក្នុងផ្ទះ ៈ ស្វាគមន៍រដូវកាលនៃសេចក្ដីសុខដោយការរៀបចំផ្ទះជាថ្មី ផ្លាស់ប្ដូរបរិយាកាសឱ្យមើលទៅស្រស់ស្អាត និងស្រស់ថ្លាខ្លាំងឡើង ដូចជា ថែមថូផ្កាស្អាតៗដាក់នៅតាមជ្រុងផ្សេងៗនៅក្នុងផ្ទះ ក៏នឹងធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លាបានដូចគ្នា ឬក៏តុបតែងដាក់តាំងស៊ុមរូបភាពនៅតាមជ្រុងផ្សេងៗនៃជញ្ជាំងផ្ទះ មិនថាតែរូបថតក្រុមគ្រួសារ រូបទីកន្លែងទេសចរណ៍ ឬរូបភាពសិល្បៈផ្សេងៗ ក៏ជាការបន្ថែមភាពស្រស់ស្អាតដល់ផ្ទះ និងផ្លាស់ប្ដូរបរិយាកាសក្នុងផ្ទះបានដូចគ្នាដែរ។

3 . លាបពណ៌ផ្ទះជាថ្មី ៈ ស្វាគមន៍ឆ្នាំថ្មីដោយការតុបតែងបន្ថែមនូវពណ៌ប្លែកៗថ្មីៗ និងភាពភ្លឺស្រស់ដល់ផ្ទះដដែលរបស់យើងឱ្យមើលទៅគួរឱ្យចង់ស្នាក់សម្រាកនៅខ្លាំងឡើងថែមទៀត ដោយការលាបពណ៌ថ្មីៗ ឬបើប្រិយមិត្តណាចូលចិត្តជញ្ជាំងដែលមានក្បាច់ក្បូរស្អាតៗនោះ អាចនឹងសាកល្បងតុបតែងជញ្ជាំងផ្ទះដោយក្រដាសវ៉លផេភើររូបឡូយៗ ស្អាតៗគួរឱ្យស្រឡាញ់ ដូចជារូបស្លឹកឈើ រូបធម្មជាតិ រូបតុក្កតា និងផ្សេងៗទៀត ក៏រាប់បានថាជាវិធីមួយដែលជួយបន្ថែមបរិយាកាសឱ្យផ្ទះរបស់យើងមើលទៅកាន់តែស្រស់ស្អាត និងរីករាយក្នុងឱកាសឆ្នាំថ្មីឡើងថែមទៀតដែរ។

4 . Renovate ផ្ទះ ៈ តថែម ឬកែសម្រួលផ្នែកផ្សេងៗខាងក្នុងផ្ទះឱ្យមើលទៅស្រស់ស្អាតខ្លាំងឡើងដោយការ Renovate (រៀបចំកែឱ្យល្អជាថ្មី)ផ្ទះ មិនថាតែ ក្រាលអិដ្ឋការ៉ូខាងមុខផ្ទះជាថ្មី លាបពណ៌ជញ្ជាំងផ្ទះ និងរួមទាំងការរករបស់ស្អាតៗ ល្អៗ ប្លែកៗមកតុបតែងលម្អផ្ទះ ក៏អាចរាប់បានថាជាការបន្ថែមភាពប្លែកភ្នែក ធ្វើឱ្យបរិយាកាសក្នុងផ្ទះកាន់តែស្រស់ស្អាតទាន់សម័យឡើងដែរ។

…យ៉ាងម៉េចដែរ ជាមួយនឹង 4 checkList ពាក់ព័ន្ធនឹងរឿងផ្ទះដែលឡារ៉ែនបាននាំយកមកជម្រាបជូនប្រិយមិត្តអ្នកអានដូចខាងលើ យើងសង្ឃឹមថា វានឹងមានប្រយោជន៍សម្រាប់គ្រប់ៗគ្នា ព្រោះការមើលថែទាំផ្ទះក្នុងផ្នែកផ្សេងៗឱ្យបានជាប់ជានិច្ច អាចរាប់បានថាជារឿងសំខាន់មួយទៀតដែលយើងមិនគួរមើលរំលងឡើយ ព្រោះរឿងទាំងអស់នេះ គឺជាកត្តាដែលជួយបង្កើនធ្វើឱ្យបរិយាកាសក្នុងផ្ទះរបស់យើងមើលទៅស្រស់ស្អាត និងកាន់តែគួរឱ្យចង់រស់នៅឡើងហ្នឹងឯង៕

Advertisement