ម៉ែក្មេក 5ប្រភេទដែលកូនប្រសារ(ស្រី)ដូចយើង រាងចាល!!

នៅពេលដែលសង្រ្គាមរវាងម៉ែក្មេក និងកូនប្រសារ(ស្រី)មិនមែនជារឿងកំប្លុកកំប្លែងដែលនិពន្ធឡើងយកល្អមើល ហើយដាក់បញ្ចាំងនៅក្នុងរឿងភាគក្នុងទូរទស្សន៍នោះ អ្នកគ្រូ ឆវី សូមលើកយកអត្ថបទដ៏ល្អមួយដើម្បីមកស្រាយបញ្ហានេះជូនសម្ព័ន្ធភាពទាំង3 គឺម៉ែក្មេក កូនប្រសារ(ស្រី) និងកូនប្រុសអ្នកម៉ែដែលត្រូវបំពេញតួនាទីជាស្វាមីគំរូ និងជាកូនប្រុសដ៏សែនល្អ ឱ្យបានដឹងពីចិត្តគំនិតរបស់គ្នាទៅវិញទៅមក ដូចជា យើង(ម៉ែក្មេក)ស្អប់បែបនេះ! ឬនាង(ឯង)ចូលចិត្តបែបណា? ជាដើមនោះមកជម្រាបជូន ដែលអ្នកគ្រូ ឆវី ធានាថា អត្ថបទនេះ ម៉ែក្មេកទាំងឡាយក៏អាចអានបាន កូនប្រសារ(ស្រី)ក៏អានបាន និងជាពិសេសបំផុត កូនប្រុសអ្នកម៉ែក៏គួរតែអានដែរ និងសូមឱ្យអានទាំងអស់គ្នា…គិតថា អ្នកគ្រូ ឆវី សុំអង្វរឱ្យអានទៅចុះ!។

1 . មហាកំពូលការពារទ្រព្យ

ម៉ែក្មេកមហាកំពូលការពារទ្រព្យ ចូលចិត្តធ្វើខ្លួនជាអ្នកត្រួតពិនិត្យជាប់ជានិច្ច ដែលបើសិនជាការពារតែទ្រព្យសម្បត្តិរបស់ខ្លួនឯងនោះ វាប្រហែលជាមិនមែនជាបញ្ហាអីទេ តែនេះមានក្ដីព្យាយាមយ៉ាងខ្លាំងក្លាក្នុងការតាមដានត្រួតពិនិត្យទ្រព្យសម្បត្តិរបស់អ្នកផ្សេងទៀតផង ជាពិសេសបំផុតទ្រព្យសម្បត្តិរបស់កូនប្រុសសំណព្វចិត្តខ្លួនតែម្ដង។ អ្នកស្រីម្ដាយក្មេកតែងតែវិតក្កកង្វល់ថា កូនប្រសារ(ស្រី)នឹងធ្វើខ្លួនជាសត្វឈ្លើងមកជញ្ជក់បឺតយកប្រាក់ដែលកូនប្រុសខ្លួនខំរកបានមកដោយក្ដីលំបាកលំបិន ទាំងនៅចាំតាមដានស៊ើបមើលថា កូនប្រសារ(ស្រី)របស់ខ្លួនចេះធ្វើការរកស៊ីអត់? ឬមានប្រាក់ចំណូលប៉ុន្មាន? ឬចាយវាយខ្ចះខ្ជាយអត់? ដែលប្រាកដណាស់ថា ទាំងអស់នេះពិតជាសាងនូវភាពធុញថប់តានតឹង និងរំខានចិត្តកូនប្រសារ(ស្រី)មិនស្ទើរឡើយ ហើយម៉ែក្មេកខ្លះទៀត កើតអាការធ្ងន់ធ្ងរដល់ថ្នាក់ សុំខ្លួនធ្វើជាអ្នកទុកដាក់លុយកាក់ឱ្យកូនប្រុសខ្លួនឯងក៏មានដែរ…អូយ ឈឺក្បាល!។

វិធីទប់ទល់ ៈ បើសិនចង់ចាត់ការម៉ែក្មេកប្រភេទនេះឱ្យរាបដូចកន្ទេលនោះ អ្នកគ្រូ ឆវី សូមណែនាំថា អ្នកនាងត្រូវតែធ្វើជាកូនប្រសារដែលរឹងប៉ឹង ឈរលើដៃជើង និងកម្លាំងរបស់ខ្លួនឯង។ និយាយប្រកាសឱ្យឮដល់ត្រចៀក(ម៉ែក្មេក)តែម្ដងទៅថា នាងខ្ញុំធ្វើការរកលុយចាយដោយខ្លួនឯងណា៎ ហើយនាងខ្ញុំនឹងកូនប្រុសរបស់អ្នក(ស្រី)ក៏ចាយលុយដោយឡែកពីគ្នាដែរ ដែលរឿងនេះបើសិនជាត្រូវការលារបញ្ជីចំណាយចំណូលបង្ហាញប្រាប់ផង ក៏រឹតតែល្អទៅទៀត។ ធ្វើគ្រប់វិធី ដើម្បីបង្ហាញឱ្យឃើញថា អ្នកនាងមិនបានមកតោងកូនប្រុសគាត់ស៊ីនោះទេ។ នៅពេលដឹងបែបនេះហើយ អ្នកស្រីម្ដាយក្មេកក៏នឹងលែងហ៊ានមកលូកលាន់ ឬចេះដឹងរឿងលុយរឿងកាក់របស់អ្នកនាងទៀតហើយ ឬនិយាយឱ្យស្រួលស្ដាប់គឺ ធ្វើឱ្យគាត់លែងខ្វល់បារម្ភពីរឿងហ្នឹងតែម្ដង ដើម្បីឱ្យលែងមានបញ្ហាសម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាង និងស្វាមីហ្នឹងឯង។

2 . ស៊ូស៊ីថៃហៅ មកចាប់កំណើត

ពីដំបូងប្រុងហៅថា ហ៊ីទ្លែរមកចាប់កំណើត ព្រោះភ្លេចគិតទៅថា ម៉ែក្មេកជាមនុស្សស្រី អ៊ីចឹងមានតែ ស៊ីស៊ីថៃហៅ ទើបស័ក្តិសមជាង។ ចា៎ស ប្រហែលជាមិនពិបាកស្មានទេ មែនទេថា ម៉ែក្មេកប្រភេទនេះជាមនុស្សបែបណា?។ ខ្លីៗ ងាយៗ ត្រូវចំអត្ថន័យតែម្ដងនោះគឺ “ផ្ដាច់ការ” ដោយក្នុងពាក្យថា ផ្ដាច់ការនេះបានរួបរួមចរិតនិស្ស័យដ៏មហាសែនយ៉ាប់ជាច្រើននៅក្នុងនោះ មានតាំងពី អាត្មានិយម គ្មានហេតុផល ចេះដឹងរឿង(ប្ដី-ប្រពន្ធ)គេ មិនទទួលយកគំនិតយោបល់គេ គិតថាខ្លួនឯងត្រូវរហូត ចូលចិត្តចង្អុលបញ្ជា សម្លុតគំរាមកំហែង។ល និងល។ ចំណុចអាក្រក់ច្រើនបែបនេះ បើចង់ប្រាប់ថា គឺជាម៉ែក្មេកដែលគួរឱ្យភ័យខ្លាចជាទីបំផុតនោះ ក៏ប្រហែលមិនជាខុសប៉ុន្មានដែរ។ ជាពិសេសបំផុត បើចាប់ដៃគូគ្នាជាមួយកូនប្រុសទន់ជ្រាយផងនោះ រឿងនេះអាចប្រកាសបានតែម្ដងថា ជីវិតជាកូនប្រសារ(ស្រី)មានតែខ្ទេចខ្ទី ហើយនិងខ្ទេចខ្ទីតែប៉ុណ្ណោះ។ ហ៊ឺ…។

វិធីទប់ទល់ ៈ វិធីដោះយករួចខ្លួនពីម៉ែក្មេកកំពូលផ្ដាច់ការបែបនេះគឺ អ្នកនាងត្រូវធ្វើជាកូនប្រសារស្មារតីមាំមួន។ ភាពនឹងធឹង និងដាច់ខាតនឹងធ្វើឱ្យអ្នកនាងយកឈ្នះដោយមិនពិបាកឡើយ។ អាចនឹងត្រូវសុខចិត្ត ឬបង្ខំចិត្តធ្វើការតមាត់ ត-ក ដើម្បីជំទាស់ចិត្តគ្នាខ្លះទៅចុះ តែបើសិនជាប្រាកដក្នុងចិត្តថា បានធ្វើនូវរឿងដែលត្រឹមត្រូវ និងគួរធ្វើហើយនោះ សូមកុំភិតភ័យញាប់ញ័រឱ្យសោះ ព្រោះបើសិនជាអ្នកនាងភ្លេចខ្លួនបណ្ដោយតាម ឬឱនក្បាលចុះញ៉មសូម្បីតែបន្តិចនោះ វានឹងក្លាយជាចំណុចប្ដូរផ្លាស់ជីវិតរបស់អ្នកនាងភ្លាមតែម្ដង។ ចូរចាំទុកថា កុំព្រមចុះចាញ់ ឬបន្ទន់ឥរិយាបថតាំងពីដំបូង ព្រោះវានឹងមានន័យថា បើសុខចិត្តធ្វើចាញ់តាំងពីដំបូងនោះ វាច្បាស់ជាមានលើកក្រោយៗទៀតជាមិនខាន…។

(សូមរង់ចាំតាមដានភាគបន្ត…)

Advertisement