វិធី​ទប់ទល់ ពេល​មាន​អារម្មណ៍​ប្រចណ្ឌ ហួងហែង​គូស្នេហ៍​ជ្រុល​ពេក

នៅពេលដែល​សម្ព័ន្ធភាព​រវាង​មនុស្ស  2នាក់ ឈាន​ផុត​ពាក្យ​ថា មិត្តភាព និង​ក្លាយ​មកជា​មនុស្ស​ពិសេស សម្រាប់​គ្នា​ទៅវិញទៅមក​ហើយ​នោះ  វា​ប្រាកដ​ណាស់​ថា ទាំង​ពាក្យសម្ដី និង​ទង្វើ ពិតជា​ខុសប្លែក​ទៅតាម​នោះដែរ​មិន​ខាន។ ជាពិសេស​អាការ​ប្រចែប្រចណ្ឌ ហួងហែង​គូស្នេហ៍ ដែល​មិន​ថា​អ្នកណា ក៏​ធ្លាប់​កើតមាន​អារម្មណ៍​នេះដែរ  នៅ​ពេល​មាន​អ្នកផ្សេង ចូលមក​ពាក់ព័ន្ធ​ជាមួយ​គូស្នេហ៍​របស់ខ្លួន។  បើជា​ការ​ប្រចណ្ឌ ហួងហែង​យ៉ាង​មាន​ព្រំដែន ក៏​​ល្មម​អាច​ទទួលយកបាន តែបើ​សន​ជា​សម្តែង​អាការ​ប្រចែប្រចណ្ឌ​គូស្នេហ៍ ខ្លាំង​ជ្រុល​ហួសហេតុ​ពេក​នោះ វា​ច្បាស់​ជាមាន​បញ្ហា​កើតឡើង​មិន​ខាន  ដូច្នេះ​ជាដំបូង​នេះ អ្នក​គួរ​រៀន​យល់ដឹង​ពី​វិធី​ទប់​ទល់នឹង​ចិត្ត​ខ្លួនឯង នៅពេល​ណា ដែល​ខ្លួន​ចាប់ផ្តើម​មាន​អារម្មណ៍​ប្រចណ្ឌ​គូស្នេហ៍​ជ្រុល​ពេក ជាមុនសិន ល្អ​ជាង…។

-ប្រឹក្សា​គ្នា និង​និយាយ​គ្នា​យ៉ាង​ត្រង់​ទៅ​ត្រង់​មក

វា​ជា​រឿង​ធម្មតា​ទេ ដែល​អ្នកមាន​អារម្មណ៍​ហួងហែង ប្រចណ្ឌ​នឹង​គូស្នេហ៍ នៅពេល​មើលឃើញថា សម្ព័ន្ធភាព​ស្នេហ៍​របស់​អ្នក មាន​អ្នកផ្សេង​ចូលមក​ពាក់ព័ន្ធ  តែ​អារម្មណ៍​នេះ អាច​ចាត់ការ​បាន​យ៉ាង​ងាយ ដោយ​គ្រាន់តែ​យើង​ប្រឹក្សា​គ្នា និង​ជជែក​គ្នា​ជាមួយ​គូស្នេហ៍​របស់ខ្លួន យ៉ាង​ត្រង់​ទៅ​ត្រង់​មក​ប៉ុណ្ណោះ។ ព្រោះ​វិធី​នេះ គឺជា​វិធី​ដែល​ជួយ​ឱ្យគេ (ស្វាមី)បាន​យល់​ពី​មូលហេតុ​ដែលថា តើ​អ្នក​ប្រចណ្ឌ​រូបគេ ដោយសារ​រឿង​អ្វី? និង​តើ​ខ្លួនគេ​គួរតែ​ចាត់ការ ចំពោះ​ហេតុការណ៍​នេះ យ៉ាងម៉េច​តទៅទៀត?។ ខណ:ពេល​ជាមួយគ្នា វា​ក៏​ជា​វិធី​ដែល​ធ្វើឱ្យ​អ្នក បាន​យល់​ពី​ចិត្ត​របស់គេ កាន់តែ​ច្រើនឡើង​ដែរ។

-មិនគួរ​គិត​ច្រើនតែ​ម្នាក់ឯង​ពេក​ទេ

មាន​ច្រើនលើក​ណាស់ ដែល​គេ​សង្កេតឃើញថា  អាការ​ហួងហែង ប្រចណ្ឌ​គូស្នេហ៍​នេះ កើតឡើង​ដោយសារតែ​ការគិត​ច្រើន​តែឯង  ដោយ​ការនាំយក​ហេតុការណ៍ផ្សេងៗនោះ មក​ត​ភ្ជាប់​គ្នា រហូត​ក្លាយជា​រឿងរ៉ាវ ទាំង​ខ្លួនឯង​នៅ​មិនទាន់​ដឹង​ពី​ការពិត​សូម្បីតែ​បន្តិច​ផង​នៅឡើយ។  ការពិតទៅ​ការគិត​ច្រើនតែ​ម្នាក់ឯង គឺជា​អារម្មណ៍​ប្រក្រតី​របស់​មនុស្ស​ស្រី​ទូទៅ  គ្រាន់តែ​នៅពេលដែល​វា​កើតឡើង​ហើយ អ្នក​គួរតែ​កម្ចាត់​គំនិត​ទាំងអស់នោះ​ចោល ហើយ​បែរមក​ចាប់អារម្មណ៍​ពី​វិធី​ការ ដែល​នឹង​ធ្វើឱ្យ​ស្នេហា​របស់​អ្នក​ទាំង2 ល្អប្រសើរ​ឡើងវិញ ទើប​វា​ប្រសើរ​ជាង។

-មិនគួរ​សង្ស័យ​លើ​គូស្នេហ៍

អារម្មណ៍​ប្រចែប្រចណ្ឌ ច្រើនតែ​កើតឡើង នៅពេល​មាន​អ្នកដទៃ ព្យាយាម​ចូលមក​ស្និទ្ធស្នាល ជាមួយ​គូស្នេហ៍​របស់ខ្លួន ដែល​វា​ក៏​មិនមែនជា​រឿង​ចម្លែក​អ្វី​ដែរ បើសិនជា​អ្នក​កើតក្តី​សង្ស័យថា  តើ​ពួកគេ 2នាក់​នោះ មាន​អារម្មណ៍​អ្វី​ពិសេស​រវាង​គ្នា ឬក៏​អត់​នោះ  តែ​វា​ប្រហែលជា​រឹតតែ​ល្អ​ជាង​ទៅទៀត បើ​សឹ​ន​ជា​អ្នក​បញ្ឈប់​ការសង្ស័យ​លើ​ទង្វើ​នេះ ហើយ​សាក​សួរនាំ​រឿងរ៉ាវ​ទាំងនោះ អំពី​គូស្នេហ៍​របស់​អ្នក ដោយត្រង់ៗវិញ​នោះ។

-ជឿជាក់​លើ​ខ្លួនឯង

ចាប់ផ្តើម​ដោយ​ការនិយាយ​ជាមួយ​ខ្លួនឯង និង​ប្រាប់​ខ្លួនឯង​ថា ការ​ប្រចែប្រចណ្ឌ វា​គ្រាន់តែ​ជា​អារម្មណ៍​មួយ ដែល​គួរតែ​លុប​វា​ចោល​ទៅ និង​មិនគួរ​ឱ្យមាន​អារម្មណ៍​បែបនេះ កើតមានឡើង​ទៀតឡើយ។  វិធី​នេះ ក្រៅពី​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ជឿជាក់​លើ​ខ្លួនឯង​ថា ខ្លួន​អ្នកមាន​តម្លៃ​ចំពោះ​សេចក្តីស្នេហា ដែល​គេ (ស្វាមី)ប្រគល់ឱ្យ​ហើយ​នោះ នៅ​ជួយ​ឱ្យ​សម្ព័ន្ធភាព​ស្នេហ៍​របស់​អ្នកមាន​ភាពរឹងមាំ​ស្ថិតស្ថេរ និង​ផ្អែមល្ហែម​ឡើង​ទៀតផង។

-បញ្ឈប់​អារម្មណ៍​ប្រចណ្ឌ​ហួងហែង

ក្រៅពីនេះ អារម្មណ៍​ប្រចណ្ឌ ថែមទាំង​នាំមក​នូវ​ទង្វើ និង​ពាក្យសម្ដី​ក្រេវក្រោធ  ដែល​ចេញ​មកពី​អារម្មណ៍​ដែល​ពេញ​ដោយ​ទោស: និង​កំហឹង និង​មាន​ជាច្រើន​ដង​ណាស់ ដែល​វា​នឹង​ដឹកនាំ​យើង ឆ្ពោះទៅរក​ការឈ្លោះទាស់ទែង​គ្នា។ ដូច្នេះ បើសិនជា​អាចទៅរួច គួរ​បញ្ឈប់​អារម្មណ៍​នេះ តាំងពី​ដើមទី​តែម្ដង ទើប​ជាការ​ប្រសើរ។

ឡា​រ៉ែ​ន ជឿថា មាន​មនុស្ស​ចំនួន​មិនតិច​ទេ ដែលមាន​អារម្មណ៍​សប្បាយចិត្ត នៅពេលដែល​បានដឹងថា គូស្នេហ៍​មាន​អារម្មណ៍​ប្រចណ្ឌ ហួងហែង​ចំពោះ​ខ្លួន​យើង  ព្រោះ​វា​ជាការ​សម្តែង​ឱ្យដឹងថា គេ​នៅតែ​ស្រឡាញ់​យើង​ជានិច្ច  តែអ្វីៗទាំងអស់នេះ ទាំង​ការគិត ទាំង​ទង្វើ និង​ពាក្យសម្ដី គួរតែ​ស្ថិតក្នុង​រង្វង់​នៃ​ភាព​សមល្មម  មិន​សម្តែង​អាការ​ហួងហែង ប្រចណ្ឌ​ជ្រុល​ហួសហេតុ​ពេក  រហូត​ធ្វើឱ្យ​គូស្នេហ៍​មាន​អារម្មណ៍​ថា ដូចជា​កំពុង​រង​សម្ពាធ ឬ​សាង​នូវ​ភាព​ទើសទាល់ ធុញទ្រាន់​ដល់​រូបគេ រហូតដល់​ក្លាយជា​រឿងរ៉ាវ​ធំដុំ លែង​អាច​ដោះស្រាយបាន​នោះឡើយ៕

Advertisement