តិចនិកងាយៗ 4 យ៉ាងក្នុងការរៀបចំបន្ទប់ខុនដូឱ្យស្អាតគួរស្នាក់នៅ

បច្ចុប្បន្នមានអគារស្នាក់នៅបែបខុនដូមីនៀមកើតឡើងជាច្រើនទាំងនៅក្នុង និងបរិវេណជាយទីក្រុង ដើម្បីតបស្នងតម្រូវការ និងឡៃហ្វ៍ស្តាយល៍ និងជួយបង្កើនភាពងាយស្រួល សុខសប្បាយដល់អ្នករស់នៅក្នុងទីក្រុង។ បើអ្នកណាកំពុងតែចាប់អារម្មណ៍ប្រុងទិញបន្ទប់ខុនដូដើម្បីស្នាក់នៅ ហើយមានកង្វល់រឿងទីធ្លាដែលមានកំណត់នៅក្នុងបន្ទប់តូចមួយ ឬបើអ្នកណាដែលកំពុងស្នាក់នៅក្នុងបន្ទប់ខុនដូស្រាប់ហើយ តែចង់​បានបន្ទប់ដែលមើលទៅឃើញរាងធំទូលាយឡើងនោះ ថ្ងៃនេះ ឡារ៉ែនមានតិចនិកងាយៗ ខ្លីៗក្នុងការរៀបចំបន្ទប់​ខុនដូមកជម្រាប​ជូនដូចខាងក្រោម។

  1. រៀបចំទុកដាក់ និងជ្រើសរើសប្រើឧបករណ៍គ្រឿងសង្ហារិមដូចជា តុ ទូ កៅអីឱ្យស័ក្តិសមនឹងខ្នាតរបស់បន្ទប់ ដូចជា ការប្រើប្រាស់ចូលគ្នា​រវាងឧបករណ៍ខ្ពស់-ទាប និងជ្រើសរើសពណ៌របស់ឧបករណ៍ទាំងនោះឱ្យស៊ីគ្នានឹងពណ៌បន្ទប់ វានឹងជួយឱ្យបន្ទប់មើលទៅស្រស់​​ស្អាតមានសិល្បៈ និងគួរជ្រើសរើសប្រើឧបករណ៍ណាដែលអាចពង្រីកបង្រួម ដោះតម្លើង ឬបត់ទុកវិញបានជាដើម។
  2. រៀបចំទុកដាក់របស់របរតូចតាច កំប៉ិកកំប៉ុកទុកនៅក្នុងកន្លែងតែមួយ ដូចជាប្រមូលដាក់នៅក្នុងឡាំង រួចទុកនៅក្នុងទូឱ្យបានរៀបរយ មិនគួរទុកដាក់រាយប៉ាយក្នុងបន្ទប់ឡើយ ធ្វើដូច្នេះដើម្បីឱ្យបន្ទប់មើលទៅរាងទូលាយ និងស្រឡះភ្នែក។
  3. រៀបចំបែងចែកទីកន្លែងជាចំណែកៗតាមការប្រើការ និងមានកន្លែងខ្លះអាចប្រើប្រាស់រួមគ្នាបានច្រើនមុខ ដូច​​ជា ធ្វើជាកន្លែងអង្គុយសម្រាកលេងក៏បាន កន្លែងអង្គុយធ្វើការក៏បាន និងកន្លែងអង្គុយញ៉ាំបាយជាដើម។
  4. ប្រើគ្រឿងប្រដាប់តុបតែងបន្ទប់ណាដែលជួយឱ្យបន្ទប់មើលទៅរាងស្រឡះ ដូចជា បំពាក់ផ្ទាំងកញ្ចក់មួយផ្ទាំងធំ ប្រើក្រដាស់​​វ៉លផេភើរ៍ដែលមានរូបភាពជាផ្លូវវែង បំពាក់វាំងននចុះមកពីពិដានជំនួសឱ្យការបំពាក់ត្រឹមតែមាត់បង្អួច ជាដើម៕
Advertisement