រឿងធម្មតាៗ 10យ៉ាងដែលយើងច្រើនតែភ្លេចក្នុងការតុបតែងផ្ទះ

តើលោកអ្នកធ្លាប់ដែរឬទេ ធ្លាប់មានអារម្មណ៍ថា ទោះជាខំតុបតែងផ្ទះយ៉ាងណា ក៏នៅតែមិនស្អាតដូចរូបនៅក្នុងទស្សនាវដ្តីដែរ និងមានអារម្មណ៍ថា ដូចជារាងទើសភ្នែក ខ្វះនេះ លើសនោះយ៉ាងម៉េចក៏មិនដឹង…។ ព្រោះថា ទោះជាផ្ទះរបស់លោកអ្នក ទំនើប និងថ្លៃប៉ុនណាក៏ដោយ តែរឿងការ​តុបតែងលម្អមិនមែនជារឿងងាយដូចការគិតនោះទេ។ ខាងក្រោមនេះគឺ ឧទាហរណ៍ខ្លះៗដែលយើងច្រើនតែភ្លាត់ភ្លាំងក្នុងការតុបតែងផ្ទះ ដូច្នេះបើអ្នកណាមិនចង់ខុសឆ្គងក្នុងការតុបតែងផ្ទះ សូមតាមដានដូចតទៅ។

-តែងផ្ទះច្រើនពេក ឡើងស៊ុបទ្រុប

កុំគិតតែពីតុបតែងផ្ទះដោយរបស់លម្អច្រើនពោរពាស រហូតមើលទៅដូចជាចង្អៀតហប់នោះ បើលោកអ្នកត្រូវដើរចៀសរបស់នេះ ដើរគេចរបស់នោះពេលដើរចេញ-ចូលក្នុងផ្ទះរបស់ខ្លួនឯងនោះ នោះបញ្ជាក់ថា លោកអ្នកមានរបស់របរច្រើនជ្រុលពេកហើយ ដូច្នេះគួរទុកឱ្យមានកន្លែងចន្លោះទំនេរគ្រាន់នឹងសម្រាកខ្សែភ្នែកខ្លះផង។

-ពេញទៅដោយរបស់ប្រមូលសន្សំទុក

ផ្ទះដែលពោរពេញទៅដោយរបស់ប្រមូលសន្សំ ដែលជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួននោះ អ្នកអាចមើលឃើញថាវា​ស្អាតក៏ពិតមែន តែអ្នកជឿទេថា ភ្ញៀវដែលមកលេងផ្ទះយើង គេមិនបានគិតបែបហ្នឹងទេ ហើយគេមានអារម្មណ៍ថា ដូចជារំខានទៀតផង ដូច្នេះចូរសាក​ល្បងតុបតែងផ្ទះតាមបែបស្ទីលធម្មតាវិញ ប្រហែលជាគួរឱ្យគយគន់ជាង។

-ទិញគ្រឿងសង្ហារិមមកដាក់ក្នុងផ្ទះ ខុសទំហំ

ទំហំរបស់វត្ថុប្រើប្រាស់គួរតែឱ្យវាសមល្មមនឹងទំហំរបស់បន្ទប់ មិនគួរតូច ឬធំជ្រុលពេកឡើយ ដូច្នេះសូមកុំភ្លេចវាស់ទំហំទីកន្លែងដែលត្រូវដាក់តាំង មុននឹងចេញទៅរកទិញរបស់ទាំងនោះផងទើបជាការប្រសើរ។

-វ៉លផេភើរ៍(ក្រដាសរូបភាពបិទជញ្ជាំង)មានរូបភាពក្បាច់ក្បូរគួរឱ្យខ្លាច

វ៉លផេភើរ៍ មានរូបដូចសត្វពស់ ដូចសត្វចម្លែក គួរឱ្យខ្លាចញញើត…សូមសាកល្បងគិតទៅមើលថា បើភ្ញៀវមកលេងផ្ទះយើង តើគេហ៊ានឈានជើងចូលមកក្នុងផ្ទះឬទេ? ដូច្នេះ ចូរកុំតុបតែងផ្ទះដោយវ៉លផេភើរ៍បែបនេះជាដាច់ខាត។

-ដើមផ្កាជ័រ

ពិតប្រាកដហើយថា ដើមឈើ និងផ្កា នឹងជួយឱ្យផ្ទះមើលទៅស្រស់ស្អាត តែដើមផ្កាក្លែងក្លាយ ឬជ័រ នឹងធ្វើឱ្យផ្ទះមើល​ទៅមានតម្លៃថោក បង្ហាញពីចំណង់ចំណូលចិត្តរបស់អ្នកស្នាក់នៅ មិនហាយក្លាស់ ដូច្នេះគួរចំណាយប្រាក់ទិញដើមផ្កាមែនទែនមកតុបតែងលម្អវិញ ដែលទោះជាថ្លៃជាងមែន តែមើលទៅល្អស្រស់ស្រាយជាងច្រើនណាស់។

-បន្ទប់គេងប្រើពណ៌ផ្កាឈូកពេញទាំងបន្ទប់

តើអ្នកគិតយ៉ាងណាដែរ ពេលជួបមនុស្សដែលតុបតែងខ្លួនដោយសម្លៀកបំពាក់ពណ៌តែមួយតាំងពីក្បាលដល់ចុងជើងនោះ? ការតុបតែង​បន្ទប់ ឱ្យអ្វីៗគ្រប់យ៉ាងមានពណ៌ផ្កាឈូកទាំងអស់ ទោះជាមើលយ៉ាងម៉េច ក៏នៅតែដូចជាដែលគ្មានសិល្ប:ក្នុងការតុប​តែង​​​ដែរ។ ដូច្នេះសូមសាកល្បងរករបស់តុបតែងណា ដែលមានពណ៌ស៊ីគ្នានឹងពណ៌ផ្កាឈូកមកដាក់លាយឡំខ្លះ ទើបជាការប្រសើរជាង ។

-មិនព្រមបកថង់ប្លាស្ទិកចេញពីវត្ថុតុបតែងលម្អ

មានវិធីផ្សេងទៀតជាច្រើនក្នុងការថែទាំរបស់ប្រើប្រាស់ឱ្យនៅថ្មី ជាប់ធន់បានយូរ និងមិនប្រឡាក់ តែមិនមែនជាវិធីបែបនេះទេ…។

-ព្យួររូបភាពលើជញ្ជាំងខ្ពស់ជ្រុលពេក

មើលទៅដូចជាស្អាត តែតើវានឹងវារួយ-កទេ ពេលយើងងើយមើលវា? រូបភាព ឬរូបថតផ្សេងៗមិនគួរព្យួរខ្ពស់ជ្រុលពេក ដល់ថ្នាក់ត្រូវងើបមុខឡើងមើលនោះទេ គួរព្យួរនៅក្នុងកម្ពស់ដែលយើងអង្គុយ ឬឈរក៏អាចមើលឃើញដែរទើបជាការប្រសើរ។

-ខ្សែភ្លើងច្រវេតច្រវាត់ រញេរញ៉ៃ គ្មានរបៀប

ខ្សែភ្លើងរបស់ទូរទស្សន៍ កង្ហារ ឬគ្រឿងប្រើប្រាស់អគ្គិសនីទាំងអស់ដែលមាននៅក្នុងផ្ទះ មិនថាតែក្នុងបន្ទប់ណាក៏​ដោយ គួររៀបចំប្រមូលចង ឬរុំបញ្ចូលគ្នាជាខ្សែតែមួយដាក់ទៅកៀនជញ្ជាំង ទើបមើលទៅមិនកេកកាក រញេរញ៉ៃ និងមាន​សណ្តាប់​ធ្នាប់។

-ដាក់កៅអីសាឡុងឃ្លាតឆ្ងាយពីគ្នាជ្រុលពេក

នេះគឺជាចំណុចខុសឆ្គងមួយ ដែលមិនអាចទទួលយកបានជាទីបំផុត ដូច្នេះមិនចាំបាច់ដាក់កៅអីសាឡុងទៅជាប់នឹងជញ្ជាំងពេកទេ នឹងទោះជាបន្ទប់ទទួលភ្ញៀវមានទីធ្លាធំទូលាយយ៉ាងណាក៏ដោយ ក៏គួររៀបចំឱ្យបានសមរម្យ និងមានរយ:ឆ្ងាយពីគ្នាសមល្មម ដើម្បីងាយស្រួលក្នុងការសំណេះសំណាលគ្នា៕

Advertisement