ត្រៀមខ្លួន​ជាស្រេច… បើ​អ្នក​ត្រូវ​រៀបការ​ម្តងទៀត

ការព្រម​បើក​បេះដូង ឱ្យ​ឱកាសថ្មីៗ ដើរ​ចូលមកក្នុង​ជីវិត​ម្តងទៀត មិនមែនជា​រឿង​ខាតបង់​នោះទេ តែ​ត្រូវ​គិត​ត្រិះរិះ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បីឱ្យ​ការសម្រេចចិត្ត​លើក​នេះ​របស់​អ្នក មិន​ប៉ះពាល់​ផ្លូវចិត្ត​របស់ “កូន”។

រៀបការ​ម្តងទៀត​ល្អ​ដែរ​ទេ? រៀបការ​ពេល​កូន​នៅតូចៗ ឬក៏​រង់ចាំ​ឱ្យ​កូន​ធំ​បន្តិចទៀត​សិន? រៀបការ​ហើយ​កូន​នឹងមាន​បញ្ហា​ដែរឬទេ?  មាន​សំនួរ​ជាច្រើន បាន​សាង​នូវ​ក្តី​លំបាក​ចិត្ត​ចំពោះ​ស្ត្រី ដែល​មានតែ​ខ្លួនឯង និង​កូន ហើយ​គិត​ចង់​កែសម្រួល គ្រោង​សាង​គ្រួសារ​ជាថ្មី។

រឿង​បែបនេះ ឡា​រ៉ែ​ន​សូម​ប្រាប់​បានតែ 1ម៉ាត់​ទេ​ថា ចូរ​គិត​ឱ្យបាន​ច្រើន គិត​ឱ្យបាន​ល្អិតល្អន់ កុំ​ប្រញាប់​ធ្វើ​អ្វី​តាម​អារម្មណ៍​នឹក​ចង់​ឱ្យសោះ ព្រោះ​ការសម្រេចចិត្ត​លើក​នេះ​របស់​អ្នក ច្បាស់​ជា​ហុច​ផលប៉ះពាល់​ដល់​កូន​ដោយផ្ទាល់​មិន​ខាន។

រៀបការ​ម្តងទៀត ល្អ​ដែរ​ទេ​ហ្ន៎?

ទោះ​ជាការ​រៀបការ​ម្តងទៀត ជា​សិទ្ធិ​របស់​អ្នក​ផ្ទាល់​ក៏ដោយ តែ​ប្រាកដ​ណាស់​ថា រឿង​ដំបូង​គេ​ដែល​អ្នក​ត្រូវ​នឹក​ដល់​នោះ គឺ​កូន។ ស្ត្រី​ដែលមាន​តែ​ខ្លួនឯង និង​កូន ច្រើនតែ​ប្រាប់ថា ចាំ​ឱ្យ​កូន​ធំ​បន្តិចទៀត សឹម​គិត​រៀបការ​ម្តងទៀត ដែល​ការនិយាយ​បែបនេះ មួយផ្នែក គឺជា​លទ្ធផល​មកពី ការ​រាងចាល ពី​បញ្ហា​ដែល​ធ្លាប់​ជួប​កាលពី​ជីវិត​គូ​កន្លងមក  ទើបត្រូវ​បិទទ្វារ​បេះដូង លែង​ទទួលយក​អ្នកណា​ទៀត…តែ​ដូច​ថា​អ៊ីចឹង…ដោយសារតែ​ជោគវាសនា​ជតា​ព្រហ្ម​លិខិត នឹង​ចូលមក​បែបណា​នោះ គ្មាន​នរណា​ដឹង​មុន​ឡើយ ហើយ​បើ​ចៃដន្យ​ថ្ងៃ​ណាមួយ ជីវិត​ប្រែប្រួល មានព្រះអង្គ​ម្ចាស់​ជិះ​សេះស ចូលមកក្នុង​ជីវិត រហូតដល់​ត្រូវ​គិតដល់​រឿង​រៀបការ​ម្តងទៀត​នោះ តើ​ឱ្យធ្វើ​ម៉េច​ទៅ?

ការសម្រេចចិត្ត​រៀបការ​ម្តងទៀត មិនមែនជា​ការខាតបង់​អ្វី​ឡើយ សំខាន់​អ្នក​ត្រូវ​អធិប្បាយ ឱ្យ​អនាគត​ស្វាមី យល់​អំពី​បន្ទុក និង​តួនាទី​នៃ​ភាពជា​ម្តាយ ដែលមាន​ជាប់​នឹង​ខ្លួន​អ្នក​ឱ្យបាន​ច្បាស់​ថា តើ​គេ​អាច​ទទួលយកបាន និង​យល់ព្រម​ក្នុងការ​ស្រឡាញ់ និង​មេត្តា​កូន​របស់​អ្នក ដូចដែល​គេ​ស្រឡាញ់​រូបអ្នក​ដែរឬទេ?។ បើ​គ្រប់យ៉ាង​អូ​ខេ ក៏​អាច​សម្រេច​ចិត្តបាន…តែ សំណួរ​បន្ទាប់​គឺ តើ​នឹង​រៀបការ​ឱ្យ​ហើយ​តាំងពី​ពេល​កូន​នៅ​តូច ឬ​រង់ចាំ​ឱ្យ​កូន​ធំ​សិន​ល្អ​ជាង?

បើ​កូន​នៅ​តូច​មិនទាន់​ដឹងក្តី​នោះ ចូរ​គិតថា ជា​ឱកាស​ដែល​ស័ក្តិសម​ល្អ ក្នុង​ការឱ្យ “អ្នក​មកដល់​ថ្មី” បាន​ចូលមក​ទទួល​តួនាទី​ជា​ឪពុក​បន្តបាន យ៉ាង​មិនចាំបាច់​អៀនប្រៀន​ឡើយ សុំ​ត្រឹមតែ​ឱ្យគេ​ស្រឡាញ់ និង​មេត្តា​ដល់​កូន​របស់​យើង​យ៉ាងពិត​ប្រាកដ​តែប៉ុណ្ណោះ។

តែបើ​រៀបការ​ម្តងទៀត ពេលដែល​កូន​ចាប់ផ្តើម​ដឹងក្តី អាច​នឹង​បញ្ចេញ​ប្រតិកម្ម​តបត និង​ឆ្លើយឆ្លង​បាន​យ៉ាង​ល្អ​ហើយ​នោះ អ្នក​ម្តាយ​ចាំបាច់​ត្រូវ​ប្រើ​សិល្បៈ​ក្នុងការ​អធិប្បាយ​ពន្យល់​បន្តិច​ហើយ រួមទាំង​ត្រូវ​ប្រើ​ភាព​អំណត់​អត់ធន់ និង​ផ្តល់​ពេលវេលា​ក្នុង​ការកសាង​សម្ព័ន្ធភាព​រវាង​ឪពុក​ថ្មី ជាមួយ​កូនចិញ្ចឹម​ទៀតផង។

ត្រៀមខ្លួន​ទប់ទល់​ជាមួយ​រឿងរ​ញេ​រ​ញ៉ៃ​ឱ្យ​រួចជាស្រេច

ប្រាកដ​ណាស់​ថា ក្រោយពី​អ្នកសម្រេចចិត្ត​រៀបការ​លើក​ទី2 នោះ​មានន័យថា នឹងមាន​មនុស្ស​ម្នាក់ទៀត ដែល​ប្រៀបដូចជា​មនុស្ស​ប្លែក​មុខ(សម្រាប់​កូន) ចូល​មកជា​ផ្នែក​មួយ​របស់​គ្រួសារ ហើយ​បុរស​ម្នាក់​នោះ ហាក់ដូចជា​ស្និទ្ធស្នាល​ជាមួយ​ម៉ាក់​មែនទែន។ ក្នុង​ទស្សនៈ​របស់​កូន កូន​អាច​នឹង​គិតថា ម៉ាក់​នឹង​ស្រឡាញ់​បុរស​ម្នាក់នេះ ខ្លាំង​ជាង​យើង​ទេ​ដឹង? ម៉ាក់​ច្បាស់​ជា​លែង​ស្រឡាញ់​យើង​ទៀតហើយ ម៉ាក់​លែង​ត្រឡប់មក​ជានា​គ្នា ជាមួយ​ប៉ា​វិញ​ហើយ​ឬ?  ចូរ​កុំ​បណ្តោយឱ្យ​សំនួរ​ទាំងនេះ នៅ​ដក់​វិលវល់​ក្នុង​ចិត្ត​កូន​ឱ្យសោះ  អ្នក​គួរតែ…៖

និយាយ​ជាមួយ​កូន​ឱ្យ​យល់ កុំ​គិតថា កូន​នៅ​តូច​មិនដឹង​រឿងរ៉ាវ​អ្វី​នោះ

ក្មេង​ខ្លះ​គិត​ច្រើនជាង​មនុស្ស​ធំ​ទៅទៀត អ្វីដែល​សំខាន់ គឺ​ការ​ប្រាប់ ឬ​អធិប្បាយ​ពី​ដំណើររឿង​ដែល​កើតឡើង​នៅក្នុង​ផ្ទះ ឱ្យ​កូន​បានដឹង និង​យល់ ដែល​វា​នឹង​ជួយ​ឱ្យ​កូន​មិនមាន​អារម្មណ៍​ថា ត្រូវបាន​បំបែក​ចេញពី​រូបអ្នក។

សាង​ភាពជឿជាក់​ដល់​កូន

រឿង​សំខាន់​គឺ អ្នក​ម្តាយ​ខ្លួនឯង​ត្រូវ​ផ្តល់​ភាពជឿជាក់​ក្នុង​ចិត្ត​ដល់​កូន​ថា អ្នក​នៅតែ​ស្រឡាញ់​គេ​ដូច​មុន​ដដែល ការដែល​ម៉ាក់​មាន​ប៉ា​ថ្មី​នេះ មិនអាច​ផ្លាស់ប្តូរ​អារម្មណ៍ ដែល​ម៉ា​ក់មាន​ចំពោះ​កូន​បានទេ…ក្តី​ស្រឡាញ់​ដែល​ម៉ា​ក់មាន​ចំពោះ​កូន នឹង​នៅ​ស្ថិតស្ថេរ​រហូត​ទៅ។

ទុកពេល​វេលា​ឱ្យ​ក្នុងការ​សម្របសម្រួល​ខ្លួន

នៅពេលដែល​អ្នក​ម្តាយ​ចាប់ផ្តើម​ស្គាល់​បុរស​ថ្មី​ម្នាក់ និង​មាន​ផែនការ​ថា អនាគត​អាច​នឹង​រៀបការ​ជាមួយគ្នា​ផង​នោះ អ្នក​ម្តាយ​គួរតែមាន​កិច្ចការងារ​ប្រចាំថ្ងៃ ដែល​អាចធ្វើ​រួមគ្នា​រវាង រូបអ្នក កូន និង​បុរស​ថ្មី​ម្នាក់​នោះ ដើម្បី​ឱ្យបាន​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា និង​មាន​សម្ព័ន្ធភាពល្អៗជាមួយគ្នា និង​ជាពិសេស​ទុក​ឱកាស​ឱ្យ​កូន និង​អ្នកថ្មី​នោះ បាន​សម្របសម្រួល​ខ្លួន​ចូលគ្នា​ផង៕

ដោយ អ្នកគ្រូ ឆវី

Advertisement