ខឹង​ដើម្បី​ស្រឡាញ់

ទោះជា​មាន​មាត់​មា​នក មាន​អារម្មណ៍​មួម៉ៅ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ក្នុង​រឿង​តូចតាច ឬ​រឿង​ធំដុំ និង​ចង់តែ​ប្រកែក​យកឈ្នះ​ប៉ុនណា​ក៏ដោយ បើសិនជា​ចង់​រស់នៅ​ជាមួយគ្នា​តទៅទៀត ខាងក្រោម​នេះ គឺជា​រឿង​ដែលបុរសៗយើង​ត្រូវ​នឹក​ដល់​ជានិច្ច៖

1. នៅ​ឱ្យស្ងៀមៗសិន ពេល​មាន​អារម្មណ៍​មួម៉ៅ ឬ​ខឹង

រឿង​ដំបូង​បំផុត​ដែល​ត្រូវធ្វើ គឺ​ស្ងប់​សតិអារម្មណ៍ និង​រម្ងាប់​ភាព​ក្រេវក្រោធ​ឱ្យ​ជាប់ ព្រោះ​បើសិនជា​អ្នក​ទម្លាយ​អារម្មណ៍​នោះ​ចេញមក អ្វីដែល​អ្នក​និយាយ​ចេញមក ច្បាស់​ជា​គ្មានអ្វី​ផ្សេង​ក្រៅពី​រឹតតែ​ធ្វើឱ្យ​កើត​ស្នាមរបួស​កាន់តែ​ជ្រៅ​ទៅទៀត​ឡើយ ដូច្នេះហើយ ទើប​អ្នក​ត្រូវ​នៅ​ស្ងៀម​សិន តាំងស្មារតី​ឱ្យ​នឹង និង​រិះរក​ឱកាស​ពន្យល់ អធិប្បាយ​ពី​ហេតុផល​របស់​អ្នក​ក្នុងពេល​វេលា​ដ៏​ស័ក្តិសម​ណាមួយ តាម​ទំនង​ដែលថា “មិនសូវ​និយាយ​ទេ តែបើ​និយាយ គឺ​ច្បាស់លាស់” ហ្នឹងឯង។

2. មាន​ហេតុផល គឺជា​រឿង​សំខាន់បំផុត

ពេលដែល​មនុស្ស​យើង​ប្រកែក​គ្នា មិនមែន​ដើម្បី​យកឈ្នះ​គ្នា​តែ​ម្យ៉ាង​នោះទេ តែ​ដើម្បី​ពន្យល់​គ្នា​ពី​ហេតុផល​របស់​គ្នា​ទៅវិញទៅមក  ដូច្នេះ តើ​វា​មាន​ប្រយោជន៍​អី​ទៅ ដែល​យើង​ប្រកែក​ឈ្នះ​ហើយ តែ​មនុស្ស​ដែល​យើង​ស្រឡាញ់ មិន​ព្រម​ទទួលស្គាល់ ឬ​មិន​ព្រម​យល់​ពី​ហេតុផល​របស់​យើង​នោះ?។

ដូច្នេះ​ត្រូវ​ចាំ​ទុកឱ្យ​ជាប់​ក្នុង​ចិត្ត​ថា ហាម​របូត​ពាក្យសម្ដី​ធ្ងន់ធ្ងរ ឬ​ពាក្យ​អាក្រក់​ស្តាប់​ណាមួយ ចេញទៅ​ឱ្យសោះ ព្រោះ​វា​នឹង​ធ្វើឱ្យ​ការផ្ដល់​កិត្តិយស ឬ​ការគោរព​គ្នា​ទៅវិញទៅមក ធ្លាក់ចុះ។ អ្វីដែល​ត្រូវធ្វើ​នោះ​គឺ គួររៀបចំ និង​គិត​ចម្រាញ់​ពាក្យសម្ដី​មួយម៉ាត់ៗ ដែល​នឹង​និយាយ​ចេញទៅ​នោះ​ថា តើ​វា​ស័ក្តិសម​ឬទេ  មិនមែន​ជាការ​ជះ​ប្រេង​ទៅលើ​ភ្លើង​ថែម​នោះឡើយ។ ការប្រើ​ហេតុផល​អធិប្បាយ​អំពី​ប្រភព​នៃ​រឿងហេតុ គួរ​ធ្វើឡើង​នៅក្នុង​ពេលវេលា​ដ៏​សមរម្យ​ណាមួយ វា​នឹង​ធ្វើឱ្យ​យើង​យល់ចិត្ត​គ្នា​បាន​ឡើងវិញ​នៅ​ទីបំផុត។

3.​ ប្រកែក​ឱ្យ​ត្រូវ​ទីកន្លែង និង​ត្រូវ​ពេលវេលា

ការ​ប្រកែក​គ្នា​នៅក្នុង​ទីសាធារណៈ ក្រៅតែពី​ខ្មាស់​គេ​ហើយ​នោះ នៅ​ប្រថុយប្រថាន​នឹង​ការ​បកអាក្រាត​ពី​កំហុស​របស់​គ្នាឯង នៅ​ចំពោះមុខ​មនុស្ស​ដទៃទៀត​ផង ដែល​នេះ​វា​នឹង​ក្លាយជា​បញ្ហា​រីក​រាលដាល​ធំដុំ វែងឆ្ងាយ​តទៅទៀត។  រឿង​ទាស់ចិត្ត​គ្នា​រវាង​មនុស្ស 2នាក់ វា​ជា​រឿង​ផ្ទាល់ខ្លួន​របស់​អ្នក គួរ​ទុក​ចាំ​ប្រកែក​គ្នា​នៅក្នុង​កន្លែង​ណាស្ងាត់ៗវិញ​ប្រសើរ​ជាង។

គ្រប់​ពេលដែល​យើង​មាន​មាត់​មា​នក​នឹង​គ្នា បើ​យើង​ប្រកែក​គ្នា​យ៉ាង​មាន​សតិ ព្យាយាម​យល់ និង​ចេះ​ទទួលស្គាល់​ពី​ចំណុច​ល្អ ចំណុច​អន់ និង​ចរិត​និស្ស័យ​ដែល​ខុសគ្នា រួមទាំង​ចេះ​អត់ឱន​ទោស​ឱ្យ​គ្នា​ទៅវិញទៅមក​ផង​នោះ យើង​នឹង​កាន់តែ​ស្គាល់ចិត្ត​គ្នា និង​ស៊ីជម្រៅ​ជាមួយគ្នា កាន់តែខ្លាំង​ឡើង ក្លាយជា​សេចក្តីស្នេហា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដែល​រឹងមាំ​មិន​ខាន។

4 . ធ្វើ​ខុស សុំទោស – ចេះ​អត់​ទោស និង​ការកែខ្លួន គឺ​ការរស់រានមានជីវិត​របស់​ស្នេហា

ទោះជា​ស្រឡាញ់គ្នា​ខ្លាំង​ប៉ុនណា​ក៏ដោយ  តែ​ជា​ច្រើនដង​ណាស់ ដែល​ក្តី​ស្នេហា​ដួលរលំ យើង​បែរជា​រកឃើញថា មូលហេតុ​សំខាន់​នោះ មិនបាន​នៅ​ឆ្ងាយ​ពី​ខ្លួន​យើង​ឡើយ តែ​វា​ស្ថិតនៅក្នុង​ខ្លួន​របស់​យើង​ហ្នឹងឯង  ដោយសារតែ​យើង​មាន​អស្មិមានះ​របស់ខ្លួន​ឯង​ខ្លាំង​ជ្រុល​ពេក ទើប​មិន​យល់ និង​មិន​ស្គាល់​ពី​វិធី​ការ ក្នុងការ​ទទួលស្គាល់​អ្ន​ក​ដទៃ។ ការធ្វើ​ខុស​ហើយ​សុំទោស​ពី​ចិត្ត​ស្មោះ និង​ចេះ​អត់​ទោស​ឱ្យ​គ្នា គឺជា​ជម្រើស​ដ៏​ល្អ​បំផុត  តែបើ​ត្រូវ​សុំទោស និង​ត្រូវ​អត់​ទោស​ឱ្យនៅ​ក្នុង​តែ​រឿងដដែលៗ ញឹកញាប់​ពេក​នោះ វា​ក៏​ប្រហែលជា​មិនសូវ​ល្អ​ប៉ុន្មាន​ដែរ។

រឿង​ដែល​ល្អ​បំផុត​គឺ នៅ​គ្រប់​ពេលដែល​ឈ្លោះ​គ្នា យើង​គួរ​រៀន​យល់ដឹង​ក្នុងការ​កែសម្រួល​ខ្លួន ឱ្យចូល​ចុះ​នឹង​គ្នា​បាន​វិញ​ទើប​ជាការ​ប្រសើរ៕

ដោយ អ្នកគ្រូ ឆវី

Advertisement