ចំណុចខុសឆ្គង 7យ៉ាងក្នុងការតុបតែងផ្ទះដែលយើងគួរកែខៃ

មនុស្សយើងទាំងអស់មិនមែនចេះតែដឹងពីរឿងតិចនិកក្នុងការតុបតែងផ្ទះគ្រប់តែគ្នានោះទេ ព្រោះយើងមិនមែនជា​អ្នកជំនាញខាងផ្នែកហ្នឹង ដូច្នេះមិនថាអ្នកណាក៏ដោយ ក៏សុទ្ធតែធ្លាប់រៀបចំតុបតែងផ្ទះបែបខុសៗពីមុនមកខ្លះជាមិនខាន ។ ដូច្នេះថ្ងៃនេះយើងបានរួបរួមចំណុចខុសឆ្គង 7យ៉ាងក្នុងការតុបតែងផ្ទះមកជម្រាបជូន ដើម្បីឱ្យលោកអ្នកបានត្រួតពិនិត្យមើលថា តើក្នុង​ចំណុចទាំង 7យ៉ាងនោះ មានចំណុចណាខ្លះដែលលោកអ្នកធ្លាប់បានធ្វើដោយមិនដឹងខ្លួនឬក៏អត់?

1 . ពន្លឺភ្លើងភ្លឺខ្លាំងពេក

Advertisement

គ្មានអ្វីដែលរំខានដល់ភាពស្ងប់ស្ងាត់គួរឱ្យចង់គេងសម្រាក ខ្លាំងជាងការមានពន្លឺភ្លើងហ្វាចាំងចុះមកពីលើពិដាន​នោះទេ…។ ពិតហើយ! តើនរណាទៅបិទភ្នែកគេងលក់កើត បើមានពន្លឺភ្លើងចាំងមកខ្លាំងចំមុខបែបនេះនោះ? ដូច្នេះគួររៀបចំតុបតែង​ឱ្យ​មានពន្លឺភ្លើងល្មមៗ មិនភ្លឺ ឬងងឹតជ្រុលពេក និងសាកល្បងបើកបង្អួចទទួលយកពន្លឺពីធម្មជាតិនៅខាងក្រៅខ្លះផង។

2 . រៀបចំដាក់តុ ទូ កៅអី និងវត្ថុផ្សេងៗដោយមិនបានគិតដល់ការប្រើប្រាស់

ក្រោយពីទិញបានគ្រឿងសង្ហារិមដែលពេញចិត្តមកដល់ផ្ទះហើយ ត្រូវរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវជាមួយនឹងការប្រើប្រាស់ការងារផង មិនមែនគិតតែពីរឿងល្អស្អាតតែម្យ៉ាងប៉ុណ្ណោះទេ…ដូចជា គួររៀបចំកៅអីសាឡុងឱ្យបែរមុខចូលគ្នា និងមានតុទទួលភ្ញៀវមួយផង ដើម្បីទុកអង្គុយជជែកពិភាក្សាគ្នា និងធ្វើកិច្ចការផ្សេងៗរួមគ្នា។

3 . ដាក់វាំងននបង្អួចទាបជ្រុលពេក

លោកអ្នកគួរដឹងថា ការដាក់វាំងននខ្ពស់ឡើងបន្តិច និងអាចជួយបំភ័ន្តភ្នែកឱ្យជញ្ជាំងផ្ទះរបស់អ្នកមើលទៅរាងខ្ពស់​ឡើង និងបង្អួច​​មើលទៅរាងធំឡើងបាន ហុចផលឱ្យបន្ទប់មើលទៅកាន់តែធំស្រឡះ សប្បាយគួរឱ្យចង់ស្នាក់នៅខ្លាំងឡើងទៀតផង។

4 . របស់តុបតែងលម្អតូចៗ

ដើម្បីឱ្យជញ្ជាំងផ្ទះមើលទៅលេចធ្លោគួរឱ្យចាប់អារម្មណ៍នោះ ការដាក់របស់របរតុបតែងលម្អបន្តិចបន្តួច គឺជារឿង​មួយចាំបាច់ណាស់ តែយ៉ាងណាក៏ដោយ ក៏មានម្ចាស់ផ្ទះជាច្រើន ច្រើនតែធ្វើខុសឆ្គងដោយមិនដឹងខ្លួន ដោយការយករបស់កំប៉ិកកំប៉ុកមកដាក់នៅលើទូថ្នាក់តាំងលម្អជាប់ជញ្ជាំង ធ្វើឱ្យមើលទៅមិនល្អភ្នែកសោះ ដូច្នេះបើចង់ដាក់តាំងរបស់បង្ហាញនោះ គួរជ្រើសរើសរបស់ណាដែលមានទំហំរាងជំពប់ភ្នែកបន្តិច ទើបមើលទៅល្អគួរឱ្យគយគន់។

5 . ប្រើកម្រាលព្រំខុសទំហំ

ការតុបតែងចំណុចលេចធ្លោរបស់បន្ទប់ដោយកម្រាលព្រំ នឹងជួយធ្វើឱ្យបន្ទប់មើលទៅរាងកក់ក្តៅគួរឱ្យស្នាក់នៅឡើងបានយ៉ាងងាយស្រួល តែបើក្រាលកម្រាលព្រំខុសខ្នាតវិញ ជំនួសឱ្យការមើលទៅឃើញស្អាតនោះ វាបែរជាធ្វើឱ្យ​បន្ទប់ខូចបរិយាកាសអស់ទៅវិញ។ ដូច្នេះគួរជ្រើសរើសខ្នាត ឬទំហំរបស់កម្រាលព្រំឱ្យបានសមល្មមនឹងផ្ទៃបន្ទប់របស់លោកអ្នកផង ដូចជា ជ្រើសយកកម្រាលព្រំឱ្យសមល្មមនឹងទំហំគ្រែ ឬកន្លែងអង្គុយលេង ហើយយកមកក្រាលពីក្រោម ជំនួសឱ្យកម្រាលព្រំបែប​ធំៗគួរឱ្យទើសទែង ឬក៏តូចជ្រុលនោះ។

6 . មិនទុកឱ្យនៅសល់ប្រឡោះទំនេរខ្លះ

តឱ្យបន្ទប់ធំទូលាយប៉ុនណា ក៏ប្រហែលជាមើលទៅរាងទើសទែង និងចង្អៀតដែរបើលោកអ្នកយកគ្រឿង​សង្ហារិមធំៗទាំងឡាយមកដាក់ជាប់ៗជិតៗគ្នាទាំងអស់នោះ ព្រោះក្រៅតែពីមើលឃើញហើយមិនសប្បាយភ្នែកសោះនោះ វានៅខុស​​នឹងគោលការណ៍ក្បួនហុងស៊ុយទៀតផង ដូច្នេះគួរទុកឱ្យមានប្រឡោះទំនេរបន្តិចខ្លះ ទើបជាការប្រសើរ និងមិនគួរដាក់គ្រឿង​សង្ហារិមជាប់កិតនឹងជញ្ជាំងឡើយ យ៉ាងហោចណាស់ក៏គួរទុកប្រឡោះពីជញ្ជាំងមកប្រហែល 1អ៊ិញដែរ។

7 . ប្រមូលខ្នើយបង្អែកមកដាក់ពេញលើកៅអីសាឡុង

ពិតហើយថា សម័យនេះខ្នើយបង្អែកពណ៌ ម៉ូដ និងក្បាច់ក្បូរស្អាតៗមានឱ្យយើងជ្រើសរើសច្រើនមែន តែក៏មិនមែនមានន័យថា ត្រូវតែប្រមូលយកមកដាក់គររៀងគ្នានៅលើកៅអីសាឡុងឡើងមើលទៅព្រឹលភ្នែកអស់នោះទេ។ គួរជ្រើសរើសយកតែខ្នើយ​ណាដែលមានពណ៌ស្អាតៗ ក្បាច់ក្បូរស៊ីគ្នានឹងកៅអី តែ 2 ឬ 3 មកបានហើយ មិនដូច្នោះទេខ្នើយបង្អែកស្អាតៗនឹងមើលទៅឃើញ​រាយ​ប៉ាយលែងស្អាតអស់មិនខាន។

យ៉ាងម៉េចដែរមិត្តអ្នកអាន? ​ សម្រាប់ចំណុចខុសឆ្គងក្នុងការតុបតែងផ្ទះខាងលើនេះ តើមានចំណុចណាខ្លះដែលអ្នកធ្លាប់បានធ្វើហើយទេ?   បើមាន…ចូរកុំបង្អង់យូរ ប្រញាប់រកពេលវេលាកែខៃវាឡើងវិញប្រសើរជាង ដើម្បីឱ្យផ្ទះជាទីស្រឡាញ់របស់លោក​អ្នកមើលទៅគួរឱ្យចង់រស់នៅ​​ និងស្រឡះស្អាតទៀតផង៕

Advertisement