រន្ទះបាញ់​អាចជា​អ្នក​ដែល​បាន​បង្កើត​ជីវិត​នៅលើ​ផែនដី

ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា រន្ទះបាញ់​ដែល​បាញ់​ចុះមក​កាន់​ផ្ទៃដី​របស់​ភពផែនដី​កាលពី​យុគសម័យដំបូងៗ ទំនងជា​បានផ្ដល់​សារធាតុ​ផូស្វ័រ ( phosphorus) ចាំបាច់​ដើម្បី​បង្កបង្កើត​ជីវិត។

ផូស្វ័រ​គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៅក្នុង​ម៉ូលេគុល​ដែល​បង្កបង្កើត​រចនាសម្ព័ន្ធ​របស់​កោសិកា​រាងកាយ និង​ម្នាស​របស់​កោសិកា ហើយ​ជាង​នេះ វា​ក៏បង្ក​បង្កើតបានជា​គ្រោង​សម្រាប់ DNA និង ARN ផងដែរ។ ប៉ុន្តែ ផូស្វ័រ​ពិតជា​ពិបាក​ត្រូវ​បាន​ចាប់​យក​​នៅលើ​ផែនដី​កាលពី​យុគសម័យ​ជាង 4ពាន់​លាន​ឆ្នាំមុន។

«ផូស្វ័រ​ស្ទើរតែ​ទាំងអស់​នៅលើ​ផែនដី​កាលពី​យុគសម័យ​ដំបូង ត្រូវ​ជាប់គាំង​នៅក្នុង​រ៉ែ​មិន​រលាយ និង​មិន​ដំណើរការ​ មាន​ន័យ​ថា​ វា​មិនអាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្កើតជា​ម៉ូ​លី​គុល​ជីវសាស្ត្រ​ចាំបាច់​សម្រាប់​ជីវិត» នេះ​បើតាម​​ការ​ឱ្យ​ដឹង​ពី​អ្នកវិទ្យាសាស្ត្រ Benjamin Hess មកពី​សាកលវិទ្យាល័យ Yale នៃ​សហរដ្ឋអាមេរិក។

កន្លងមក ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា អាចម៍ផ្កាយ​ដែល​ធ្លាក់​មកលើ​ផែនដី បាន​នាំមក​នូវ​កត្តាចាំបាច់​ស​ម្រា​ប់​ជីវិត​លើ​ពិភព​មួយ​នេះ។ ដុំថ្ម​អវកាស​ត្រូវបាន​គេ​ដឹងថា មាន​ផ្ទុក schreibersite ជា​សារធាតុ​ផូស្វ័រ​ដែល​អាច​រលាយ​ក្នុង​ទឹក។ បើសិន​ជាមាន​អាចម៍ផ្កាយ​ច្រើន​ធ្លាក់​មកលើ​ផែនដី នោះ​វា​គឺជា​ប្រភព​របស់​ផូស្វ័រ​ដ៏​សមស្រប​សម្រាប់​ការកកើត​ជីវិត។

ក៏ប៉ុន្តែ ការសិក្សា​ស្រាវជ្រាវថ្មីៗនេះ បាន​បង្ហាញថា ជីវិត​ចាប់ផ្ដើម​កកើត​លើ​ផែនដី​របស់​យើង​តាំងពី 3.5 ដល់ 4.5ពាន់​លាន​ឆ្នាំមុន ហើយ​ក្នុង​យុគសម័យ​នោះ ផែនដី​មិនសូវ​ទទួល​ឥទ្ធិពល​ពី​អាចម៍ផ្កាយ។ ដូច្នេះ បរិមាណ​ផូស្វ័​យ​ដែល​គាំទ្រ​ដល់​ជីវិត អាចមាន​ប្រភពពី​យន្តការ​ដទៃ។

រូប​ភាព​ឧទ្ទាហរណ៍​នៃ​រន្ទះបាញ់​​កាល​ពី​យុគ​សម័យ​ដំបូង​ៗ​របស់​ផែន​ដី​

នៅក្នុង​របាយការណ៍​ថ្មី​មួយ​នៅលើ​ទស្សនាវដ្ដី Nature Communication ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 16 មីនា 2021 អ្នកវិទ្យាសាស្ត្រ Hess រួម​នឹង​សហការី​របស់ខ្លួន​បាន​រកឃើញ​ភ័ស្ដុតាង​ដែល​អាច​អះអាង​បាន​ថា រន្ទះ​ដែល​បាញ់​ចុះមក​ផែនដី​កាលពី​អតីតកាល ទំនងជា​បាន «បើក​សោ» ឱ្យ​ផូស្វ័រ​ដែល​កំពុង​ជាប់​នៅក្នុង​រ៉ែផ្សេងៗអាច​ចេញមកក្រៅ។

កាលពី​ផែនដី​នៅ​ក្មេង រន្ទះបាញ់​កើតមាន​ច្រើនជាង​សព្វថ្ងៃ ព្រោះថា កាលណោះ​បរិយាកាស​មាន​ផ្ទុក​សារធាតុ carbon dioxide យ៉ាងច្រើន។ សព្វថ្ងៃ ផែនដី​មាន​រន្ទះបាញ់​ប្រមាណ 560លាន​ដង​ក្នុងមួយឆ្នាំ។ ក្នុង​យុគសម័យ​ដំបូង តួលេខ​នេះ​គឺ ចាប់ពី 1 ដល់ 5ពាន់​លាន​ដង ក្នុងនោះ​មាន​ចាប់ពី 100 ទៅ 1ពាន់​លាន​ដង បាន​បាញ់​មកលើ​ដី។ ប្រការនេះ​មានន័យថា រន្ទះបាញ់​អាច​ផ្គត់​ផ្គង​សារធាតុ​ផូស្វ័រ​ដល់​ផែនដី​បាន​យ៉ាងច្រើន។

«ការយល់ដឹង​អំពី​តួនាទី​របស់​រន្ទះបាញ់​ដែល​ដូច​ទៅនឹង​យន្តការ​បង្កបង្កើត​ផូស្វ័រ​ដែល «អាច​ប្រតិកម្ម» គឺជា​រឿង​សំខាន់​ក្នុងការ​សិក្សា​ស្រាវជ្រាវ​រក​ប្រភព​នៃ​ជីវិត​នៅលើ​ផែនដី ក៏ដូចជា​ប្រភព​នៃ​ជីវិត​នៅក្រៅ​ផែនដី។ ការរកឃើញ​របស់​យើង អាចអនុវត្ត​​នៅ​លើ​​គ្រប់​​ពិភព​ទាំងអស់​ដែលមាន​បរិយាកាស​អាច​បង្កើត​រន្ទះបាញ់» អ្នកវិទ្យាសាស្ត្រ Hess អះអាង​ដូច្នេះ៕

ប្រភព៖ CNN
ប្រែ​សម្រួល៖ បុត្រា

Advertisement