១០ យ៉ាងក្នុងការការពារ និងរៀបចំផ្ទះឱ្យមានរបៀប

ផ្ទះណាដែលមានរបស់របរទុកចោលរកេករកាកច្រើនរហូតនឿយហត់ និងធុញទ្រាន់ក្នុងការដើរប្រមូលយកមកទុក​ដាក់ឱ្យមានរបៀបវិញនោះ ថ្ងៃនេះយើងមានវិធីជួយឱ្យលោកអ្នករក្សាបាននូវភាពស្អាតបាតមានរបៀបរៀបរយនៅក្នុងផ្ទះ​ត្រៀមចាំទទួលភ្ញៀវមកលេង ដែលអាចជួយបន្ធូរកម្លាំងបងៗមេផ្ទះបានខ្លះដែរ ។

  1. កុំរៀបចំទុកដាក់របស់របរផ្សេងៗនៅក្នុងផ្ទះក្នុងពេលតែមួយ ព្រោះនឹងធ្វើឱ្យអ្នកអស់កម្លាំងខ្លាំងជាមិនខាន ចូរចាប់ផ្តើមពីកន្លែងតូចៗជាមុន ដូចជា លើតុ ទូថ្នាក់ដាក់របស់ផ្សេងៗ ហើយសឹមពង្រីកទៅរកកន្លែងដែលមានបញ្ហាច្រើន ដូចជា រោងចតឡាន ឬបន្ទប់ដាក់សម្ភារៈជាដើម ។
  2. គន្លឹះសំខាន់ គឺឧស្សាហ៍មើលថែទាំ បើលោកអ្នកឧស្សាហ៍មើលថែបោសជូត និងសម្អាតទីកន្លែងផ្សេងៗឱ្យមាន​របៀបរៀប​​រយគ្រប់ពេលបន្ទាប់ពីប្រើប្រាស់រួចជានិច្ចនោះ លោកអ្នកនឹងមិនជួបបញ្ហារបស់របរទុកចោលអារាត់អារាយឡើយ
  3. ស្រវាយករបស់របរទាំងអស់ចេញមកពីក្នុងទូ និងថតតុ ហើយយកមកដាក់គរួមគ្នា រួចរើសយករបស់ណាដែល​អ្នកលែងត្រូវការប្រើហើយនោះដាក់ចូលក្នុងថង់ទុកបរិច្ចាគ ដើម្បីកុំឱ្យនៅសល់វត្ថុដែលអ្នកឈប់ប្រើហើយនោះ​នៅទើសមុខ​ទើស​មាត់ទៀត ។
  4. រៀងរាល់ឆ្នាំ ចូររកកេសធំៗ៣ មករៀបចាត់ញែកចេញដោយឡែកពីគ្នាថា កេសមួយណាដែលទុកដាក់របស់ទុក​បរិច្ចាគ របស់ដែលត្រូវយកទៅបោះចោល និងរបស់ដែលនៅទុកប្រើបានមួយឆ្នាំទៀតតាមលំដាប់ ។
  5. អ្វីដែលអ្នកមិនប្រាកដក្នុងចិត្តថា តើចាំបាច់ត្រូវទុកឬអត់នោះ កុំស្ទាក់ស្ទើរ បោះចោល ឬបរិច្ចាគតែម្តងទៅល្អ​ជាង ។
  6. កន្លែងដាក់របស់របរនៅលើតុ ព្យាយាមកំណត់ឱ្យមានត្រឹមតែវត្ថុ ៣ មុខបានហើយ ។
  7. កុំព្យាយាមសន្សំរូបលម្អដែលមានដែកឆក់នៅតាមទូទឹកកក ព្រោះកន្លែងនេះហើយដែលធ្វើឱ្យមើលទៅឃើញផ្ទះស៊ុបទ្រុបនោះ ។
  8. រៀបចំគ្រឿងប្រើប្រាស់ការិយាល័យដាក់ក្នុងកញ្រ្ចែង ឬថ្នាក់ដាក់ឯកសារ រួមទាំងប្រអប់ដាក់ប៊ិចខ្មៅដៃឱ្យមាន​របៀប ដើម្បីកុំឱ្យរញេរញ៉ៃលើតុធ្វើការ ។
  9. បែងចែកទីកន្លែងប្រមាណ ១០ ភាគរយនៃផ្ទៃផ្ទះទាំងមូល ទុកសម្រាប់ទុកដាក់របស់របរផ្សេងៗ ។
  10. អាចកែសម្រួលការប្រើប្រាស់គ្រឿងតុទូមួយចំនួនឱ្យកើតប្រយោជន៍បាន ដូចជា យកហឹប ឬថតតុមកដាក់ធ្វើជាកន្លែងទុករបស់របរនៅក្នុងបន្ទប់ទទួលភ្ញៀវ ជាដើម ៕
Advertisement