ធម្មជាតិ និងការតុបតែងផ្ទះយ៉ាងងាយៗ ដើម្បីសាងបរិយាកាសគួរឱ្យចង់រស់នៅ

បើសិនជាយើងបានរស់នៅក្នុងផ្ទះដែលផ្តល់នូវអារម្មណ៍ដូចរស់នៅជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងគ្រប់ពេលវេលា…មានផ្ទៃ​មេឃពណ៌ពងក្រសាស្រស់ ដើមឈើពណ៌បៃតងខ្ចី ឬផ្ទៃទឹកត្រជាក់ស្រេងហ៊ុមព័ទ្ធជុំវិញនោះ ប្រហែលជាល្អមិនស្ទើរមើលទៅ? ព្រោះវានឹងធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លា ត្រជាក់ត្រជុំមិនខាន។ តែ…តើយើងនឹងលើកយកធម្មជាតិទាំងអស់នោះមកដាក់ចូលក្នុងផ្ទះយ៉ាងម៉េចនឹងបានទៅ? អាស់អា៎…កុំអាលអស់សង្ឃឹម! សូមសាកល្បងមើលវិធីល្អៗ 6យ៉ាងដែល​នឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ថា ដូចមានធម្មជាតិបង្កប់ខ្លួននៅគ្រប់ចំណុចនៅក្នុងផ្ទះ ខាងក្រោមនេះសិនទៅមើល…។

1​ .​​តុបតែងដោយវត្ថុពីធម្មជាតិ

ដូចជាគ្រឿងសង្ហារិម តុ កៅអីដែលធ្វើអំពីឈើ វល្លិ៍ផ្តៅ និងរបស់របរដែលធ្វើពីដើមឬស្សី ជាដើម។ សូមសាកល្បងជ្រើសយកឧប​ករណ៍ប្រើប្រាស់​ដែលធ្វើពីវត្ថុធាតុដើមធម្មជាតិទាំងអស់នេះមកតុបតែងផ្ទះម្តងមើល៍ ព្រោះវាអាចនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍​ធូរស្រាលសប្បាយ ពេលបានឃើញរបស់របរពីធម្មជាតិទាំងនោះយ៉ាងមិនគួរឱ្យជឿ។

2 .ប្រើពណ៌ដែលបង្ហាញពីធម្មជាតិ

ពណ៌បៃតងខ្ចី ធ្វើឱ្យនឹកឃើញដើមឈើ វាលស្មៅ។ ពណ៌ពងក្រសា គឺផ្ទៃមេឃ និងទឹកសមុទ្រ ឯពណ៌លឿងស្រទន់ ផ្តល់នូវអារម្មណ៍ស្រស់ថ្លាដូចព្រះអាទិត្យដែលកំពុងបញ្ចេញពន្លឺនាពេលព្រឹកព្រលឹម និងបុប្ផាដែលរីកស្រស់ស្រាយ ជាដើម ដូច្នេះចូរសាកល្បងប្រើពណ៌​ទាំងអស់នោះតុបតែងនៅលើជញ្ជាំង វាំងនន មាត់បង្អួច និងគ្រែរបស់លោកអ្នក ព្រោះវាអាចនឹងធ្វើឱ្យអ្នកស្នាក់នៅមានអារម្មណ៍ដូចបាននៅជាមួយធម្មជាតិដ៏ស្រស់បំព្រងគ្រប់ពេលវេលា។

3​ .កម្រាលក្តារឈើធម្មជាតិ

មិនថាតែក្តារឈើស្រល់ ឬបន្ទះរនាបឬស្សីនោះទេ ទាំងអស់នេះគេនិយមយកមកក្រាលផ្ទះ ព្រោះវានឹងធ្វើឱ្យមាន​អារម្មណ៍ថា កក់ក្តៅ និងមានអារម្មណ៍ដូចដើរនៅលើធម្មជាតិយ៉ាងពិតៗ។

4 .ប្តូរបរិយាកាសខាងក្នុងផ្ទះឱ្យទៅជាមជ្ឈមណ្ឌលស្ប៉ាយ៉ាងល្អប្រណីត

ក្លិនឈើក្រអូប និងក្លិនផ្កា គឺជាក្លិនដ៏ក្លាសស៊ិក 2​យ៉ាង​​​ដែលជួយឱ្យមនុស្សមានអារម្មណ៍ធូរស្រាល ស្រួលខ្លួនឡើង​បានជានិច្ច។ សំឡេងខ្យល់ ទឹកភ្លៀង និងរលកសមុទ្រ ក៏ជាស្ប៉ាពីធម្មជាតិដ៏ល្អបំផុត ដែលនឹងធ្វើឱ្យរាងកាយ អារម្មណ៍ និងផ្លូវចិត្តរបស់យើងបានធូរស្រាលដែរ។ បច្ចុប្បន្ន យើងអាចលើកយកអ្វីទាំងអស់នោះមកដាក់នៅក្នុងផ្ទះបានហើយ ដោយគ្រាន់តែរកពពួកធូប ឬទៀនក្រអូបមកអុជបញ្ចេញក្លិនក្រអូប ឬបើកសំឡេងទឹករលកសមុទ្រ សំឡេងភ្លៀងធ្លាក់ចេញពីគ្រឿងបំពងសំឡេងតិចៗស្រាលៗ ក៏ធ្វើឱ្យមានអារម្មណ៍ដូចបាននៅកណ្ដាលធម្មជាតិបាត់ទៅហើយ។

5​ .បើកបង្អួចទទួលយកខ្យល់អាកាសបរិសុទ្ធ

ខ្យល់អាកាសជាបច្ច័យសំខាន់បំផុតរបស់ជីវិតមនុស្ស ហើយខ្យល់អាកាសបរិសុទ្ធពីធម្មជាតិក៏ជាអ្វីដែលល្អបំផុតដូចគ្នាដែរ។ សាកល្បងកាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ ហើយបើកបង្អួចឱ្យធំៗដើម្បីឱ្យខ្យល់អាកាសបរិសុទ្ធពីធម្មជាតិបក់ចូលមកក្នុងបន្ទប់ម្តងវិញ នោះលោកអ្នកនឹងមានអារម្មណ៍ស្រស់ថ្លា និងថែមទាំងមានផលល្អចំពោះសុខភាពទៀតផង។

6 .បន្លែ ផ្លែឈើល្អៗ ពីធម្មជាតិ

ការតុបតែងផ្ទះមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ដែរនោះគឺ ការតុបតែងដោយរបស់ហូបចុក។ បើលោកអ្នកប្រើប្រាស់ផ្លែឈើដែលមានពណ៌ស្រស់ៗ ដូចជា ផ្លែក្រូចត្លុង ចេកណាំវ៉ា ផ្លែប៉ោម ម្នាស់ ល្ហុង-ល​- នៅក្នុងកញ្ច្រែងយ៉ាងស្អាត ដាក់នៅលើតុលម្អ បូកជាមួយក្លិនក្រអូបៗរបស់ផ្លែឈើទាំងនោះផង វានឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ភ្លឺថ្លា រាងកាយស្រស់ស្រាយជាក់ជាមិនខាន។

លោកអ្នកអាចសាកល្បងធ្វើបាន…

Advertisement