ប្រការ​ទាំង​ឡាយ​ដែល​ជនជាតិ​ចិន «តម» បំផុត នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ

ប្រជា​ជាតិចិន​មានការ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​គោលការណ៍ «តម» នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​របស់​ជនជាតិ​នេះ ទន្ទឹមនឹងនេះ ពួកគេ​ក៏​ព្យាយាម​តមនូវ​ប្រការផ្សេងៗគ្នា​ជាច្រើន​ទៀត​ទៅតាម​ជំនឿរៀងៗគ្រួសារ​ផងដែរ។

ខាងក្រោម​នេះ​គឺជា​ការ​សង្ខេប​នូវ​ប្រការ​លេចធ្លោ​មួយចំនួន​ដែល​ជនជាតិ​ចិន​តែងតែ​នាំគ្នា​តម នៅពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ចូលមក​ដល់៖

1/ និយាយ​ពាក្យ​អាក្រក់​ស្ដាប់ ឬ​ពាក្យ​នាំ​សំណាង​មិនល្អ៖ ដូចជា​ពាក្យ «ស្លាប់» «សម្លាប់» «បែកបាក់» «ខ្មោច​ព្រាយ» «ឈឺចាប់» «អត់ឃ្លាន»។ល។ ប៉ុន្តែ បើ​អ្នក​ត្រូវ​និយាយ​ជា​ចាំបាច់ នោះ​គួរ​និយាយ​ពាក្យ​ដែល​ពីរោះ​ស្ដាប់​ជាង​នេះ។

2/ លេបថ្នាំ ឬ​ទៅ​ពេទ្យ៖ ជន​ជាតិចិន​ភាគច្រើន​សង្ឃឹមថា មិនត្រូវ​លេបថ្នាំ ឬ​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​ពួកគេ​ជឿថា ប្រការនេះ​អាច​នាំឱ្យ​ពួកគេ​ត្រូវ​ជួប​ជំងឺ​ពេញ​មួយឆ្នាំ។

3/ បាក់បែក៖ ចូលឆ្នាំថ្មី​ថ្ងៃ​ដំបូង មិនត្រូវ​ធ្វើឱ្យ​បែកបាក់​របស់របរ ដូចជា កែវ ចាន ថូផ្កា ឬ​កញ្ចក់។ល។ ព្រោះ​អាច​ជួប​បញ្ហា​ស្រដៀង​គ្នា​នេះ​ក្នុង​ជីវិត។

4/ បោក​ខោអាវ៖ ពីរ​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ត្រូវបាន​ចាត់ទុកថា​ជា​ថ្ងៃកំណើត​របស់​ព្រះ​គង្គា ដូច្នេះ បើសិនជា​អ្នកបោក​គក់ខោអាវ​ក្នុងថ្ងៃនេះ មានន័យថា អ្នក​បាន​បំពាន​លើ​ព្រះ​គង្គា។

5/ បោស​សំរាម​៖ បើសិនជា​ចាំបាច់ អ្នក​ក៏​គួរតែ​បោស​សំរាម​ពី​មាត់ទ្វារ​ចូលមក​ខាងក្នុង​ផ្ទះ រួច​កើប​ទុក​មួយ​ឡែក​សិន ដែល​នេះ​តំណាងឱ្យ​ការប្រមូល​ទ្រព្យ។ ជាង​នេះ អ្នក​ក៏​មិនត្រូវ​បាច ឬ​បាញ់​ទឹក​ចេញទៅ​ខាងក្រៅ​ផ្ទះ​នោះដែរ ព្រោះ​វា​តំណាងឱ្យ​ការ​បាច ឬ​បង្ហូរ​ទ្រព្យ​ចេញពីផ្ទះ។

6/ កូនស្រី​បាន​រៀបការ​រួច​ត្រលប់មក​ផ្ទះ៖ កូនស្រី​ដែលមាន​ស្វាមី​រួចហើយ មិនត្រូវ​ត្រលប់​មកលេង​ផ្ទះ​ម្ដាយបង្កើត​ចំ​ថ្ងៃ​ទីមួយ​នៃ​ឆ្នាំ​ថ្មី​នោះឡើយ ព្រោះ​វា​តំណាងឱ្យ​ការបាត់បង់​ប្រាក់កាសរ​បស់​ឪពុក ម្ដាយបង្កើត។

7/ ដាស់​អ្នក​កំពុង​គេង​ក្នុង​ថ្ងៃ​ទីមួយ​នៃ​ឆ្នាំ​ថ្មី៖ ព្រោះ​ក្រោយពី​ភ្ញាក់​ដឹងខ្លួន អ្នក​ដែល​ត្រូវបាន​គេ​ដាស​នោះ​នឹងត្រូវ​ធ្វើការ​យ៉ាង​លំបាក​ពេញ​មួយឆ្នាំ ដោយ​គ្មាន​ពេល​សម្រាក។

8/ ស្លៀកពាក់​ដាច់ រហែក៖ ខោអាវ​ថ្មី ស្អាតបាត តំណាងឱ្យ​ប្រការថ្មីៗ ស្រស់ស្រាយ ចំណែក​ការ​ស្លៀកពាក់​ខោអាវ​ដាច់​រហែក ឬ​ចាស់ គឺ​តំណាងឱ្យ​ភាព​ក្រខ្សត់​ថោកទាប។


ក្រៅពី​ប្រការ​ខាងលើ ក៏​នៅមាន​ប្រការ​ជាច្រើន​ដែល​អ្នក​គួរតែ «តម» រួមមាន៖ សំឡេង​យំ​ក្នុងផ្ទះ ទៅ​ខ្ចីប្រាក់​ឬ​សង​ប្រាក់​អ្នកដទៃ ប៉ះពាល់​ដល់​ម្ជុលដេរ​ខោអាវ ប្រើប្រាស់​កន្ត្រៃ កាត់សក់ ហូប​បបរ​ជា​អាហារ​ពេលព្រឹក សម្ភារ​ដាក់​អង្ករ​បែរជា​គ្មាន​អង្ករ និង​ការ​គេង​ពេល​រសៀល​ជាដើម៕

Advertisement