គ្រួសារ​ប្រេះឆា​តាំងតែ​ពី​យូរ ប៉ុន្តែ ហេតុអ្វី​មកដល់ពេលនេះ ទើប​ប្ដី-ប្រពន្ធ Bill Gates ប្រកាស​ពី​ការ​លែងលះ?

ដើម​សប្ដាហ៍​នេះ លោក Bill Gates និង​អ្នកស្រី Melinda Gates បានប្រកាស​អំពី​ការ​លែងលះ ដោយសារ​វិបត្តិ​គ្រួសារ​កើតឡើង​តាំងពី​យូរ​មកហើយ ប៉ុន្តែ សំណួរ សួរថា «ហេតុអ្វី មកដល់ពេលនេះ ទើប​ពួកគេ​ធ្វើការ​សម្រេចចិត្ត?»។

ទស្សនាវដ្ដី People ដកស្រង់​ព័ត៌មាន​ពី​ប្រភព​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា ការសម្រេចចិត្ត​នេះ​មិនមែនជា​រឿង​ចម្លែក​នោះទេ សម្រាប់​លោក Bill Gates និង​ភរិយា ដោយសារ​ថា ពួកគេ​បាន​ឆ្លងកាត់​បញ្ហា​ជីវិត​ប្ដី-ប្រពន្ធ ជា​យូរ​មកហើយ ធ្វើឱ្យ​អាពាហ៍ពិពាហ៍​នេះ ពិបាក «ស្រោចស្រង់»។ មូល​ហេតុដែល​ពេលនេះ ទើប​ពួកគេ​ធ្វើការ​សម្រេចចិត្ត​គឺ មកពីកូនៗទាំងបី សុទ្ធតែ​ពេញវ័យ នៅពេលដែល​កូនស្រី​ពៅ Phoebe នឹងមាន​អាយុ​ពេញ 18ឆ្នាំ នៅ​ខែកញ្ញា​ខាងមុខ។

ប្រភពព័ត៌មាន បានឱ្យដឹងថា៖ «មូលហេតុ​ពិត​គឺ​ដោយសារ​កូនស្រី​ពៅ នៅ​រៀន​មធ្យមសិក្សា​នៅឡើយ។ លោក Bill Gates និង​ភរិយា បាន​មូលមតិ​គ្នា​ក្នុង​ការរស់នៅ​ជាមួយគ្នា​រហូតដល់កូនៗទាំងអស់ បាន​ឆ្លង​ផុត​វ័យ 18ឆ្នាំ។ ពួកគេ​យល់ព្រម​ទទួលយក​ជីវភាព​រស់នៅ​យ៉ាងធ្ងន់ធ្ងរ រហូតដល់​ដល់កូនៗពេញវ័យ ដូច​ទៅនឹង​មនុស្ស​ជាច្រើន​ផ្សេងទៀត​បានធ្វើ»។

នៅក្នុង​លិខិត​លែងលះ ត្រូវ​បានដាក់​ឡើងទៅ​កាន់​តុលាការ កាលពី​ថ្ងៃទី3 ខែឧសភា ដែល​ទស្សនាវដ្ដី People បានដឹង បង្ហាញថា អ្នកស្រី Melinda និយាយថា ចំណងអាពាហ៍ពិពាហ៍រ​បស់​អ្នកស្រី និង​សហ​ស្ថាបនិក​របស់ Microsoft បាន «ប្រេះស្រាំ រហូតដល់​ថ្នាក់​មិនអាច​សង្គ្រោះបាន»។ ពួកគេ​បាន​បកស្រាយ​នៅក្នុង​លិខិត​រួម​ថា៖ «យើង​លែង​ជឿជាក់ថា នឹង​អាច​បន្ត​រស់នៅ​ជាមួយគ្នា​ជា​ប្ដី-ប្រពន្ធ​ទៀតហើយ នៅក្នុង​ដំណាក់កាល​បន្ទា​ប់​របស់​ជីវិត»។

ចំណែក ប្រភពព័ត៌មាន​របស់ TMZ (អាមេរិក) បានឱ្យដឹងថា សមាជិក​ស្ទើរតែ​ទាំងអស់​របស់​គ្រួសារ​នេះ ខឹង​នឹង​លោក Bill Gates។ អ្នកស្រី Melinda មាន​ផែនការ​ប្រកាស​អំពី​ការ​លែងលះ​នេះ​កាលពី​ខែមីនា​មកម្ល៉េះ និង​មាន​គម្រោង​ទៅ​រស់​នៅលើ​កោះ​ឯកជន​មួយ នៅ Grenada ជាមួយនឹងកូនៗ ដើម្បី​គេច​ពី​ក្រុម​អ្នកយកព័ត៌មាន នៅពេល​សម្រេចចិត្ត​ប្រកាស​ពី​ការ​លែងលះ។

ប៉ុន្តែ ពេលនោះ មេធាវី​មិនទាន់​រៀបចំ​កិច្ចព្រមព្រៀង​រួចរាល់ ទើប​ធ្វើឱ្យ​ការប្រកាស​លែងលះ ត្រូវ​ពន្យារពេល​រហូតដល់​ដើមខែ​ឧសភា។ អ្នកស្រី Melinda និងកូនៗ មានបំណង​សង្គ្រោះ​គ្រួសារ​នេះ ប៉ុន្តែ លោក Bill Gates បានបង្ហាញ​ការមិនយល់ស្រប ដែល​នេះ​គឺជា​មូលហេតុ​បណ្ដាលឱ្យ​អ្នកស្រី Melinda និងកូនៗ មិន​ពេញចិត្ត៕

ប្រភព៖ Sputnik
ប្រែ​សម្រួល៖ បុត្រា

Advertisement