“ប្រពន្ធ​ខ្ញុំ​អត់​ធ្វើការ​អ្វី​ទេ នាង​ជា​ស្ត្រី​មេផ្ទះ” ស្វាមី​អ្នកណា ចូលចិត្ត​និយាយ​បែប​ហ្នឹង សូម​ប្រញាប់​ប្រាប់ ឱ្យ​គាត់​អាន​រឿងនេះ ជាបន្ទាន់…

ស្ត្រី​ជា​ភរិយា​ទាំងឡាយ ដែល​នៅផ្ទះ ធ្វើជា​មេផ្ទះ ចិញ្ចឹម​មើលថែ​កូន នឹង​ឆ្លើយថា យ៉ាងណាដែរ នៅពេល​មាន​គេ​សួរ​អ្នក​ថា ធ្វើជា​មេផ្ទះ តើ​អ្នក​បានធ្វើ​អ្វីខ្លះ?

មនុស្ស​ភាគច្រើន ច្រើនតែ​មើលឃើញថា ស្ត្រី​ជា​មេផ្ទះ ដែល​មិនបាន​ចេញទៅ​ធ្វើការ​នៅក្រៅ​ផ្ទះ​នោះ ច្រើនតែ​រស់នៅ​ស្រួល សប្បាយ មិន​ពិបាក មិនចាំបាច់​គិត​អ្វី​ច្រើន មិនចាំបាច់​ត្រូវ​លីសែង​បន្ទុក ទទួលខុសត្រូវ ឬ​តានតឹង ធុញថប់​រឿង​ការងារ​ឡើយ។

បទ​សន្ទនា ដែល​លោក​អ្នកនឹង​បាន​អាន​តទៅ​នេះ ជា​រឿងរ៉ាវ​របស់​ស្វាមី​ម្នាក់ ដែល​បាន​ទៅ​ជួប​គ្រូពេទ្យ​ចិត្ត​វិទ្យា ដើម្បី​ពិភាក្សា​រឿង​ប្រក្រតី​ទូទៅ ដែល​វា​នឹង​ធ្វើឱ្យ​យើង​មើលឃើញ ពី​តួនាទី​របស់​មនុស្ស ដែលជា​ភរិយា ជា​ស្ត្រី​មេផ្ទះ បាន​យ៉ាងច្បាស់​ថា តើ​ក្នុង 1ថ្ងៃៗ ដែល​អ្នកដទៃ​ចូលចិត្ត​គិតថា ធ្វើជា​ស្ត្រី​មេផ្ទះ នៅតែ​ផ្ទះ ហើយ​ស្រួល​សប្បាយ​នោះ ការពិត​វិញ 1ថ្ងៃៗ ភរិយា​ត្រូវធ្វើ​អ្វីខ្លះ?

សំណួរ ៖ តើ​លោក​ធ្វើការ​អ្វី​ដែរ នៅពេលនេះ?

ស្វាមី ៖ បាទ ខ្ញុំ​ជា​អ្នកធ្វើ​បញ្ជី នៅក្នុង​ធនាគារ​មួយ

សំណួរ ៖ ចុះ​ភរិយា​លោក?

ស្វាមី ៖ នាង​មិនបាន​ធ្វើការ​ងារ​អ្វី​ទេ នាង​ជា​ស្ត្រី​មេផ្ទះ

សំណួរ ៖ តើន​រណា​ជា​អ្នកធ្វើ​អាហារ​ពេលព្រឹក និង​ការងារ​ផ្ទះ​ឱ្យ​លោក?

ស្វាមី ៖ ភរិយា​ខ្ញុំ​ងើបឡើង ធ្វើ​អាហារ​ពេលព្រឹក ព្រោះ​នាង​មិនបាន​ទៅធ្វើ​ការ មិនចាំបាច់​ប្រញាប់​ចេញទៅ​ណា​ទេ

សំណួរ ៖ ភរិយា​លោក​ភ្ញាក់​នៅ​ម៉ោង​ប៉ុន្មាន​ដែរ?

ស្វាមី ៖ មិន​ប្រាកដ​ដែរ តែ​នាង​ងើប​ពី​ព្រឹក​ខ្លាំងណាស់ ព្រោះ​នាង​ត្រូវ​បោស​ជូត​សម្អាតផ្ទះ ធ្វើ​អាហារ​ពេលព្រឹក​ឱ្យ​ខ្ញុំ និងកូនៗអាច​រួមទាំង​អាហារ​ពេល​ថ្ងៃត្រង់​ទៀតផង រួច​ត្រៀម​សម្លៀកបំពាក់ ដុសធ្មេញ រៀបចំ​ក្រណាត់​កន្ទប របស់​ប្រើប្រាស់ផ្សេងៗសម្រាប់កូនៗ និង​ឱ្យ​កូន​ញ៉ាំ​អាហារ​ពេលព្រឹក​ឱ្យ​រួចរាល់…

សំណួរ ៖ ចុះកូនៗលោក ទៅ​រៀន​យ៉ាងម៉េច​ដែរ?

ស្វាមី ៖ ភរិយា​របស់ខ្ញុំ ជា​អ្នក​នាំ​កូន​ទៅ​សាលារៀន ព្រោះ​នាង​មិនបាន​ធ្វើការ​ងារ​អី​ទេ

សំណួរ ៖ ក្រោយពី​នាង​នាំ​កូន​ទៅ​សាលារៀន​ហើយ តើ​នាង​ធ្វើ​អ្វី​ត​ទៀត?

ស្វាមី ៖​ ជា​ប្រក្រតី នាង​នឹង​ឆៀង​ទៅ​ផ្សារ​ទិញ​ម្ហូបអាហារ និង​របស់របរ​ប្រើប្រាស់ រួច​ត្រឡប់​ទៅ រៀបចំ​សម្អាតផ្ទះ​ម្ដងទៀត នាង​ប្រមូល​ទុកដាក់​របស់របរ​ប្រើប្រាស់​របស់​កូន ហើយ​បោកគក់​សម្លៀកបំពាក់ អ៊ុត​ទុកដាក់ និង​ត្រៀម​អាហារពេល​ល្ងាច…លោក​ដឹង​ហើយ​តើ ថា​នាង​មិនបាន​ធ្វើការ​ងារ​អី​ទេ…

សំណួរ ៖ បន្ទាប់ពី​ចេញពី​ធ្វើការ​ពេល​ល្ងាច តើ​លោក​ធ្វើ​អ្វី?

ស្វាមី ៖ ខ្ញុំ​ហត់​មក​ពេញ 1ថ្ងៃ ក្រោយពេល​មកពី​ធ្វើការ ខ្ញុំ​ធ្វើ​អ្វី​ទៀត​ក៏​មិន​រួច​ដែរ…

សំណួរ ៖ តើ​ភរិយា​របស់លោក​ធ្វើ​អ្វី​នៅពេល​ល្ងាច និង​ពេលព្រលប់?

ស្វាមី ៖ នាង​ធ្វើ​អាហារ​ពេល​ល្ងាច​ឱ្យ​ខ្ញុំ និងកូនៗ រួចហើយ​រៀបចំ​លាង​សម្អាត​ទុកដាក់ បង្រៀន​កិច្ចការ​ផ្ទះ​កូន ងូតទឹក​ឱ្យ​កូន រួច​រៀបចំ​ត្រៀម​ឱ្យ​កូន​ចូល​គេង…ខ្ញុំ និង​កូន ត្រូវការ​សម្រាក និង​ចូល​គេង តែ​នាង​មិនចាំបាច់​ប្រញាប់​ចូល​គេង​ទេ ព្រោះ​នាង​មិនមាន​ត្រូវ​ចេញទៅ​ធ្វើ​ការងារ​អ្វី​ទេ…

ក្រោយពី​បញ្ចប់​បទ​សន្ទនា យើង​អាច​សរុប​បាន​ថា នេះ​ជា​កិច្ចការងារ​ប្រចាំថ្ងៃ​របស់​ស្ត្រី​ជាច្រើន​នាក់ ដែល​មិនបាន​ចេញទៅ​ធ្វើការ​នៅក្រៅ​ផ្ទះ តែ​ជ្រើសរើស​នៅផ្ទះ ដើម្បី​ចិញ្ចឹម​មើលថែ​កូន ស្វាមី និង​ថែទាំ​ផ្ទះ។ លោក​អ្នកនឹង​មើលឃើញថា នាង​ត្រូវ​ងើប​ពី​ដំណេក តាំងពីព្រឹក​ព្រលឹម និង​ចូល​គេង​យប់​ជ្រៅ(ក្រោយ​គេ) ដើម្បីឱ្យ​អ្វី​គ្រប់យ៉ាង​ក្នុងផ្ទះ​ស្អាតបាត​រៀបរយ…បែបនេះ​ឬ ដែល​ហៅថា មិនបាន​ធ្វើការ​ងារ​អ្វី?

ពាក្យ​ថា “មេផ្ទះ” ធ្ងន់ធ្ងរ​ណាស់ សម្រាប់​មនុស្ស​ជា​ស្ត្រី ជា​ភរិយា និង​ជា​ម្ដាយ ព្រោះ​នាង​ត្រូវធ្វើ​ការងារ​ស្ទើរតែ​ពេញ 24ម៉ោង​ក្នុង 1ថ្ងៃ ដោយ​មិនមាន​ប្រាក់ខែ មិនមាន​សញ្ញាបត្រ មិនមាន​បណ្ណ​សរសើរ តែមាន​តួនាទី​សំខាន់​ខ្លាំងណាស់​ជាមួយ​គ្រួសារ។ សរុបងាយៗ ភរិយា ឬ​ម្ដាយ គឺ​សឹងតែ​ជាអ្វីៗគ្រប់យ៉ាង ៈ

  1. ត្រូវ​ធ្វើការ​រាល់ថ្ងៃ(គ្មាន​សៅរ៍-អាទិត្យ)
  2. ជា​ម្ដាយ(មើលថែទាំកូន)
  3. ជា​អ្នកបម្រើ(ក្នុងផ្ទះ)
  4. ជា​ចុងភៅ(ក្នុង​គ្រួសារ)
  5. ជា​អ្នក​មើលថែ​ក្មេង
  6. ជា​អ្នកគ្រូ​បង្រៀន
  7. ជា​អ្នក​គ្រូពេទ្យ
  8. ជាទី​ប្រឹក្សា
  9. ជា​សន្តិសុខ ការពារ​សុវត្ថិភាព
  10. គ្មាន​ថ្ងៃ​ឈប់សម្រាក
  11. និង​គ្មាន​ប្រាក់ខែ…

ជាទី​បញ្ចប់ អ្នកគ្រូ ឆវី ចង់​ជម្រាប​ថា ស្ត្រី​មេផ្ទះ​ចិញ្ចឹម​មើលថែ​កូន និង​ស្វាមី ជា​អាជីព​ដែល​ហត់នឿយ​ខ្លាំង និង​ត្រូវ​លះបង់​ច្រើនណាស់។ ចង់​លាឈប់ ក៏​មិនបាន និង​ច្រើនតែ​មិនសូវមាន​អ្នក​យល់ចិត្ត និង​ដឹង​ពី​តួនាទី​របស់​មនុស្ស​ជា​ម្ដាយ និង​មិនសូវ​ផ្ដល់​ភាព​សំខាន់​ចំពោះ​រឿងនេះ​ប៉ុន្មាន​ឡើយ…តែ​យ៉ាងហោចណាស់ ក៏មាន​ស្ត្រី​ជា​ម្ដាយ​ច្រើន​នាក់​ណាស់ ដែល​ចិញ្ចឹម​កូន​ដោយ​ខ្លួនឯង​នៅផ្ទះ ដែល​យល់ច្បាស់​អំពី​រឿងនេះ មែន​ទេ…ស្ត្រី​មេផ្ទះ​ទាំង​ឡាយ?៕

Advertisement