ផ្ទះដែលមានសុខភាពល្អ មានលក្ខណៈបែបណា?

” ផ្ទះ ” គឺជាបច្ច័យមួយក្នុងចំណោមបច្ច័យទាំង ៤ របស់មនុស្ស តែភាពសំខាន់របស់ផ្ទះ មិនមែនគ្រាន់តែជាកន្លែង​សម្រាប់ស្នាក់អាស្រ័យនៅប៉ុណ្ណោះទេ ការមើលថែទាំឱ្យផ្ទះស្អាត មានសុវត្ថិភាព ងាយស្រួលដល់ការរស់នៅយ៉ាងមាន​សេចក្តីសុខទាំងកាយ និងចិត្ត នឹងរឹតតែធ្វើឱ្យអ្នកស្នាក់អាស្រ័យមានសុខភាពល្អ និងមានគុណភាពជីវិតកាន់តែល្អប្រសើរ​ឡើង ដូច្នេះថ្ងៃនេះយើងនាំគ្នាមកធ្វើឱ្យផ្ទះរបស់យើងក្លាយជាផ្ទះមានសុខភាពល្អទាំងអស់គ្នា ។

គោលការណ៍ចម្បងនៃផ្ទះមានសុខភាពល្អដែលគួរយកចិត្តទុកដាក់នោះគឺ គ្មានធូលីដី ស្រឡះសប្បាយ គ្មានសារធាតុពុល ដែលយើងអាចធ្វើបានដោយវិធីដូចខាងក្រោមនេះ ៖

គ្មានធូលីដី

  • ក្នុងបន្ទប់គេង ជាពិសេសនៅម្តុំក្បាលតំណេក មិនគួរមានធ្នើរ ឬថ្នាក់ដាក់ឥវ៉ាន់ឡើយ ព្រោះនៅពេលមានថ្នាក់ដាក់ ច្បាស់ជាត្រូវមានឥវ៉ាន់ដាក់មិនខាន រួចហើយវានឹងក្លាយជាប្រភពប្រមូលសន្សំធូលីដីបានយ៉ាងងាយ ។
  • តុធ្វើការ បើនៅក្នុងបន្ទប់គេងផងនោះ គួរឱ្យនៅឆ្ងាយពីក្បាលតំណេក ព្រោះមានការស្រាវជ្រាវវិភាគមួយបានរក​ឃើញ​ថា តុធ្វើការមានមេរោគបាក់តេរីច្រើនជាងនៅក្នុងបន្ទប់ទឹករាប់សឹបដងឯណោះ ។
  • គ្រឿងតុ កៅអី នៅក្នុងផ្ទះ ដូចជា កៅអី ឬកៅអីសាឡុង គួរជ្រើសរើសប្រើប្រភេទដែលរុំដោយស្បែក ព្រោះមិន​សូវសន្សំធូលីដី ថែមទាំងងាយស្រួលសម្អាតទៀតផង ។
  • កម្រាលព្រំ បើមិនចាំបាច់ទេ មិនគួរមានទេ ព្រោះជាកន្លែងសន្សំធូលីដីបានដោយងាយ ។
  • វាំងនន បើសឹនជ្រើសរើសប្រើវាំងននដែលជាវត្ថុផ្សេងៗក្រៅពីផ្ទាំងក្រណាត់នោះ គឺជាការល្អ ដូចជាវាំងននបែប​ស្លាបព្រឹលជាដើម ព្រោះវាងាយស្រួលសម្អាត ។

ស្រឡះសប្បាយ

  • មិនគួរបើកម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃនោះទេ ព្រោះក្រៅពីអស់លុយច្រើនហើយ នៅធ្វើឱ្យខ្យល់អាកាសធម្មជាតិមិនអាចបក់ចេញចូលមកក្នុងផ្ទះ ឬក្នុងបន្ទប់បានឡើយ ។
  • គួរបើកបង្អួច ដើម្បីឱ្យខ្យល់អាកាសបរិសុទ្ធចេញចូល និងពន្លឺពីធម្មជាតិបានឆ្លងកាត់ចូលមកក្នុងផ្ទះ ឬក្នុងបន្ទប់ឱ្យបានញឹកញាប់ផង ។

គ្មានសារធាតុពុល

  • តុ ទូ កៅអី ដូចជា ទូដាក់ខោអាវ ឬទូដាក់ឥវ៉ាន់ គួរប្រើប្រាស់ទូឈើធម្មជាតិ មិនគួរប្រើប្រាស់បែបឈើសឹប្បនិម្មិតឡើយ ជាពិសេសឈើ Particle board ព្រោះវាមានចំណែកផ្សំរបស់ Formaldehyde ដែលមានផលប៉ះពាល់ដល់ប្រព័ន្ធដង្ហើមរបស់មនុស្សបាន ។
  • ថ្នាំលាបផ្ទះ ឬថ្នាំលាបឈើផ្សេងៗ គួរជ្រើសរើសថ្នាំដែលមានគុណសម្បត្តិ និងមានសុវត្ថិភាពចំពោះសុខភាព ។
  • បន្ទប់គេង ដែលមានបន្ទប់ទឹកនៅខាងក្នុង មិនគួរធ្វើប្រឡោះខ្យល់នៅលើទ្វាបន្ទប់ទឹកឡើយ ព្រោះមេរោគបាក់តេរី និងវត្ថុកខ្វក់ផ្សេងៗពីខាងក្នុងបន្ទប់ទឹកនឹងចូលមកក្នុងបន្ទប់គេងបានតាមរយៈប្រឡោះខ្យល់ទាំងនោះ ។ គួរជ្រើសរើសប្រើទ្វាដែលជិត និងបំពាក់កង្ហារបឺតខ្យល់ចេញពីបន្ទប់ទឹកផង ។
Advertisement