កំលោះ​ជាង ៤០% នៅ ជប៉ុន មិន​ធ្លាប់​មានការ​ណាត់ជួប​មិត្តស្រី​សូម្បី​តែម្ដង

យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​បំផុត​របស់ រាជរដ្ឋាភិបាល​ជប៉ុន ស្ដីពី​ស្ថានការណ៍​អាពាហ៍ពិពាហ៍​រប​ស់បុរ​ស​ពេញវ័យ​នៅ ជប៉ុន ដែល​ទើប​ត្រូវបាន​ចុះផ្សាយ​កាលពី​ព្រឹក​នេះ (១៤ មិថុនា) បង្ហាញថា តួលេខ​នៃ​បុរស​ពេញវ័យ​របស់​ប្រទេស​នេះ មាន​ភរិយា ឬ​គូស្នេហ៍ មាន​កម្រិត​ទាប​គួរឱ្យ​ភ្ជា​ក់​ផ្អើល។

ការស្រាវជ្រាវ​បានឱ្យដឹងថា ៧០% នៃ​កំលោះ​ជនជាតិ​ប៉ុន ដែលមាន​វ័យ​ចាប់ពី ២០ ដល់ ៣០ ឆ្នាំ មិនទាន់មាន​ភរិយា ឬ​សង្សារ។ ជាង ៤០% ក្នុងចំណោម​តួលេខ​ខាងលើ មិន​ធ្លាប់បាន​ណាត់ជួប​មិត្តស្រី​សូម្បី​តែម្ដង។ ចំពោះ​នារី​វិញ អត្រា​នៃ​អ្នក​មិនទាន់មាន​ស្វាមី ឬ​សង្សារ គឺមាន​ត្រឹម ៥០%។

បកស្រាយ​ចំពោះ​បញ្ហា​នេះ រដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រជាជន របស់ ជប៉ុន បានឱ្យដឹងថា មួយ​ក្នុងចំណោម​បណ្ដា​មូលហេតុ​នោះ​គឺ​បញ្ហា​ប្រាក់ចំណូល។ ក្រៅពីនេះ ការដែល​មាន​ពេល​ជួបគ្នា​តិចតួច ខណៈដែល​ការចំណាយ​ពេល​លើ​ខ្លួនឯង​ច្រើនជាង ក៏​រួមចំណែក​ធ្វើឱ្យ​បញ្ហា​ខាងលើ​កើតឡើង​ផងដែរ។

នេះ​គឺជា​បាតុភូត​គួរឱ្យ​ព្រួយបារម្ភ​សម្រាប់ ប្រទេស​ជប៉ុន ដែល​បច្ចុប្បន្ន​ត្រូវ​ប្រឈម​នឹង​អត្រា​បង្កើតកូន​កម្រិត​ទាប ខណៈដែល​ចំនួន​ប្រជាពលរដ្ឋ​ចាស់​ចេះតែ​កើនឡើង​ច្រើន។

បើទោះជា ជប៉ុន បាន​ប្រឹងប្រែង​លើកឡើង​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ដល់​ការបង្កើន​តួលេខ​ប្រជាជន ប៉ុន្តែ ហាក់​មិនទាន់​កែលម្អ​ស្ថានការណ៍​បាន​ច្រើន​នៅឡើយ ព្រោះ​បញ្ហា​នេះ​ភាគច្រើន​អាស្រ័យ​លើ​ការគិត​របស់​បុគ្គលម្នាក់៕

Advertisement