វ័យ​ផ្សេងគ្នា គិត​ផ្សេងគ្នា…តើ​មនុស្ស​ក្នុង​វ័យ​ជំនាន់នីមួយៗ សម្លឹងមើល “ស្នេហា” បែបណា?

ទស្សនៈ​អំពី​ស្នេហា​របស់​មនុស្ស​ក្នុង​វ័យ​ជំនាន់នីមួយៗ មាន​ភាពខុសប្លែក​ពីគ្នា ទៅតាម​បទពិសោធ និង​សភាព​បរិស្ថាន​របស់​សង្គម និង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ មនុស្ស​ក្នុង​វ័យ​ជំនាន់នីមួយៗ មាន​ដំណោះស្រាយ​សម្រាប់​សេចក្ដីស្នេហា​របស់ខ្លួន​ឯង ខុសប្លែក​ពីគ្នា…ចុះ​អ្នក​វិញ ស្ថិតក្នុង​វ័យ​ជំនាន់​ណា​ដែរ? មាន​ទស្សនៈ​ចំពោះ​ស្នេហា ដូចដែល​អត្ថបទ​វិភាគ​ខាងក្រោម​នេះ ដែរឬទេ? ដូច្នេះ​យើង​នាំគ្នា​មក​ពិនិត្យមើល​ទាំងអស់គ្នា…។

Baby Boomer ៖ មាន​ចម្ងល់​ចំពោះ​ស្នេហា តែ​នៅ​រក្សា​ទំនៀមទម្លាប់

ស្នេហា​របស់​មនុស្ស​ក្នុង​វ័យ​ជំនាន់ Baby Boomer គឺ​មនុស្ស​ដែល​បច្ចុប្បន្ន មាន​អាយុ​ក្នុង​ចន្លោះ 55-70ឆ្នាំ។ Baby Boomer ភាគច្រើន នឹង​រៀបការ​មុន​អាយុ30 និង​ជាការ​រៀបការ​តាម​ទំនៀមទម្លាប់ ប្រពៃណី ទោះ​ជាមាន​សំណួរ​នៅក្នុង​ចិត្ត​អំពី​ការ​រៀបការ និង​ការកសាង​គ្រួសារ​ក៏ដោយ តែ​ពួកគេ ក៏​នៅតែ​ប្រតិបត្តិ​តាម​ទំនៀមទម្លាប់​បែបផែន​ប្រពៃណី​ដដែល។

ដោយ​មិន​បានដឹង​ឡើយ​ថា នៅពេល​ក្រោយមក ការរៀប​ការ​ទាំង​នៅមាន​សំណួរ​នៅក្នុង​ចិត្ត ធ្វើឱ្យ​មនុស្ស​ក្នុង​វ័យ​ជំនាន់ Baby Boomer គឺជា​ក្រុម​ដែលមាន​ស្ថិតិ​ការ​លែងលះ​ខ្ពស់បំផុត ព្រោះ​ជាច្រើន​គូ រៀបការ​ដោយ​មិនបាន​ដឹងថា ពួកគេ​ស្រឡាញ់គ្នា​ពិតប្រាកដ​ប៉ុនណា​ឡើយ និង​ជាច្រើន​គូ​ទៀត ក៏​ប្រើ​វិធី​រស់នៅ​ដោយឡែក​ពីគ្នា ដោយ​មិន​ធ្វើលិខិត​លែងលះ និងម្នាក់ៗ ក៏​ទៅរក​មនុស្ស​ដែល​ខ្លួនឯង​ពេញចិត្ត ដោយ​មិនមាន​ការរៀប​ការ​ជាថ្មី​ម្ដង​ទៀតឡើយ ខណៈដែល​ជាច្រើន​គូ​ទៀត មិនមាន​នៅសល់​សេចក្ដីស្រឡាញ់​ចំពោះ​គ្នា​ទៀតឡើយ តែម្នាក់ៗរស់នៅ ដើម្បីឱ្យកូនៗសប្បាយចិត្ត​តែប៉ុណ្ណោះ។

វ័យ​ជំនាន់ X ស្នេហា​ពិត ត្រូវតែ​សាង​ឡើង​ដោយ​ដៃ​យើង​ខ្លួនឯង

មនុស្ស​វ័យ​ជំនាន់ X គឺ​ក្រុមមនុស្ស​ដែល​បច្ចុប្បន្ន​មាន​អាយុ​ក្នុងអំឡុង 39-50ឆ្នាំ។ មនុស្ស​ក្នុង​វ័យ​ជំនាន់​នេះ នឹង​ក្រ​រៀបការ ដោយមាន​លទ្ធផល​ពិនិត្យ​ជំរឿន​ឃើញថា មានតែ 1ភាគ3 ប៉ុណ្ណោះ ដែល​រៀបការ​ពេល​អាយុ 30ឆ្នាំ ដោយសារតែ​ពួកគេ​ត្រូវការ​ភាព​ពិតប្រាកដ​ច្បាស់លាស់​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ហើយ​មនុស្ស​ក្នុង​វ័យ​ជំនាន់ X នេះ ស៊ាំ​ធ្លាប់​នឹង​ការ​លែងលះ​យ៉ាងច្បាស់ ពួកគេ​មិនបាន​សម្លឹង​ឃើញថា វា​ជា​បញ្ហា​នោះទេ តែ​ពួកគេ​យល់ឃើញថា វា​គឺជា​ការរស់នៅ ដែល​ត្រូវតែ​ស្វែងរក​ចំណុច​ដែល​ត្រឹមត្រូវ​ឱ្យបាន ហើយ​រឿង​ហ្នឹងឯង ដែល​ធ្វើឱ្យ​មនុស្ស​ក្នុង​វ័យ​ជំនាន់​នេះ មាន​ស្ថិតិ​ការ​លែងលះ​តិច​បំផុត។

ព្រោះ​ជាច្រើន​គូ បាន​សិក្សា​មើលចិត្ត​មើល​ថ្លើម​គ្នា​មុន​រៀបការ និង​នៅពេល​ពួកគេ​គិត​ចង់​រៀបការ នោះ​មានន័យថា ជាការ​រៀបការ​ដែល​កើតឡើង​ពី​សេចក្ដីស្នេហា មិនមែនជា​ការបំពេញ​តួនាទី​ទេ ហើយ​ពួកគេ​នឹងធ្វើ​គ្រប់យ៉ាង ក្នុងការ​ទប់​ប្រគង ឱ្យ​គ្រួសារ​របស់​ខ្លួនឯង មានជីវិត​ដែល​ល្អប្រសើរ ដើម្បី​មិនឱ្យ​កើតមាន​ការលែង​លះ។

Millennials ៖ សេចក្ដីស្នេហា សាង​ប្រពៃណី​ថ្មី​មួយ​ឡើង

មនុស្ស​ក្នុង​វ័យ​ជំនាន់ Y ឬ​មី​លលេ​ននៀល នេះ ជា​ក្រុម​ដែលមាន​អាយុ 25-38ឆ្នាំ។ អាច​រាប់បាន​ថា ជា​វ័យ​ជំនាន់ ដែល​សាង​ប្រពៃណី​ការរៀប​ការឡើង​ជា​រប​ស់​ខ្លួនឯង។ ជាច្រើន​គូ​ចូលទៅ​រស់នៅ​ជាមួយគ្នា​មុន​រៀបការ និង​មានការ​ប្រកាស​ឱ្យ​មិត្តភក្តិ​បានដឹង​ពី​ការចូលទៅ​រស់នៅ​ជាមួយគ្នានេះ​ទៀតផង។ ប្រៀបដូចជា​ការប្រកាស​ថា 1គូ​នេះ នឹង​ត្រូវរ៉ូវ​គ្នា​យ៉ាងពិត​ប្រាកដ។ គូ​ខ្លះ​ថែមទាំង​មានការ​រៀប​ផែនការ​ក្នុង​ការទិញ​កន្លែង​រស់​នៅ(ផ្ទះ) ឬ​គូ​ខ្លះ​ថែមទាំង​មានកូន​ជាមួយគ្នា​មុន​រៀបការ​ទៀតផង។

ការពិតទៅ ក្រុមមនុស្ស​វ័យ​ជំនាន់ Y នេះ មិន​ជឿ​លើ​ប្រពៃណី​ការ​រៀបការ​ប៉ុន្មាន​ឡើយ ពួកគេ​អាច​រស់នៅ​ជាមួយគ្នា ដោយ​មិនបាច់​រៀបការ​បាន ដែល​នេះ​ក៏​អាច​រាប់​បានដែរ​ថា ជាការ​សាង​ប្រពៃណី​ក្នុងការ​មានគ្រួសារ​បែប​ថ្មី​ឡើង​ហ្នឹងឯង។

តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ មនុស្ស​វ័យ​ជំនាន់ Y នឹងមាន​សញ្ញា​ថា រស់នៅ​រួមជាមួយ​មនុស្ស​ក្នុង​គ្រួសារ ដែលមាន​ភាពខុសប្លែក​ខាង​វ័យ​ជំនាន់​បាន​ខ្លាំង​ជាង​មនុស្ស​ក្នុង​វ័យ​ជំនាន់ X។ ដែល​វា​ទៅជា​ដូច្នេះ ព្រោះ​មនុស្ស​ក្នុង​វ័យ​ជំនាន់ Y ជឿថា ការរស់នៅ​រួមគ្នា​ជា​គ្រួសារ​ធំ​មួយ នឹង​ធ្វើឱ្យ​អាចជួយ​មើលថែទាំ​រវាង​គ្នា និង​គ្នា​បាន។

វ័យ​ជំនាន់ Z ស្នេហ៍​ឆ្លង​វេហាស៍

វ័យ​ជំនាន់ Z គឺ​ក្រុមមនុស្ស​ដែល​ស្ថិត​ក្នុងអំឡុង​វ័យ 23ឆ្នាំ​ចុះក្រោម ជា​ក្រុមមនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​សង្គម​ដែល​មិន​ដែលមាន​ស្មា​ត​ហ្វូ​ន កុំព្យូទ័រ ឬ​វីដេអូ​ហ្គេម​ឡើយ និង​ជា​វ័យ​ជំនាន់ ដែលមាន​ភាពសម្បូរ​បែប​ខាង​សង្គម​ច្រើនឡើង។

ស្នេហា​របស់​មនុស្ស​ក្នុង​វ័យ​ជំនាន់​នេះ នឹង​មិនបាន​ប្រកាន់ខ្ជាប់​ជាមួយ​មនុស្ស​សញ្ជាតិ​ដូចគ្នា​នឹង​ខ្លួនឯង​ទៀតឡើយ តែ​ជា​ស្នេហា​ដែល​អាច​កើតឡើង​បានជា​មួយ​មនុស្ស​គ្រប់រូប​លើ​ពិភពលោក​នេះ និង​គួរឱ្យ​ចាប់អារម្មណ៍​ថា ក្រុម​វ័យ​ជំនាន់ Z នេះ មាន​ស្ថិតិ​ការកើតឡើង ច្រើនជាង​មនុស្ស​ក្នុង​យុគសម័យ Baby Boomer ដែល​នេះ​មានន័យថា មនុស្ស​ក្នុង​វ័យ​ជំនាន់​នេះ នឹង​ក្លាយជា​មនុស្ស​ក្រុម​ធំ​បំផុត​របស់​ពិភពលោក​នាពេល​អនាគត និង​ប្រហែលជា​ត្រូវ​នាំគ្នា​មក​មើលថា តើ​ពួកគេ​នឹង​បន្តវេន​ស្នេហា​បែបណា រវាង​វ័យ​ជំនាន់ X ដែល​ថែរក្សា​សេចក្ដីស្នេហា​ឱ្យ​ស្ថិតស្ថេរ និង​វ័យ​ជំនាន់ Y ដែល​យល់ថា ការរៀប​ការ មិនមែនជា​សារៈសំខាន់​ក្នុង​ជីវិត​ត​ទៀតឡើយ តែ​ជាការ​មាន​ស្នេហា​ដ៏​ពិតប្រាកដ​ទៅវិញ​ទេ ទើប​ធ្វើឱ្យ​ជីវិត​គូ​រស់រាន​ទៅមុខ​បាន៕

រៀបរៀង​ដោយ​អ្នកគ្រូ ឆវី

Advertisement