តិច​និក បន្ថែម​ភាព​ផ្អែមល្ហែម​ដល់ “ជីវិត​គូ”

រវាង​គូស្នេហ៍ ឬ​ស្វាមីភរិយា ក្រៅពី​មាន “ការដឹង​ចិត្ត​គ្នា​ទៅវិញទៅមក” ជាគោលការណ៍​សំខាន់​ហើយ​នោះ ការថែបំប៉ន​សេចក្តី​ស្នេហា ឱ្យ​ផ្អែមល្ហែម​ត្រជាក់ត្រជុំ ក៏​ជា​បច្ច័យ​មួយ ដែល​ជួយ​ឱ្យ​សម្ព័ន្ធភាព​កាន់តែ​ស្អិតល្មួត​ឡើង​ទៀត​ដែរ ដែល​រឿង​ខ្លះ​អាច​ត្រូវ​រង់ចាំឱ្យមានឱកាសល្អៗជាមុនសិន ក្នុងការ​សាង​ភាព​រំភើបចិត្ត តែ​ក៏​នៅមាន​តិច​និក​ជាច្រើន​ទៀត ដែល​អាច​បង្កើន​ភាព​ផ្អែមល្ហែម ឱ្យ​ក្តី​ស្នេហា​ត្រជាក់​ពេញ​បេះដូង បានជា​រៀងរាល់ថ្ងៃ​ដែរ។

ដូចជា​ការ​ឱប ថើប​គ្នា មុនពេល​ចេញទៅ​ធ្វើការ រហូត​ទៅដល់​ការប្រើ​ភាសា​កាយ ក្នុង​ស្ថានការណ៍ផ្សេងៗ ដូចជា ខ្សែ​ភ្នែក​បារ​ម្ភ ចាប់​ក្តោប​បាតដៃ ទះ​ស្មាថ្នមៗ ឬ​សូម្បីតែ​ការ​នែបនិត្យ នៅក្នុង​រង្វង់​ដៃ​ឱប​របស់​គូស្នេហ៍ ក្នុងពេល​អង្គុយ​មើល​ទូរទស្សន៍​ជាមួយគ្នា​ក៏ដោយ ទាំងអស់នេះ មិន​ត្រឹមតែ​ផ្តល់នូវ​អារម្មណ៍​រ៉ូ​មែន​ទិ​ក​ប៉ុណ្ណោះ​ទេ តែ​វា​នៅ​ផ្តល់នូវ​ភាពកក់ក្តៅ​ក្នុង​ចិត្ត យ៉ាង​មិន​គួរឱ្យ​ជឿ​ទៀតផង។

ក្រៅពីនេះ ការរក​ពេលវេលា​ក្នុងការ​ចម្អិន​ម្ហូបអាហារថ្មីៗ ឬ​នំឆ្ងាញ់ៗ ទុក Surprise គូស្នេហ៍ ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ​ក៏​ជាការ​បង្ហាញ​នូវ​ភាពស្និទ្ធស្នាល និង​យកចិត្តទុកដាក់​ចំពោះ​គ្នា​មួយ​ដែរ។

រួមទាំង​ការនិយាយ​សរសើរ​គូស្នេហ៍​នៅក្នុង​ឱកាសផ្សេងៗ ដូចជា គេ/នាង តែងខ្លួន​បាន​ស្អាត ឬ​សង្ហា​ជាពិសេស ឬ​ការសម្តែង​ក្តី​សោមនស្ស​រីករាយ ចំពោះ​ជោគជ័យ​ក្នុងតួនាទី​ការងារ​របស់​គូស្នេហ៍​ជាដើម។ ការសម្តែង​ភាព​ស្មោះស្ម័គ្រ ដោយ​ពាក្យសម្តី​បែប​វិជ្ជមាន​ទាំងនេះ គឺជា​អ្វីមួយ ដែល​គួរឱ្យ​ស្រឡាញ់ និង​ថែមទាំង​ជាការ​ផ្តល់នូវ​កម្លាំងចិត្ត និង​ជួយ​សាង​នូវ​ភាពជឿជាក់​ដល់​គូស្នេហ៍ បាន​កាន់តែខ្លាំង​ឡើង​ផងដែរ។

ហើយ​និង​ការ​មាន​ពេលវេលា សម្រាប់​និយាយ​ចែករំលែក​ទុក្ខ – សុខ ក្នុង 1ថ្ងៃៗរួមគ្នា ទាំង​រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍ ឬ​ជជែក​ពិ​ភក្សា​គ្នា ពី​បញ្ហា​ដែលម្នាក់ៗជួបប្រទះ​មក ជួយ​គ្នា​គិត​បន្ធូរបន្ថយ សម្រាល​ឧបសគ្គ​ទាំងនោះ ឱ្យ​វា​រំលង​ផុត​ទៅ នៅលើ​គ្រឹះ​នៃ​ការ​មាន​ហេតុផល ស្មោះត្រង់ និង​ស្មោះស្ម័គ្រ។ មនុស្ស​ជាច្រើន​និយាយថា នេះ គឺជា​ការជួយ​បន្ថែម​កម្លាំងចិត្ត​ដ៏​ល្អ និង​ស្គា​ល់ពី​ភាព​យកចិត្តទុកដាក់រ​វាង​គ្នា​ទៀតផង។

អ្វីដែល​សំខាន់ គឺ​កុំ​ភ្លេចខ្លួន បណ្តោយឱ្យ​បណ្តាញ​ប្រព័ន្ធ​សង្គម​អន​ឡាញ ឬ Social Network ចូលមក​មាន​តួនាទី​ក្នុង​ជីវិត​ប្រចាំថ្ងៃ ច្រើន​ជ្រុល​ពេក រហូតដល់​ខ្វះ​ការប្រើ​ពេលវេលា​នៅ​ជុំគ្នា ជាមួយ​គូស្នេហ៍​ឱ្យសោះ ព្រោះ​វា​អាច​នឹងធ្វើ​ឱ្យ​កើត​ភាព​នឿយណាយ ឆ្ងាយ​ពីគ្នា និង​កើតមាន​ចន្លោះប្រហោង រវាង​សម្ព័ន្ធភាព​បាន។

ក្តី​ស្នេហ៍​ដែល​រឹងមាំ ផ្អែមល្ហែម សូមកុំ​ភ្លេច​ការយកចិត្តទុកដាក់ ចំពោះ​គ្នា​ទៅវិញទៅមក ព្រោះ​វា​ជា​កូនសោ​សំខាន់ ក្នុង​ការធ្វើឱ្យ​ក្តី​ស្នេហា មើលទៅ​នៅតែ​ថ្មី និង​រំភើប​ញាប់​ញ័រ​ជាប់​ជានិច្ច៕

Advertisement