ការរៀបចំដាក់ និងតុបតែងជណ្តើរផ្ទះក្នុងផ្ទះឱ្យស្អាត ត្រូវគោលការណ៍ហុងស៊ុយ

នៅក្នុងការសាងសង់ ឬតុបតែងផ្ទះ រឿងហុងស៊ុយ គឺជារឿងមួយដែលម្ចាស់ផ្ទះត្រូវតែយកចិត្តទុកដាក់ ដើម្បីជួយ​បង្កើននិងជំរុញឱ្យម្ចាស់ផ្ទះ និងអ្នកស្នាក់នៅទាំងអស់មានអារម្មណ៍សប្បាយកាយ សប្បាយចិត្តដែលបានរស់នៅក្នុងផ្ទះដែលបានរៀបចំត្រឹមត្រូវតាមគោលការណ៍របស់ហុងស៊ុយ និងបង្កើនថាមពលបូកឱ្យមានជោគសំណាង មានលាភសក្ការៈ និងមានភាពគង់វង្សស្ថិតស្ថេរ និងមានសេចក្តីសុខក្នុងការស្នាក់អាស្រ័យនៅក្នុងផ្ទះរបស់ខ្លួនឯង។

ខាងក្រោមនេះគឺជារឿងរបស់ទីតាំង និងហុងស៊ុយជណ្តើរផ្ទះដែលមានសេចក្ដីលម្អិតដូចតទៅ ៖

  1. ជណ្តើរផ្ទះមិនគួរនៅចំនឹងមាត់ទ្វារចូលផ្ទះឡើយ ព្រោះនឹងធ្វើឱ្យក្រសែថាមពល “ឈី” ហូរចូលផ្ទះមិនបានស្រួល ធ្វើឱ្យការ​ទុកដាក់លុយកាក់មិនគង់។ ក្រៅពីនេះថែមទាំងជាការបើកទទួលថាមពលមិនល្អឱ្យហូរឡើងទៅដល់ជាន់លើរបស់ផ្ទះដែលជា​បន្ទប់​​គេង​ ដោយវានឹងធ្វើឱ្យរសាប់រសល់ សម្រាន្តលក់មិនស្រួល នាំឱ្យប៉ះពាល់ដល់សុខភាពរាងកាយទៀតផង។
  2. ហាមធ្វើជណ្តើរផ្ទះឱ្យមានផ្លូវឡើង 2ខាង ព្រោះវានឹងមានលក្ខណៈដូចបច្ឆាសម្រាប់ដុតខ្មោចដែលមានផ្លូវឡើង និងចុះទល់មុខគ្នា គឺជាលក្ខណៈរបស់ជណ្តើរដែលអពមង្គលខ្លាំងណាស់។
  3. កុំឱ្យជណ្តើរស្ថិតនៅចំកណ្តាលផ្ទះ ព្រោះចំណុចកណ្តាលផ្ទះ គឺជាបេះដូងរបស់ផ្ទះ។ ការសាងជណ្តើរនៅត្រង់​ចំណុចនេះ នឹងធ្វើឱ្យម្ចាស់ផ្ទះនៅផ្ទះមិនបានយូរ និងអាចធ្វើឱ្យមានជំងឺពាក់ព័ន្ធនឹងបេះដូងទៀតផង។
  4. ការដាក់ទីតាំងផ្លូវឡើងជណ្តើរ ៖ សូមណែនាំឱ្យបែរផ្លូវឡើងជណ្ដើរទៅរកទិសបញ្ឆិត មិនគួរបែរទៅចំទិសគោលៗដូចជា លិច កើត ជើង ត្បូងត្រង់ៗឡើយ ព្រោះអាចនឹងសង្កត់ពីលើដួងរាសីស្នេហារបស់សមាជិកនៅក្នុងផ្ទះ បិទបាំងថាមពលបូកផ្សេងៗ​ តែបើបែរផ្លូវឡើងទៅរកទិសបញ្ឆិតៗ ដូចជា ខាងកើតឆៀងខាងជើងជាដើមនោះ វានឹងជួយបើកផ្លូវរាសីគ្រប់យ៉ាងឱ្យកាន់តែខ្លាំងឡើង។
  5. ចំណោតរបស់កាំជណ្តើរ ត្រូវស្ថិតនៅក្នុងកម្រិតប្រមាណជា 45អង្សា មិនចោតពេក ឬចង្អៀតជ្រុលពេក។ ទាំងអស់​នេះ​ ​ក្រៅតែពីជួយបង្កើនឱ្យថាមពល “ឈី” ហូរចូលបានសព្វទីកន្លែងហើយ នៅអាចដើរឡើង-ចុះបានស្រួល មិនប្រថុយប្រថាននឹងការកើតឧប្បត្តិហេតុទៀតផង ។
  6. ចំនួនកាំរបស់ជណ្តើរដែលត្រឹមត្រូវ គួរតែជាចំនួនសេស(លេខសេស) ព្រោះគេមានជំនឿថា លេខសេស គឺជាលេខរបស់​មនុស្សរស់ ឯលេខគូមានន័យថា មនុស្សស្លាប់។
  7. ទីតាំងដ៏ត្រឹមត្រូវរបស់ជណ្តើរ គួរនៅផ្ទុយនឹងមាត់ទ្វារចូលផ្ទះ ដូចជាបើទ្វារផ្ទះនៅខាង​ឆ្វេង ជណ្តើរគួរតែនៅខាងស្តាំដោយមិនគួរបែរផ្លូវឡើងជណ្តើរទៅទល់មុខនឹងទ្វារផ្ទះដោយចំៗឡើយ ។
  8. ជណ្តើរផ្ទះមិនគួរនៅខាងក្រៅផ្ទះឡើយ ទោះជាមើលទៅឃើញស្អាតយ៉ាងណាក៏ដោយ ព្រោះគឺជាជណ្តើរចោរដែលក្រៅតែពីធ្វើឱ្យអ្នកស្នាក់អាស្រ័យបាត់បង់លុយកាក់ហើយ ថែមទាំងជាការបើកផ្លូវឱ្យជនពាលចូលមកក្នុងផ្ទះបានកាន់តែងាយស្រួល​ទៀតផង។
  9. សម្រាប់ផ្ទះម៉ូដបុរាណ ឬផ្ទះលើកខ្ពស់ពីដី បើមានជណ្តើរចេញមកខាងក្រៅផ្ទះ សូមណែនាំឱ្យធ្វើជណ្តើរនៅ​ខាង​ឆ្វេង ឬខាងស្តាំរបស់ផ្ទះ នឹងធ្វើឱ្យសន្សំលុយបានគង់វង្សល្អណាស់។

នៅពេលបានដឹងពីទីតាំងហុងស៊ុយជណ្តើរផ្ទះហើយ សូមកុំភ្លេចយកទៅធ្វើការពិចារណាក្នុងការតុបតែងផ្ទះរបស់លោក​អ្នកឱ្យបានត្រឹមត្រូវតាមគោលការណ៍ហុងស៊ុយ ដើម្បីបង្កើនយីអ៊ុន និងបង្កើនថាមពលបូកឱ្យការរស់នៅរបស់ក្រុមគ្រួសារលោកអ្នករឹតតែល្អប្រសើរឡើងផង៕

Advertisement