ទំនៀមទម្លាប់​ពិសេស​ៗ​នៃ​ការទទួល​អំណរ​ឆ្នាំថ្មី​របស់​ជនជាតិ​ចិន

ជន​ជាតិចិន​ចាត់ទុក​ពិធី​ចូលឆ្នាំថ្មី​តាម​ចន្ទគតិ​ជា​ពិធីបុណ្យ​ប្រពៃណី​ប្រចាំឆ្នាំ​ធំជាងគេ​បង្អស់​របស់​ប្រទេស​នេះ ហើយ​នៅក្នុង​ពិធី​នេះ ជន​ជាត​ចិន​តែងមាន​ទំនៀមទម្លាប់ពិសេសៗដើម្បី​ទទួល​អំណរ​ឆ្នាំ​ថ្មី។

ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ត្រូវបាន​គេ​ហៅថា បុណ្យ​និ​ទាឃ​រដូវ ឬ​បុណ្យ​ចូ​ន​ឆ្នាំ​ចន្ទគតិ ក្នុងនោះ ចាប់ពី​ថ្ងៃទី 8 ខែ 12 ចន្ទគតិ ត្រូវ​នឹង​ថ្ងៃ​ទី​ 20​ ខែ​មករា​ (2021)​ ប្រជាជន​ចិន​នៅ​ពាសពេញ​ពិភពលោក ត្រលប់មក​ផ្ទះ ឬ​ស្រុកកំណើត ជួបជុំ​គ្រួសារ ដើម្បី​ទទួល​ឆ្នាំ​ថ្មី និង​សែនដូនតា។

រៀបចំផ្ទះ​សំបែង

មុន​ថ្ងៃទី 30 ខែ 12 ចន្ទគតិ រៀងរាល់ឆ្នាំ ជនជាតិ​ចិន​មាន​ទំនៀមទម្លាប់​រៀបចំផ្ទះ​សម្បែង​យ៉ាង​ស្អាតបាត​ដើម្បី​ទទួល​ឆ្នាំ​ថ្មី។ របស់របរចាស់ៗដែល​លែង​ប្រើប្រាស់​និង​សំរាម ធូលី​ក្នុង និង​ជុំវិញ​ផ្ទះ ត្រូវបាន​គេ​យកទៅ​បោះចោល ក្នុង​បំណង​បណ្ដេញ​ភាព​ឧបទ្រពចង្រៃ​ឱ្យចេញ​ពី​ឆ្ងាយ និង​ទទួលយក​ប្រការល្អៗចូលមក​វិញ។

តុបតែង​ផ្ទះ​ដោយ​កំណាព្យ​ដែល​សរសេរ ឬ​បោះ​ពុ​ម្ភ​លើ​ក្រដាស​ពណ៌​ក្រហម

មុន​ថ្ងៃ​ចូលឆ្នាំ គ្រួសារ​ចិន​ស្ទើរតែ​ទាំងអស់​នៅ​ប្រទេស​ចិន សុទ្ធតែ​បិទ​ភ្ជាប់​ក្រដាស់​ពណ៌​ក្រហម​ដែលមាន​សរសេរ​កំណាព្យ នៅ​មាត់ទ្វារ។ ទម្លាប់​នេះ​បានចាប់ផ្ដើម​តាំងពី​មុន​សម័យ​រាជវង្ស​សុង (Song dynasty, 960-1279)។

ទន្ទឹមនឹងនេះ ជនជាតិ​ចិន​ក៏មាន​ទម្លាប់​ព្យួរ​គោម​ក្រហម និង​បិទ​ក្រដាស​ក្រហម​ដើម្បី​ទទួល​អំណរ​ឆ្នាំ​ថ្មី​ប្រកបដោយ​ភាពកក់ក្ដៅ និង​សុខ​សប្បាយ។

មុខម្ហូប «ត្រី​ចំហុយ» សម្រាប់​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី

គ្រួសារ​មួយចំនួន​នឹង​ត្រៀម​មុខម្ហូប​ជាច្រើន​មុខ ក្នុងនោះ​ក៏មាន​ត្រី​ចំហុយ​ផងដែរ​ស​ម្រ​ប់​ទទួលទាន​ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី។ ក្នុង​ភាសា​ចិន ពាក្យ​ថា «ត្រី» គឺមាន​សំនៀង​ស្រដៀង​នឹង​ពាក្យ​ថា «សល់ ឬ​ថែម»។ ដូច្នេះ នាំឱ្យ​មានជំនឿថា ការទទួល​ទាន​សាច់​ត្រី​នឹង​ជួយ​ឱ្យ​ឆ្នាំ​ថ្មី​បាន​សម្បូរ​សប្បាយ សល់​ប្រាក់កាស​ហូរហៀរ។

ទស្សនា​កម្មវិធី​សំដែង​ទទួល​អំណរ​រដូវ​ផ្កា​រីក​នៅលើ CCTV

ឆ្នាំ 1983 ទូរទស្សន៍​ជាតិចិន CCTV បាន​ចាក់ផ្សាយ​មហា​កម្មវិធី​អំណរ​ឆ្នាំ​ថ្មី (Gala) ជា​លើកដំបូង។ មកដល់​បច្ចុប្បន្ន វា​គឺជា​កម្មវិធី​ដែល​ត្រូវបាន​គេ​មើល​ច្រើន​បំផុត​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន។

មហា​កម្មវិធី​ខាងលើនេះ រួមមាន កម្មវិធី​ចម្រៀង រាំ​របាំ និង​ការជជែក​ជាមួយ​បុគ្គល​ល្បីឈ្មោះ រួមទាំង​កំប្លែង។ល។ ដែល​ទាំងអស់នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​នាំមក​នូវ​អារម្មណ៍​សប្បាយរីករាយ​ដល់​អ្នកទស្សនា​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ។

ទទួលទាន​គាវ​ចំហុយ

ទំនៀមទម្លាប់​ទទួលទាន​ម្ហូប​គាវ​ចំហុយ​ក្នុង​ថ្ងៃ​ដើមឆ្នាំ​ថ្មី គឺ​ចង់​បង្ហាញថា ពួកគេ​លា​ឆ្នាំ​ចាស់​ដែល​កន្លងផុតទៅ និង​ទទួលយក​ឆ្នាំ​ថ្មី​ដែល​បាន​មកដល់។ ស្នូល​របស់​មុខម្ហូប​នេះ ធ្វើ​អំពី​សាច់ជ្រូក និង​បន្លែ​ចិញ្ច្រាំ ដែល​ត្រូវបាន​ខ្ចប់​នៅក្នុង​សម្បក​នំ​ដែល​ធ្វើ​អំពី​ម្សៅ​មី។ ជួនកាល មានគ្រួសារ​ខ្លះ​ដាក់​ប្រាក់​កាក់​ទៅក្នុង​ស្នូលនំ ដោយ​ជឿថា អ្នកណា​យកបាន​វា អ្នកនោះ​នឹងមាន​លាភ មានជ័យ​ច្រើនជាងគេ​នៅក្នុង​ឆ្នាំ​ថ្មី។

ជូនពរ​ដល់​ញាតិមិត្ត

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដើមឆ្នាំ​ថ្មី ជនជាតិ​ចិន​មាន​ទម្លាប់​ទៅលេង​ផ្ទះ​ញាតិ និង​មិត្តភក្ដិ ហើយ​ជួនកាល​ក៏​នៅ​ទទួលទាន​អាហារ​ជាមួយគ្នា។ ពួកគេ​ក៏​ជូនពរ​គ្នា​ឱ្យ​រកស៊ី​មានបាន ហេងៗ សុភមង្គល រួម​នឹង​ប្រការល្អៗផ្សេងទៀត។ សម្រាប់ក្មេងៗ គេ​ជូនពរ​ឱ្យ​ឆ្លាត​វៃ សប្បាយរីករាយ។ល។ ចំណែក​សម្រាប់​ចាស់​វិញ គេ​ជូនពរ​សុខភាព​ល្អ អាយុ​យឺនយូរ។ល។

ជូន​ប្រាក់​នាំ​សំណាង (អាំង​ប៉ាវ)

សម្រាប់​ជនជាតិ​ចិន ពណ៌​ក្រហម​ត្រូវបាន​ចាត់ទុកជា​ពណ៌​ដែល​នាំមក​នូវ​សំណាងល្អ ដូច្នេះ នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន ចាស់ៗ ឬ​មនុស្ស​ធំ តែងតែ​ជូន ឬ​ឱ្យប្រាក់​នាំ​សំណាង​ដែល​ដាក់​ក្នុង​សំបុត្រ​ពណ៌​ក្រហម ដែល​ហៅថា អាំង​ប៉ាវ ដល់ក្មេងៗ ឬ​មនុស្ស​ដែលមាន​អាយុ​តិចជាង។ អត្ថន័យ​នៃ​ទំនៀមទម្លាប់​នេះ​គឺមាន​បំណង​ឱ្យ​អ្នកទទួល ជួបតែ​សុភមង្គល សំណាងល្អ និង​សុខ​ភាពល្អ​នៅក្នុង​ឆ្នាំ​ថ្មី។ សព្វថ្ងៃ កូនចៅ​ក៏​ជូន​ប្រាក់​នាំ​សំណាង​នេះ​ដល់​ចាស់ទំ​ក្នុង​គ្រួសារ ឬ​ញាតិមិត្ត​ទន្ទឹមនឹង​ពាក្យ​ជូនពរ​សុខភាព​ល្អ អាយុ​យឺនយូរ​ផងដែរ៕

ប្រភព៖ Chinesenewyear

Advertisement