(វីដេអូ) តើ​ពិភព​ដទៃ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ មាន​ព្រឹល​ធ្លាក់​ដូច​លើ​ផែនដី​ដែរ ឬទេ?

តំបន់​ជាច្រើន​នៅលើ​ផែនដី នា​រដូវរងា​តែងតែមាន​ព្រឹល​ធ្លាក់។ ប៉ុន្តែ នៅលើ​ភព និង​ទីកន្លែងផ្សេងៗក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​វិញ តើ​មាន​ធ្លាក់​ព្រឹល​ដូច្នេះ​ដែរ ឬទេ?

ភព​ព្រះ​អង្គារ (Mars) ភព​ព្រហស្បតិ៍ (Jupiter) និង​ព្រះ​ចន្ទ Enceladus របស់​ភព​សៅរ៍ (Saturn) គឺជា​ទីកន្លែង​ដែលមាន​បាតុភូត​ដូច​ទៅនឹង​ការធ្លាក់​ព្រឹល​នា​រដូវរងា​នៅលើ​ភពផែនដី។

មិនចាំបាច់​ទៅរក​ឯណា​ឆ្ងាយ​នោះទេ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ព្រឹល​ធ្លាក់​នៅលើ​ផ្កាយ​ព្រះ​អង្គារ។ កាលពី​ឆ្នាំ 2008 យាន​ចុះចត Phoenix របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) បាន​រកឃើញ​ព្រឹល​ប្រភេទ​ទឹកកក និង​ប្រភេទ​ព្រឹល​ធម្មតា​ដូច​នៅលើ​ផែនដី បាន​ធ្លាក់​នៅក្បែរ​ប៉ូល​ខាងជើង​នៃ​ភព​ព្រះ​អង្គារ។ ចំណែក​ព្រឹល​ទម្រង់​ទឹកកក​ស្ងួត (CO2 កក) ត្រូវបាន​ប្រទះឃើញ​ធ្លាក់​នៅ​ជុំវិញ​ប៉ូល​ខាងត្បូង។

ព្រះចន្ទ Enceladus

យោងតាម NASA បើទោះជា​មាន​សីតុណ្ហភាព​ជាធ​ម្យ​ម -63 អង្សា​សេ ប៉ុន្តែ ព្រឹល​ដែល​ធ្លា​ក់មក តែងតែ​ហួត​ជា​ចំហាយ​ឡើង​ទៅលើ មុននឹង​អាច​ធ្លាក់​មកលើ​ផ្ទៃ​របស់​ភព​ព្រះ​អង្គារ ដោយសារតែ​ភព​នេះ​មាន​បរិយាកាស​ស្ដើង​ពេក។

នៅលើ​ភព​ព្រហស្បតិ៍​វិញ ពពក​ទឹកកក​ធ្លាក់ចុះ​ដោយ​លាយ​លំ​ជាមួយនឹង​ទឹកកក​ប្រភេទ​ទឹក​ធម្មតា និង​អា​ម៉ូ​ញាក់ ដែល​វា​ស្រដៀង​នឹង​ភ្លៀង​ទឹកកក​ច្រើនជាង។ បាតុភូត​នេះ​ត្រូវបាន​រកឃើញ​ដោយ​យានអវកាស Juno របស់ NASA។

ទីកន្លែង​ដែល​ល្អ​បំផុត​សម្រាប់​លេង​កីឡា​នា​រដូវរងា​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ នោះ​គឺ Enceladus ដែលជា​ព្រះ​ចន្ទ​របស់​ភព​សៅរ៍ ដោយមាន​ចង្កេះភ្នំ​ដែល​គ្របដណ្ដប់​ពេញ​ដោយ​ល្បាយទន់ៗដូច​ម្សៅ។ យោងតាម​ទិន្នន័យ​ដែល​បានមកពី​យានអវកាស Cassini របស់ NASA គ្រាប់​ទឹកកកល្អិតៗបាញ់​ចេញពី​ដី​ទៅលើ​អាកាស ហើយ​ធ្លាក់​មកវិញ​ទៅតាម​ទិស​ដែល​គេ​អាច​ព្យាករ​បាន។ ក៏ប៉ុន្តែ ល្បឿន​នៃ​ការធ្លាក់​មកវិញ​របស់​គ្រាប់​ទឹក​នេះ មាន​សភាព​យឺត​ជាង​នៅលើ​ផែនដី។ ផ្ទៃ​ខាងលើ​របស់​ព្រះ​ចន្ទ​ Enceladus ទទួលបាន​ផង់​ទឹក​ល្អិត​នេះ​មិន​ដល់ 1/1,000 ផង នៅក្នុងមួយឆ្នាំ៕

ប្រភព៖ Amaze Lab

Advertisement